Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ស្នើ​អគ្គលេខាធិការ​អាស៊ាន ជួយ​ពង្រឹង​សហគមន៍​អាស៊ាន​

spot_img

​​សៀមរាប​៖ សម្តេច​តេជោ ហ៊ុន សែន បានស្នើ​ដល់​អគ្គលេខាធិការ​អាស៊ាន​ថ្មី ជួយ​ពង្រឹង​សហគមន៍​អាស៊ាន ទាំងមូល​ឡើងវិញ ឲ្យ​ស័ក្តិសម​ជា​សហគមន៍​ដែល​មាន​សំឡេង និង​តម្លៃ​ស្មើមុខស្មើមាត់ ជាមួយ​សហគមន៍​អន្តរជាតិ​នានា ដូចជា សហគមន៍​អឺរ៉ុប​ជាដើម​។​

​នៅ​ព្រឹក​ថ្ងៃ​ពុធ ៤​រោច ខែ​ចេត្រ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោក Dato Lim Jock Hoi អគ្គលេខាធិការ​អាស៊ាន នៅ​សណ្ឋាគារ​សុខា ខេត្តសៀមរាប​។​

​លោក Dato Lim Jock Hoi បាន​មានប្រសាសន៍​ជម្រាបជូន សម្តេច​តេជោ​នាយករដ្ឋមន្ត្រី អំពី​ការពេញចិត្ត​ចំពោះ​ការរីកចម្រើន និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នា​ពេលបច្ចុប្បន្ន​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​។ ទន្ទឹមនឹងនេះ លោក​អគ្គលេខាធិការ នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យអស់​ពី​សមត្ថភាព​ដើម្បី​ពង្រឹង​លេខាធិការដ្ឋាន​អាស៊ាន​ដើម្បី​ជំរុញ​ការងារ​អាស៊ាន​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។

​លោក Dato Lim Jock Hoi ក៏​បាន​ជ្រាប​ជូន សម្តេច​តេជោ​ផងដែរ អំពី​អគារ​ថ្មី​នៃ​លេខាធិការដ្ឋាន​អាស៊ាន ដែល​មាន​ទីតាំង​នៅ​ទីក្រុង ចា​កាតា ប្រទេស​ឥណ្ឌូនេស៊ី ដែល​មាន​កម្ពស់ ១៦​ជាន់​មាន​ទំហំ​ធំ​ទូលាយ​ដែល​អាច​ប្រើ​សម្រាប់​កិច្ចការ​ប្រជុំ​អាស៊ាន​បាន​យ៉ាង​ងាយស្រួល ព្រោះ​យ៉ាងហោចណាស់​ក្នុង​មួយ​ឆ្នាំ​ក៏​មាន​កិច្ចប្រជុំ​ជាង ១៦០០​ដង​។ ទន្ទឹមនឹងនេះ គឺ​អគារ​ថ្មី​នេះ​នឹង​ជួយ​សន្សំសំចៃ​កាត់បន្ថយ​ការចំណាយ ផ្សេងៗ​ពេល​ប្រជុំ​អាស៊ាន​ផងដែរ ។​

​ជា​ការឆ្លើយតប សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​របាយការណ៍​ពាក់ព័ន្ធ នឹង​អគារ​ថ្មី​របស់​លេខាធិការដ្ឋាន​អាស៊ាន​ដែល​ទើប​បាន​រៀបចំ​។ សម្តេច​តេជោ ក៏​បាន​យល់ស្រប ថា​ពិតជា​មាន​ការប្រជុំ​ច្រើន​មែន ក្នុងពេល​ដែល​អាស៊ាន​កំពុង​ជំរុញ​សមាហរណកម្ម​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ស្នើសុំ​ឲ្យ​លោក Dato Lim Jock Hoi អគ្គលេខាធិការ​អាស៊ាន​ថ្មី​នេះ ពិចារណា​ធ្វើយ៉ាងណា​ជំរុញ​ពន្លឿ​នកិច្ចការ​ទាំងឡាយណា​ដែល​ថ្នាក់ដឹកនាំ​កំពូល​បាន​ព្រមព្រៀង​គ្នា​រួច​មក​ហើយ ព្រមទាំង​ស្នើ​ឲ្យមាន​ការយកចិត្ត​ទុកដាក់​ជា​អាទិភាព​ចំពោះ​កិច្ចការ​សមាហរណកម្ម​រ​អាស៊ាន​តែម្តង​ដែលជា​អទិភាព​របស់​កម្ពុជា និង​បណ្តា ប្រទេស​អាស៊ាន​ផងដែរ​។​

​នៅ​ក្នុង​កិច្ចពិភាក្សា​ព្រឹក​មិញ​នេះ សម្តេច​តេជោ បានស្នើ​លោក​អគ្គលេខាធិការ​អាស៊ាន​ជួយ​ជំរុញ​បេក្ខភាព​ប្រទេស​ទីម័​រលេស​ឲ្យ​ឆាប់​បាន​ចូល​សមាជិក​អាស៊ាន​ផងដែរ​។ ប្រសិនបើ​មាន​ការងារ​សំខាន់​ចាំបាច់​ទាំងឡាយណា​ដែល​កម្ពុជា​អាចជួយ​សម្រួល​បាន គឺ​កម្ពុជា​រីករាយ​ចូលរួម​ជានិច្ច​។ លោក​អគ្គលេខាធិការ​អា​ស៊ាន​បាន​យល់ស្រប និង​ទទួលយក​នូវ​សំណើ​លើកឡើង​របស់ សម្តេច​តេជោ ហ៊ុន សែន ហើយ​សន្យា​នឹង​ខិតខំ​ជំរុញ​កិច្ចការ​ទាំងអស់​នេះ​ឲ្យមាន​ដំណោះស្រាយ​បាន​ឆាប់រហ័​ស​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×