Monday, October 18, 2021

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំប្រជុំដោះស្រាយជាកញ្ចប់ ករណីប្រជាពលរដ្ឋសម្លាប់ពពែតាមផ្ទះ

ភ្នំពេញ ៖ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើការបំភ្លឺករណីមន្ត្រីកសិកម្ម ដែលចុះចាប់យកសាច់ពពែរបស់ប្រជាពលរដ្ឋ និងហាមឃាត់ប្រជាពលរដ្ឋ មិនឲ្យសម្លាប់សត្វពពែយកសាច់ទទួលទាន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំកិច្ចប្រជុំដោះស្រាយជាកញ្ចប់ ទាំងក្របខណ្ឌគោលនយោបាយច្បាប់ និងលខិតបទដ្ឋាននានា ពាក់ព័ន្ធករណីប្រជាពលរដ្ឋសម្លាប់ពពែ នៅតាមផ្ទះរបស់ពួកគាត់។

នៅក្នុង Comments របស់សម្តេចតេជោ ហ៊ុន សែន ទៅនិងការបំភ្លឺរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម នៅថ្ងៃទី១៨ ខែកញ្ញា នេះ គឺសម្តេចសូមឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំការប្រជុំ ដើម្បីរកដំណោះស្រាយជាកញ្ចប់ ដោយត្រូវពិនិត្យមើលក្របខ័ណ្ឌគោលនយោបាយច្បាប់ និងលខិតបទដ្ឋាននានា ដែលចាំបាច់ត្រូវកែសម្រួល ដើម្បីឲ្យស្របជាមួយសភាពការណ៍ និងផល់ប្រយោជន៍ប្រជាជន។

សម្តេចតេជោ ហ៊ុន សែន បានសរសេរ Comments ទៅរដ្ឋមន្ត្រីក្រសួងកសិកម្មយ៉ាងដូច្នេះថា «សូមឯកឧត្តម [រដ្ឋមន្ត្រីកសិកម្ម] ដឹកនាំការប្រជុំ ដើម្បីរកដំណោះស្រាយជាកញ្ចប់ ដោយត្រូវពិនិត្យមើលក្របខ័ណ្ឌគោលនយោបាយច្បាប់ និងលិខិតបទដ្ឋាននានា ដែលចាំបាច់ត្រូវកែសម្រួល ដើម្បីឲ្យស្របជាមួយសភាពការណ៍ និងផល់ប្រយោជន៍ប្រជាជន។ ដំណាក់ការដែលយើងកំពុងស្ថិតនៅ គឺជាដំណាក់ការកសិ-ពាណិជ្ជកម្ម ដែលកសិករយើងមិនគ្រាន់តែដាំដុះ ឬចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារប៉ុណ្ណោះទេ តែក៏ដើម្បីផ្គត់ផ្គង់ទីផ្សារផងដែរ។ ក្នុងពេលជាមួយគ្នាក៏ត្រូវគិតដល់បញ្ហាសុខភាពសាធារណៈ ជំងឺឆ្លងដែលចេញពីសត្វ ដែលធ្វើចរាចរក្នុងទីផ្សារ បញ្ហាអានាម័យ។ល។ ខ្ញុំសុំអរគុណបងប្អូនដែលចូលមកផ្តល់យោបល់ ដែលក្លាយជាធាតុចូលសម្រាប់ការកែលម្អលើរឿងនេះ»។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសុំឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអភិបាលខេត្តធ្វើការស្រាវជ្រាវ និងបំភ្លឺករណីមន្ត្រីកសិកម្មដែលចុះចាប់យកសាច់ពពែ របស់ប្រជាពលរដ្ឋនិងហាមឃាត់ ប្រជាពលរដ្ឋមិនឲ្យសម្លាប់សត្វពពែយកសាច់ទទួលទាន។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅក្នុងហ្វេសប៊ុកផ្លូវការនៅថ្ងៃទី១៨ ខែកញ្ញានេះថា
“តើមន្ត្រីយើងធ្វើដល់ថ្នាក់នេះ ជាមួយប្រជាជនមែនទេ? រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិបាលខេត្តដឹងរឿងនេះឬទេ? តើរាជរដ្ឋាភិបាលមានដែលហាមឃាត់ប្រជាជនមិនអោយសម្លាប់ពពែយកសាច់ជាអាហារពីពេលណាមក ទើបបានជាមន្ត្រីយើងធ្វើមកលើប្រជាជនបែបនេះ? យើងលើកទឹកចិត្តអោយប្រជាជនចិញ្ចឹមសត្វ មិនមែនទុកសម្រាប់ទុកតាំងពិពរណ៍ទេគឺសម្រាប់ជាចំណីអាហារ។
ហេតុអីបានប្រជាជនចិញ្ចឹមសត្វគ្មានសិទ្ធិសម្លាប់សត្វយកសាច់ទទួលទានហើយតម្រូវឱ្យសុំច្បាប់។ បើមានក្នុងច្បាប់គឺត្រូវធ្វើវិសោធនកម្មច្បាប់។ ខ្ញុំមិនដឹងថារូបភាពក្នុងវីដេអូនេះកើតនៅក្នុងខេត្តណាទេ។ “
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន សុំរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្តស្រាវជ្រាវហើយចូលមកបំភ្លឺអោយខ្ញុំតាមហ្វេសបុកនេះ ដើម្បីអោយប្រជាជនបានដឹងជាទូទៅ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសម្តែងនូវការហួសចិត្តនិងអាណិតប្រជាជនជាទីគោរពស្រលាញ់របស់សម្តេច។

ចំណែកឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលទៅឆ្លើយបំភ្លឺនៅក្នុងហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន ថា ” ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ្ញុំសូមអនុញ្ញាតគោរពជម្រាបជូនសម្តេច តេជោ មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា ៖ ការចិញ្ចឹមសត្វ និងការសម្លាប់សត្វក្នុងគោលបំណងដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ គឺពុំមានទោសទណ្ឌ និងមានចែងនៅក្នុងច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ នោះទេ ហើយក៏គ្មានជាប់ពាក់ព័ន្ធទៅការប្រព្រឹត្តបទល្មើសអ្វីដែរ លើកលែងតែការសម្លាប់សត្វក្នុងគោលបំណងធ្វើអាជីកម្មតែប៉ុណ្ណោះ ។
ដោយឡែកទាក់ទងទៅនឹងបញ្ហាខាងលើ ខ្ញុំសង្ឃឹមថា អាជ្ញាធរមូលដ្ឋាន ខេត្តកណ្តាល ដែលបានធ្វើការកិច្ចការនេះផ្ទាល់នឹងផ្តល់ជូនរបាយការណ៍លម្អិត ជូនសម្តេចតេជោបានជ្រាបដ៏ខ្ពង់ខ្ពស់បន្ថែម៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ