Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រជាជន​ឡាវ​មកប្រើប្រាស់ និង​សេវា​ពិនិត្យ​ព្យាបាល​អ្នកញៀន​គ្រឿងញៀន​នៅ​តាម​មណ្ឌល​សុខភាព​ខេត្ត​ព្រះវិហារ​

spot_img

​ព្រះវិហារ ​៖ ​សេវា​សុខភាព​នៅ​ខេត្ត​ព្រះវិហារ​ត្រូវបាន​ប្រជាជន​ឡាវ​មកប្រើប្រាស់ និង​សេវា​ពិនិត្យ​ព្យាបាល​អ្នកញៀន​គ្រឿងញៀន​ដោយ​ផ្អែក​លើ​សហគមន៍​នៅ​ខេត្ត​ព្រះវិហារ ត្រូវបាន​លើកទឹកចិត្ត​ជំរុញ​ឲ្យ​បង្កើត ។​

​នាយកដ្ឋាន​សុខភាព​ផ្លូវចិត្ត​និង​ការបំពាន​គ្រឿងញៀន​នៃ​ក្រសួង​សុខាភិបាល ផ្សព្វផ្សាយ​នា​ថ្ងៃទី​៣​ខែ​មេសា​នេះ​ថា បាន​ក្រោម​ការណែនាំ​និង​យកចិត្តទុកដាក់​ខ្ពស់​របស់​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង​លោក​សាស្ត្រាចារ្យ អេង ហួត រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល នាយកដ្ឋាន​សុខភាព​ផ្លូវចិត្ត និង​ការបំពាន​គ្រឿងញៀន​នៃ​ក្រសួង​សុខាភិបាល បាន​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះវិហារ រៀបចំ​វគ្គ​បណ្តុះបណ្តាល​ថ្មី​ជា​បន្ទាន់​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់​ក្នុង​ការបើក​ដំណើរការ​សេវា​ពិនិត្យ និង​ព្យាបាល អ្នកញៀន​គ្រឿងញៀន​ដោយ​ផ្អែក​លើ​សហគមន៍ នៅតាម​មណ្ឌល​សុខភាព​ដោយ​នៅ​ក្នុង​នោះ​ក៏​មាន​ការចុះពិនិត្យ​ការងារ​ផ្តល់​សេវា​សុខភាព​នៅ​ភូមិ​កំពង់​ស្រឡៅ​១ ភូមិ​អានសេះ និង​ភូមិ​ឈើទាល​គង ដែល​ជា​ភូមិ​ត្រូវបាន​កំណត់​ក្នុង​ផែនការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ដើម្បី​ប្រែក្លាយ​ភូមិ​ទាំង​នេះ​ជា​ភូមិ​គំរូ​គ្មាន​គ្រឿងញៀន “​ភូមិ​ស​” សម្រាប់​ពង្រីក​បន្ត​ទៅ​បង្កើត​ភូមិ​ស​នៅ​ភូមិ​ដទៃ​ទៀត​ដែល​ស្ថិតនៅ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ និង​ឡាវ​។​

​នៅ​ថ្ងៃ​ចន្ទ ទី​២ ខែ​មេសា ឆ្នាំ​២០១៨ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន អគ្គនាយក​បច្ចេកទេស​សុខាភិបាល បាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី ក្នុង​ពិធី​បើក​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តីពី​សុខភាព​ផ្លូវចិត្ត និង​ការផ្តល់​សេវា​ពិនិត្យ​ព្យាបាល​អ្នកញៀន​គ្រឿងញៀន សម្រាប់​គ្រូពេទ្យ​និង​គិលានុបដ្ឋាក ម៉ូ​ឌុល​៤ អញ្ជើញ​មក​ពី​មណ្ឌល​សុខភាព​នានា​និង​មន្ទីរពេទ្យបង្អែក​នៃ​ខេត្ត​ព្រះវិហារ​។ សិក្ខាសាលា​នេះ​ប្រព្រឹត្ត​ទៅ​ចំនួន ៤ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ២ ដល់​ថ្ងៃ​ទី ៥ ខែ មេសា ឆ្នាំ ២០១៨ នៅ​ភោជនីយដ្ឋាន​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដោយ​មាន​ការឧបត្ថម្ភ​ពី​ថវិកាជាតិ​។ សមាសភាព​សិក្ខាកាម​ចូលរួម​វគ្គ គឺជា​វេជ្ជបណ្ឌិត គ្រូពេទ្យ​ព្យាបាល និង​គិលានុបដ្ឋាក​-​យិ​កា មក​ពី​មន្ទីរពេទ្យ​បង្អែក​ខេត្ត ១៦ មករា មន្ទីរពេទ្យបង្អែក​ជាំ​ក្សាន្ត មណ្ឌល​សុខភាព​ឆែ​ប មណ្ឌល​សុខភាព​ចំរើន មណ្ឌល​សុខភាព​ស្អាង មណ្ឌល​សុខភាព​កំពង់​ស្រឡៅ មណ្ឌល​សុខភាព​ស្រ​អែម មណ្ឌល​សុខភាព​កោះ​កេរ្តិ៍ មណ្ឌល​សុខភាព​រៀង មណ្ឌល​សុខភាព​គូលែន និង​មណ្ឌល​សុខភាព​ត្បែង ។​

​នៅក្នុង​ឱកាស​ប្រកាស​បើក​វគ្គ​សិក្ខាសាលា​នេះ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន អគ្គនាយក​បច្ចេកទេស​សុខាភិបាល បាន​លើកឡើង​ថា ការព្យាបាល​អ្នកញៀន​គ្រឿងញៀន​ដោយ​ផ្អែក​លើ​សហគមន៍ គឺជា​ជម្រើស​ដ៏​សមស្រប​មួយ​សម្រាប់​បរិបទ​នៃ​ប្រទេស​កម្ពុជា​សម្រាប់​អ្នក​ញៀន​គ្រឿងញៀន​មក​ទទួល​សេវា ដោយ​ស្ម័គ្រចិត្ត ហើយក៏​ជា​យន្តការ​ព្យាបាល​មួយ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ មាន​ភាព​ត​ភ្ជាប់​គ្នា​រវាង​មន្ទីរពេទ្យបង្អែក មណ្ឌល​សុខភាព និង​សហគមន៍​មូលដ្ឋាន ដែល​ជា​សេវា​ស្ថិត​នៅ​កៀក​នឹង​ប្រជាពលរដ្ឋ និង​ត្រូវ​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ ជំរុញ​ការប្រើប្រាស់​សេវា​ទាំងនេះ​ផងដែរ​។​

​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការពិនិត្យ និង​ព្យាបាល​អ្នក​ជំងឺផ្លូវចិត្ត និង​អ្នកញៀន​គ្រឿងញៀន ស្រប​នឹង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើ​ក​ទី​៣ និង​ចូលរួម​អនុវត្តន៍​ផែនការ​ឃុំ “​ស​” គ្មាន​គ្រឿងញៀន​របស់​រាជរដ្ឋាភិបាល បន្ទាប់ពី​ចប់​កម្មវិធី​បើក​វគ្គ​សិក្ខាសាលា​ខាងលើ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន អគ្គនាយក​បច្ចេកទេស​សុខាភិបាល អមដំណើរ​ដោយ​លោក​វេជ្ជបណ្ឌិត គង់ ឡូ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះវិហារ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សួរសុខទុក្ខ​បុគ្គលិក​សុខាភិបាល ដែល​កំពុង​ផ្តល់​សេវា​ពិនិត្យ​ព្យាបាល​នៅតាម​តំបន់​ព្រៃ​ដាច់ស្រយាល ដូចជា​មន្ទីរពេទ្យ​បង្អែក​ជាំ​ក្សាន្ត មណ្ឌល​សុខភាព​កំពង់​ស្រឡៅ មណ្ឌល​សុខភាព​ស្រ​អែម មណ្ឌល​សុខភាព​តេជោ​បុស្ស​ស្បូវ មណ្ឌល​សុខភាព​តេជោ​មរកត (​មុំ ៣ ព្រំដែន​កម្ពុជា ថៃ ឡាវ ) ព្រមទាំង​បាន​ចុះ​ពិនិត្យ​មើល​ទីតាំង​ដែល​ត្រូវ​បង្កើត​មណ្ឌល​សុខភាព​ថ្មី​ឈ្មោះ​ឈើទាល​គង ក្នុងស្រុក​ជាំ​ក្សាន្ត និង​ទីតាំង​ដែល​ត្រូវ​សាងសង់​ប៉ុស្តិ៍​ចត្តា​ឡីស័​កនៅ​ច្រក​អានសេះ​ព្រំដែន​កម្ពុជា​-​ថៃ​។ លោកស្រី​អគ្គនាយក​បច្ចេកទេស​សុ​ខា​ភិបាល បាន​ថ្លែង​នូវ​ការកោតសរសើរ​ដល់​ម​ន្រី្ត​សុខាភិបាល​ទាំងអស់​ដែល​បាន​យកចិត្តទុកដាក់​ក្នុង​ការផ្តល់​សេវា​ពិនិត្យ​ព្យាបាល​ដល់​អ្នកជំងឺ​ប្រកប​ដោយ​ក្រមសីលធម៌ គុណធម៌ និង​មាន​ការលះបង់​ខ្ពស់​បំផុត​ទោះជា​នៅ​ឃ្លាត​ឆ្ងាយ​ពី​ក្រុម​គ្រួសារ​ផ្ទាល់ខ្លួន​ក៏ដោយ ដើម្បី​បាន​បម្រើ​សេវា​ជូន​ដល់​ប្រជាជន​នៅតាម​តំបន់​ព្រៃ​ដាច់ស្រយាល​ទាំងនេះ​។ ជាពិសេស លោកស្រី សូម​សំដែង​នូវ​ការកោតសរសើរ​និង​គោរព​បំផុត ចំពោះ​វីរ​:​ភាព​លះបង់ និង​ទឹកចិត្ត​អង់អាច​តស៊ូ​រស់នៅ​ទោះជា​មាន​ការខ្វះខាត​លំបាក​យ៉ាងណាក៏ដោយ នៃ​បុគ្គលិក​មណ្ឌល​សុខភាព​តេជោ​បុស្ស​ស្បូវ និង​មណ្ឌល​សុខភាព​តេជោ​មរកត ដែល មាន​ទីតាំង​ស្ថិតនៅ​លើ​ជួរ​ភ្នំ​ដងរ៉ែក ទិស​ខាងជើង​ជាប់​ព្រំដែន​ឡាវ និង​ថៃ ដែល​ទីតាំង​មណ្ឌល​សុខភាព​ទាំងនេះ មាន​ការលំបាក​ទាំង​ក្នុង​ការរស់នៅ និង​ការធ្វើដំណើរ និង​ការភ្ជាប់​ទំនាក់ទំនង​ប្រព័ន្ធ​ទូរគមនាគមន៍ តែ​ក្រុម​បុគ្គលិក​ពេទ្យ​ជា​ពិសេស​នារីៗ នៅតែ​មាន​ឆន្ទះ​ប្តូរ​ផ្តាច់ផ្តល់​សេវា​ពិនិត្យ ព្យាបាល ជំងឺ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ទីនោះ​គ្រប់​កាលៈទេសៈ និង​មាន​សេវា​២៤​ម៉ោង​លើ​២៤​ម៉ោង​ផង​ដែរ​។ ដោយ​ទឹកចិត្ត​គោរព​នូវ​ទង្វើ​ដ៏​ល្អ​ប្រពៃ​របស់​ក្រុម​បុគ្គលិក​សុខាភិបាល​ទាំងនេះ និ​ង​ដោយ​ក្តី​អាណិត​ស្រឡាញ់​នូវ​គំរូ​វីរ​:​ភាព ព្រមទាំង​ជួយ​សម្រាល​ទុក្ខ​លំបាក​ខ្លះៗ និង​ជា​ការលើកទឹកចិត្ត​ផង​ដែរ​នោះ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន អគ្គនាយក​បច្ចេកទេស​សុខាភិបាល បាន​នាំយក​ម្ហូបអាហារ និង​ទឹក​សុទ្ធ​សម្រាប់​បរិភោគ ព្រមទាំង​បាន​ឧបត្ថម្ភ​ថវិកា ដោយ​ប្រើប្រាស់​ថវិកា​ផ្ទាល់ខ្លួន សរុប​ចំនួន ៥០០ ដុល្លា​សហរដ្ឋអាមេរិក (​ដោយ​បាន​ជូន​ផ្ទាល់​ដៃ​នូវ​ទឹកប្រាក់ ចំនួន ១០០ ដុល្លា​សហរដ្ឋអាមេរិក ក្នុង​មួយ​មណ្ឌល​សុខភាព​សម្រាប់​មណ្ឌល​សុខភាព​តេជោ​បុស្ស​ស្បូវ និង​មណ្ឌល​សុខភាព​តេជោ​មរកត និង​ជូន​ថវិកា​ចំនួន ២០ ម៉ឺន​រៀល​ដល់​ក្រុមគ្រូពេទ្យ​នៃ​មណ្ឌល​សុខភាព​ស្រ​អែម និង​ជូន​អ្នកជំងឺ​ក្រីក្រ​និង​កុមារ ដែល​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​និង​មណ្ឌល​សុខភាព​ដែល​លោកជំទាវ​បាន​ចុះ​ពិនិត្យ​ផ្ទាល់​មួយចំនួន​ផងដែរ​)​។​

​គួរកត់សម្គាល់​ផងដែរ​ថា កាលពី​ថ្ងៃអាទិត្យ ទី​១ ខែ​មេសា ឆ្នាំ​២០១៨ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​អញ្ជើញ​ចុះ​ពិនិត្យ​សេវា​ព្យាបាល​នៅ​មណ្ឌល​សុខភាព កំពង់​ស្រឡៅ ស្ថិតក្នុង​ភូមិ​កំពង់​ស្រឡៅ​១ ឃុំ​កំពង់​ស្រឡៅ ស្រុក​ឆែប ដែល​មាន​ចំងាយ ១៤៥ គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តព្រះវិហារ មាន​ព្រំដែន​ទឹក​ប្រមាណ ៥០ គីឡូម៉ែត្រ ជាប់​ជាមួយ​ភូមិ​កោះ​ស្មៅ ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ ។ អ្វី​ដែល​គួរឲ្យ​មោទនភាព​នោះ គឺ​មណ្ឌល​សុខភាព​នេះ​មាន​ប្រជាជន​ឡាវ​ជាច្រើន​នាក់ បាន​ឆ្លង​ទូក​ពី​ប្រទេស​ឡាវ​មក​ទទួល​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ ជា​រៀងរាល់​ខែ​ប្រមាណ​ជា​៦០​នាក់​។ នេះ​សបញ្ជាក់​ឲ្យឃើញ​ថា សេវា​សុខាភិបាល​កម្ពុជា ត្រូវបាន​ទទួលស្គាល់​គុណភាព​ដោយ​ប្រទេសជិតខាង ហើយ​ដោយ​សង្កេតឃើញ​ថា​មន្ត្រី​មណ្ឌល​សុខភាព មាន​សាមគ្គី​ល្អ ខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​ផ្តល់​សេវា​បានល្អ និង​ជួប​ការលំបាក​ក្នុង​ការបញ្ជូន​អ្នកជំងឺ​ដែល​មាន​សភាព​ធ្ងន់ធ្ងរ​នោះ និង​ដើម្បី​ជា​ការចូលរួមចំណែក​ដោះស្រាយ​សំរាល​បញ្ហា​លំបាក​នេះ​ខ្លះៗ លោកជំទាវ​អគ្គនាយក​បច្ចេកទេស​សុ​ខា​ភិបាល បាន​ជូន​ប្រេងម៉ាស៊ូត​ដែល​ជា​ថវិកា​ផ្ទាល់​ខ្លួន​ចំនួន​១០០​លីត្រ សម្រាប់​ចាក់​រថយន្ត​គិលាន​សង្គ្រោះ ដឹក​បញ្ជូន​អ្នកជំងឺ​ពី​មណ្ឌល​សុខភាព​នេះ ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្តព្រះវិហារ​ផងដែរ​។​

​ទោះជា​យ៉ាងនេះក្តី លោកស្រី​អគ្គនាយក​បច្ចេកទេស​សុ​ខា​ភិបាល បាន​ជំរុញ​ឱ្យ​បុគ្គលិក​សុខាភិបាល​ទាំងអស់​ត្រូវ​ពង្រឹង និង​បន្ត​ការយកចិត្តទុកដាក់​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​ល្អប្រសើរ​ព្រមទាំង​ធានាបាន​នូវ​ប្រសិទ្ធភាព​ការងារ និង​ពង្រឹង​ការគ្រប់គ្រង​ឱសថ​ឱ្យ​មាន​គ្រប់គ្រាន់​ស្របតាម​តម្រូវការ​ប្រើប្រាស់ ជាក់ស្តែង​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

  

spot_img
×