Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់ឲ្យ​ដំណើរការ​ជា​បណ្ដោះអាសន្ន​ផ្លូវ​រថ​ភ្លើង​ពី​ក្រុង​ប៉ោយប៉ែត​-​សិរីសោភ័ណ ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃ​ទី​៤ មេសា ដល់​ថ្ងៃ​ទី​១ សីហា ឆ្នាំ​២០១៨

spot_img

​បន្ទាយមានជ័យ​ ៖ នៅ​ថ្ងៃ​ពុធ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពី​ធី​បើក​ឱ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​នូវ​កំណាត់​ផ្លូវ​រថភ្លើង​ពី​ក្រុង​ប៉ោយប៉ែត​(​ព្រំដែន​កម្ពុជា​-​ថៃ​) ទៅ​សិរីសោភ័ណ ដោយ​មាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន តំណាង​ក្រុមហ៊ុន Royal Railway ភ្ញៀវ​ជាតិ អន្តរជាតិ មន្ត្រីរាជការ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ផងដែរ​។​

​កំណាត់​ផ្លូវ​ដែក​ពី​ក្រុង​ប៉ោយ​ប៉ែត ទៅ​សិរីសោភ័ណ​នេះ មាន​ប្រវែង​៤៨​គីឡូម៉ែត្រ មាន​ស្ថានីយ៍​ចំនួន ៦ រួមមាន ស្ថានីយ៍​សិរីសោភ័ណ ស្ថានីយ៍​ទឹកថ្លា ស្ថានីយ៍​សាលា​សំរោង ស្ថានីយ៍​សូ​ភី ស្ថានីយ៍​កូប និង​ស្ថានីយ៍​ប៉ោយ​ប៉ែត ដោយ​ប្រើ​ថេរវេលា​១​ម៉ោង​និង​១៥​នាទី ក្នុង​ល្បឿន​៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​អាច​ផ្ទុក​អ្នកដំណើរ​បាន​ប្រមាណ​១០០​នាក់ ចេញដំណើរ​មួយថ្ងៃ​៣​ជុំ ស្មើនឹង​៦​ជើង​ក្នុង​ជំហាន​ដំបូង​។​

​ការដាក់​ឲ្យ​ដំណើរការ​នូវ​កំណាត់​ផ្លូវ​ដែក​នេះ បាន​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ កសិផល​របស់​ប្រជាកសិករ​ទៅ​កាន់​ទីផ្សារ​គោលដៅ និង​ទាក់ទាញ​ការវិនិយោគ​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ និង​ជា​ច្រក​យុទ្ធសាស្ត្រ​យ៉ាង​សំខាន់​ត​ភ្ជាប់​ផ្លូវ​ដែក​កម្ពុជា​ទៅកាន់​ផ្លូវដែក​ក្នុង​តំបន់​អាស៊ាន ជា​ផ្លូវ​របៀង​សេដ្ឋកិច្ច​ប្រកបដោយ​សក្ដានុពល និង​ជួយ​សម្រួល​ដល់​លំហូរ​នៃ​ការធ្វើ​ពាណិជ្ជកម្ម ទេសចរណ៍ ភស្តុភា​រកម្ម និង​វិនិយោគិន​។ លើសពីនេះទៅទៀត កំណាត់​ផ្លូវ​ដែក​មួយ​ខ្សែ​នេះ បាន​ជួយ​សម្រួល​ដល់​ការកកស្ទះ​ចរាច​រណ៍ គ្រោះ​ថ្នាក់​ចរាចរណ៍ ការខូចខាត​ផ្លូវ និង​ការបំពុល​បរិស្ថាន​ផងដែរ​។​

​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់ថា​៖ ដោយសារ​ប្រទេស​មាន​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ​ពេញលេញ​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើឲ្យ​កំណាត់​ផ្លូវដែក​មួយ​ខ្សែ​នេះ​ត្រូវបាន​ដាក់​ដំណើរការ​ជាថ្មី​ម្តងទៀត​បន្ទាប់ពី​ការ​កាត់ផ្តាច់​ដោយ​សង្គ្រាម​រយៈពេល​៤៥​ឆ្នាំ​។​

​ជាមួយគ្នា​នេះ​ផង​ដែរ លោក​ទេសរដ្ឋមន្ត្រី បាន​សំណូមពរ​ដល់​អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​ដែល​មាន​ភូមិស្ថាន​អម​សងខាង​ផ្លូវដែក​នេះ បន្ត​សហការ​ដើម្បី​ឲ្យ​គម្រោង​នេះ​អាច​សម្រេចបាន​ជោគជ័យ​ជា​ស្ថាពរ និង​ជួយ​ថែរក្សា​សម្បត្តិ​ដ៏​មហាសាល​នេះ​ឲ្យបាន​គង់វង្ស​យូរអង្វែង ព្រមទាំង​ប្រុងប្រយ័ត្ន​ចំពោះ​កូនចៅ​ក៏ដូចជា​សត្វពាហនៈ ដែល​ឆ្លងកាត់​លើ​កំណាត់​ផ្លូវ​នេះ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ផ្សេងៗ​ជាយថាហេតុ​។​

​ដើម្បី​អបអរសាទរ​បុណ្យ​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ខាងមុខ រាជរដ្ឋាភិបាល​កម្ពុជា បានអនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃ​ទី​៤ ខែ​មេសា ដល់ ថ្ងៃទី​១ សីហា ២០១៨៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×