Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បារាំង កោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួន នៅសហរដ្ឋអាមេរិក និងអូស្រ្ដាលី ជុំវិញជម្លោះកិច្ចព្រមព្រៀង Aukus

spot_img

រដ្ឋធានីប៉ារីស ៖ រហូតមកដល់ពេលនេះ បារាំង បានខឹងសម្បាយ៉ាងខ្លាំង ជុំវិញកិច្ចព្រមព្រៀង Aukus នាំឲ្យអូស្រ្ដាលីលុបចោលកុងត្រាសាងសង់នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ មានតម្លៃ៥០ពាន់លានដុល្លារជាមួយបារាំង ហើយរដ្ឋាភិបាលទីក្រុងប៉ារីស បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួន ប្រចាំនៅសហរដ្ឋអាមេរិក និង អូស្រ្ដាលី ឲ្យវិលត្រឡប់មកកាន់ប្រទេសរបស់ខ្លួនវិញ ដើម្បីប្រឆាំងតវ៉ានឹងសកម្មភាពរបស់រដ្ឋាភិបាលកង់បេរ៉ា។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ថា បារាំងបានបញ្ជាក់ថា ខ្លួននឹងកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួន ប្រចាំនៅសហរដ្ឋអាមេរិក និងអូស្ដ្រាលី ដើម្បីមកពិគ្រោះយោបល់ ប្រឆាំងនឹងកិច្ចព្រមព្រៀងសន្តិសុខ ដែលរួមបញ្ចូលទាំងចក្រភពអង់គ្លេស ផងដែរ។ កិច្ចព្រមព្រៀង រវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្ដាលី ដែលគេហៅ « Aukus» ត្រូវបានប្រកាសឡើង កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។ នេះជាកិច្ចព្រមព្រៀងសន្ដិសុខប្រវត្ដិសាស្រ្ដថ្មីមួយ រវាងប្រទេសទាំង៣នេះ។

បើតាមកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នឹងចែករំលែកបច្ចេកវិទ្យាលើវិស័យការពារជាតិរបស់ពួកគេ ជួយដល់អូស្រ្ដាលី ឲ្យមានសមត្ថភាពកសាងនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរជាច្រើនគ្រឿង សម្រាប់កងទ័ពជើងទឹករបស់ប្រទេសនេះ។ ដោយសារតែ Aukus នេះ ទើបអូស្រ្ដាលីបានសម្រេចចិត្ត លុបចោលកុងត្រាសាសង់នាវាមុជទឹក ដែលមានតម្លៃ៥០ពាន់លានដុល្លារសហរដ្ឋអាមេរិក ជាមួយនឹងបារាំង ទើបធ្វើឲ្យរដ្ឋាភិបាលទីក្រុងប៉ារីសខឹងសម្បាយ៉ាងខ្លាំង។

លោក ហ្សង់ អ៊ីវ ឡឺ ទ្រីយ៉ុង (Jean-Yves Le Drian) រដ្ឋមន្ត្រីការបរទេសបារាំង បានថ្លែង កាលពីថ្ងៃទី១៧ ខែកញ្ញា (វេលានៅទីក្រុងប៉ារីស) ថា «បារាំងបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួន ប្រចាំនៅសហរដ្ឋអាមេរិក និងអូស្រ្ដាលី ឲ្យវិលត្រឡប់មកកាន់ប្រទេសរបស់ខ្លួនវិញ។ នេះជាការសម្រេចចិត្តដ៏កម្រកើតមានបំផុត ត្រូវបានធ្វើឡើង ដោយលោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង ដោយយោងទៅតាមស្ថានភាពធ្ងន់ធ្ងរ នៃបញ្ហានេះ»។

លោក Jean-Yves Le Drian បានគូសបញ្ជាក់ថា «ការបោះបង់ចោលគម្រោងទិញនាវាមុជទឹក (បារាំង)… និងការប្រកាសភាពជាដៃគូថ្មីជាមួយសហរដ្ឋអាមេរិក ដែលមានគោលបំណង បើកការស្រាវជ្រាវថ្មី សម្រាប់កិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរថ្មី (ការជួយអូស្ត្រាលី ឲ្យទទួលបានបច្ចេកវិទ្យាផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ពីសំណាក់អាមេរិក និងអង់គ្លេស) នាពេលអនាគត ជាអាកប្បកិរិយា មិនអាចទទួលយកបានឡើយ ក្នុងនាមប្រទេសជាសម្ពន្ធមិត្តនឹងគ្នា។ ករណីនេះជាផលវិបាកដ៏ធ្ងន់ធ្ងរមួយ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងបំផុតទៅដល់សម្ពន្ធភាពរបស់យើង និងភាពជាដៃគូដ៏មានសារសំខាន់ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សម្រាប់សហភាពអឺរ៉ុប»។

ក្រោយការប្រកាសកិច្ចព្រមព្រៀង Aukus កាលពីថ្ងៃព្រហស្បតិ៍ (ទី១៦ ខែកញ្ញា ឆ្នាំ២០២១)នេះ អូស្ត្រាលីបានប្រកាសលុបចោល គម្រោងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលមានតម្លៃជាទឹកប្រាក់ ៥០ពាន់លានដុល្លារ ជាមួយក្រុមហ៊ុន ណាវ៉ាល់ គ្រុប (Naval Group) នៅក្នុងប្រទេសបារាំង។ ឥឡូវ អូស្រ្ដាលី បានយកគម្រោងផលិតនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរដដែលនេះ មកផលិត ក្រោមបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក និងចក្រភភពអង់គ្លេស តាមរយៈកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី (A-UK-US)៕ រក្សាសិទ្ធិដោយ៖សារាយSN

spot_img
×