Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងយុត្តិធម៌ បង្កើតក្រុមការងាររៀបចំបទដ្ឋានគតិយុត្ត ទាក់ទងនឹងលក្ខន្តិកៈនៃសារការី ក្រឡាបញ្ជី និងអាជ្ញាសាលា

spot_img

ភ្នំពេញ៖ក្រសួងយុត្តិធម៌បានចេញសេចក្តីសម្រេចលេខ ២៤ក.យ.សសរ/២១ ស្តីពីការបង្កើត ក្រុមការងារដឹកនាំការរៀបចំបទដ្ឋានគតិយុត្តទាក់ទងនឹងលក្ខន្តិកៈនៃសារការី ក្រឡាបញ្ជី និងអាជ្ញាសាលា ។ នេះបើតាមសេចក្ដីសម្រេចរបស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រី្តក្រសួងយុត្តិធម៌ ថ្ងៃទី១៧ កញ្ញា។

សេចក្ដីសម្រេចបានបញ្ជាក់ថា ឯកឧត្តម កើត រិទ្ធ ជាប្រធាននៃក្រុមការងាររៀបចំបទដ្ឋានគតិយុត្តទាក់ទងនឹងលកក្ខន្តិកៈនៃសារការី ក្រឡាបញ្ជី និងអាជ្ញាសាលា។ ចំណែក ឯកឧត្តមសួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាប្រធាន ក្រុមបច្ចេកទេសស្រាវជ្រាវនិងកែសម្រួល។

ឯកឧត្តម កើត រិទ្ធ បញ្ជាក់ថា ប្រធានក្រុមការងារបច្ចេកទេស អាចស្នើសុំទៅប្រធានរៀបចំបទដ្ឋានគតិទាក់ទងនឹងលក្ខន្តិកៈនៃសារការី ក្រឡាបញ្ជី និងអាជ្ញាសាលា ដើម្បីកែសម្រួលលក្ខន្តិកៈផ្សេងៗ។ ជាមួយគ្នាដែរ ប្រធានបច្ចេកទេសក៏អាចចាត់តាំងសមាសភាពបន្ថែមនៅក្នុងក្រុមរបស់ខ្លួនបានដែរ។
ប្រធានក្រុមបច្ចេកទេស អាចអញ្ជើញតំណាងស្ថាប័នពាក់ព័ន្ធ សាស្រ្តចារ្យ អ្នកជំនាញជាតិនិងអន្តជាតិ ដើម្បីពិគ្រោះយោបល់លើបញ្ហាណាមួយដែលទាក់ទងនឹងកិច្ចការរបស់ក្នុងក្រុម។

ក្រុមការងារដឹកនាំការរៀបចំបទដ្ឋានគតិយុត្តទាក់ទងនឹងលក្ខន្តិកៈនៃសារការី, ក្រឡាបញ្ជី និងអាជ្ញាសាលា មានក្រុមការងារបច្ចេកទេសមួយ ដែលទទួលបន្ទុកសិក្សាស្រាវជ្រាវ រៀបចំ និងកែសម្រួលបទដ្ឋានគតិយុត្ត ទាក់ទងនឹងលក្ខន្តិកៈនៃសារការីក្រឡាបញ្ជី និងអាជ្ញាសាលា ជាសេនាធិការ។

ក្រុមការងារបច្ចេកទេសមានភារកិច្ចដូចតទៅ៖

-សិក្សាស្រាវជ្រាវលើច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងឧត្តមានុវត្តន៍ជាតិ និងអន្តរជាតិនានា សម្រាប់ ជាមូលដ្ឋានក្នុងការពិនិត្យ រៀបចំ និងកែសម្រួលបទដ្ឋានគតិយុត្តទាក់ទងនឹងលក្ខន្តិកៈនៃសារការីក្រឡាបញ្ជី និងអាជ្ញាសាលា។

-សិក្សាស្រាវជ្រាវ និងរៀបចំបទដ្ឋានគតិយុត្តទាក់ទងនឹងលក្ខន្តិកៈនៃសារការី និងក្រឡាបញ្ជី ពិនិត្យ និងផ្តល់យោបល់ជាធាតុចូលបន្ថែមលើសេចក្តីព្រាងច្បាប់ស្តីពីអាជ្ញាសាលា។

-សិក្សាស្រាវជ្រាវ និងលើកយោបល់ទាក់ទងនឹងសង្គតិភាព និងអនុលោមភាពគតិយុត្តរវាងបទដ្ឋាន
គតិយុត្តទាក់ទងនឹងលក្ខន្តិកៈសារការី, ក្រឡាបញ្ជី និងសេចក្តីព្រាងច្បាប់ស្តីពីអាជ្ញាសាលា ធ្វើកិច្ចសហការតាមការចាំបាច់ជាមួយដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ ដើម្បីរៀបចំបទដ្ឋានគតិយុត្ត ទាក់ទងនឹងលក្ខន្តិកៈនៃសារការី, ក្រឡាបញ្ជី និងអាជ្ញាសាលា។

-ធ្វើរបាយការណ៍ជាប្រចាំអំពីវឌ្ឍនភាពការងារជូនប្រធានក្រុមការងារដឹកនាំការរៀបចំបទដ្ឋានគតិយុត្ត
ទាក់ទងនឹងលក្ខន្តិកៈនៃសារការី, ក្រឡាបញ្ជី និងអាជ្ញាសាលា។

-បំពេញការងារផ្សេងទៀត តាមការប្រគល់ភារកិច្ចពីប្រធានក្រុមការងារដឹកនាំការរៀបចំបទដ្ឋាន គតិយុត្តទាក់ទងនឹងលក្ខន្តិកៈនៃសារការី, ក្រឡាបញ្ជី និងអាជ្ញាសាលា។

ដើម្បីធានាប្រសិទ្ធភាពនៃការបំពេញភារកិច្ចរបស់ខ្លួន ប្រធានក្រុមការងារបច្ចេកទេសអាចស្នើសុំការ សម្រេចពីប្រធានក្រុមការងារដឹកនាំការរៀបចំបទដ្ឋានគតិយុត្តទាក់ទងនឹងលក្ខន្តិកៈនៃសារការី ក្រឡាបញ្ជី និងអាជ្ញាសាលា ដើម្បី៖

  • បង្កើតផ្នែកចំណុះមួយចំនួនតាមការចាំបាច់ ដើម្បីទទួលបន្ទុកសិក្សាស្រាវជ្រាវ រៀបចំ និងកែសម្រួល បទដ្ឋានគតិយុត្តទាក់ទងនឹងលក្ខន្តិកៈនៃសារការី, ក្រឡាបញ្ជី និងអាជ្ញាសាលា។

-ចាត់តាំងសមាសភាពបន្ថែមទៅក្នុងក្រុមការងារបច្ចេកទេស។

  • អញ្ជើញតំណាងស្ថាប័នពាក់ព័ន្ធ សាស្ត្រាចារ្យ អ្នកជំនាញការជាតិ ឬអន្តរជាតិ ដើម្បីពិគ្រោះយោបល់ លើបញ្ហាណាមួយដែលទាក់ទងនឹងភារកិច្ចរបស់ខ្លួន៕រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ
spot_img
×