Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ពីថ្ងៃទី២០-២៣ ខែកញ្ញា អាកាសធាតុមានការប្រែប្រួលខ្លាំង ដោយប្រព័ន្ធសម្ពាធទាបចាប់កើតសារជាថ្មី

spot_img

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងនៅថ្ងៃទី១៨ ខែកញ្ញានេះថា បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានជាប្រចាំលើស្ថានភាពអាកាសធាតុរួចមក បានបង្ហាញឲ្យឃើញថា បច្ចុប្បន្នកម្ពុជា បាននិងកំពុងបន្តទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ ដែលធ្វើឲ្យភ្លៀងនៅតែបន្តមានក្នុងកម្រិតពីតិចទៅមធ្យម។

ក្រសួងបានបញ្ជាក់ថា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ អាកាសធាតុមានការប្រែប្រួលខ្លាំង ដោយប្រពន្ធ័សម្ពាធទាបចាប់កើតសារជាថ្មី ភ្ជាប់ជាមួយនឹងសម្ពាធទាបសកម្ម ដែលបច្ចុប្បន្ននៅក្នុងសមុទ្រចិនខាងត្បូង នឹងអូសកាត់បញ្ឆិតព្រះរាជាណាចក្រកម្ពុជាផ្នែកខាងជើង ដែលអាចនឹងធ្វើឲ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំង ។

ទន្ទឹមនឹងនេះ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០២១ នឹងអាចមានវិសម្ពាធមួយកើតឡើងនៅសមុទ្រចិនខាងត្បូង នឹងអាចបង្កើនឥទ្ធិពលរបស់ខ្លួនទៅជាកូនព្យុះទី១៥ នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២១ ដោយធ្វើដំណើរឆ្ពោះមកប្រទេសវៀតណាម ដែលនឹងអាចមានឥទ្ធិពលគួរឲ្យកត់សំគាល់ នៅតំបន់ភាគឦសានរបស់កម្ពុជា ។

យោងតាមការព្យាករ លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១ មានស្ថានភាព ដូចខាងក្រោម ៖

១- តំបន់វាលទំនាប ៖ ផ្ទៃមេឃមានពពកច្រើន មានភ័ព្ទ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យម ទៅខ្លាំង ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ ។

២- តំបន់ខ្ពង់រាប ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ ៖ ផ្ទៃមេឃអាប់អួរមានពពកច្រើន អ័ព្ទផ្សែង នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅច្រើន នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ (ស្រុកវាលវែង) ឧត្ដរមានជ័យ ព្រះវិហារ និងខេត្តកំពង់ធំ តាមរយៈស្ទឹងសែន ដែលអាចនឹងបង្កទៅជាជំនន់ ។

៣- តំបន់មាត់សមុទ្រ ៖ ផ្ទៃមេឃអាប់អួរមានពពកច្រើន អ័ព្ទផ្សែង នឹងអាចមានភ្លៀងធ្លាក់ រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅខ្លាំងលាយឡំជាមួយខ្យល់កន្ត្រាក់មានល្បឿនមធ្យម ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខេត្តកោះកុង ពិសេសផ្លូវជាតិលេខ ៤ អាចគំរាមកំហែងដោយជំនន់ទឹកភ្លៀង។ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀង ខ្យល់ និងរលកសមុទ្រមានកម្ពស់មធ្យម ។

យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម ឲ្យប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។
ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើ បាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុមានការប្រែប្រួល៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×