Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ភាព​រីកចម្រើន​នៃ​វិស័យ​ធនាគារ និង​ផ្នែក​ឥណទាន​គេហដ្ឋាន ជួយ​ឲ្យ​អតិថិជន​ទទួលបាន​គេហដ្ឋាន​ផ្ទាល់ខ្លួន​

spot_img

​ភ្នំពេញ​ ៖ ការទិញ​គេហដ្ឋាន​ផ្ទាល់ខ្លួន គឺ​ជា​ការសម្រេចចិត្ត​សំខាន់​បំផុត​មួយ នៅក្នុង​ជីវិត​។ ក្នុងប្រទេស​កម្ពុជា ការអភិវឌ្ឍ​សំណង់​លំនៅស្ថាន មាន​កំណើន​ខ្ពស់​គួរឲ្យកត់សម្គាល់​។ ជាមួយគ្នានេះដែរ យើង​សង្កេតឃើញថា សន្ទុះ​កើនឡើង នៃ​ការស្វែងរក​ឥណទាន​គេហដ្ឋាន ពី​ស្ថាប័ន​ហិរញ្ញវត្ថុ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​គ្រួសារ​វ័យ​កណ្តាល មាន​កម្រិត​មួយ​ខ្ពស់​ផង​ដែរ​។ ផ្អែក​តាម​ស្ថិតិ​ទិន្នន័យ​របស់​ធនាគារជាតិ គិត​ត្រឹម​ខែតុលា ឆ្នាំ​២០១៧ ចំនួន​ទឹកប្រាក់​នៃ​ឥណទាន​គេហដ្ឋាន ក្នុងចំណោម​ធនាគារ​ពាណិជ្ជ និង​ធនាគារ​ឯកទេស មាន​ចំនួន​ជាង ៦ ៣០០ ប៊ី​លាន​រៀល ឬ​ប្រហែល​នឹង ១ ៥៧៥ លាន​ដុល្លារ​អាមេរិក ដែល​កើនឡើង​ប្រមាណ ៤២% បើ​ធៀប​នឹង​ឆ្នាំ​២០១៦​។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​ធនាគារ ស៊ី​អាយ​អិម​ប៊ី នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៨​។​

​អត្រាកំណើន ប្រកប​ដោយ​ភាព​វិជ្ជមាន នៃ​ឥណទាន​គេហដ្ឋាន​នេះ បាន​ជម្រុញ​ឲ្យមាន​ភាព​ប្រកួតប្រជែ​ងកាន់​តែ​ខ្ពស់ និង​សម្បូរបែប ក្នុង​វិស័យ​ធនាគារ ដើម្បី​បំពេញ​តម្រូវការ​អតិថិជន នៅលើ​ទីផ្សារ​បច្ចុប្បន្ន​។ សព្វថ្ងៃនេះ អត្រា​ការប្រាក់ និង​រយៈពេល​នៃ​ឥណទាន ក្នុងប្រទេស​កម្ពុជា គឺ​ប្រហាក់ប្រហែល​ទៅ​នឹង​ទីផ្សារ ក្នុង​តំបន់​អាស៊ាន​ផងដែរ​។ ធនាគារ ស៊ី​អាយ​អិម​ប៊ី ក្នុងប្រទេស​កម្ពុជា តែងតែ​ឈានមុខ​គេ លើ​ការផ្តល់​ផលិតផល ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​។ កាលពី​ឆ្នាំមុន ធនាគារ​បាន​សម្ពោធ​គម្រោង HomePro ដែល​ជា​ផលិតផល​ឥណទាន​គេហដ្ឋាន​បំដូង​តែមួយគត់ ភ្ជាប់​មក​ជាមួយនឹង​ការធានារ៉ាប់រង​អាយុជីវិត តម្លៃ​រហូត​ដល់ ៥០ ០០០​ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។​

​លោកស្រី​ហេង ធីតា នាយិកា​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល របស់​ធនាគារ ស៊ី​អាយ​អិម​ប៊ី បានឲ្យដឹងថា​៖ «​នៅ​ធនាគារ ស៊ី​អាយ​អិម​ប៊ី ការ​បំពេញតម្រូវការ​ចាំបាច់​របស់​អតិថិជន គឺជា​អាទិភាព​ចម្បង​បំផុត​របស់​យើង​។ យើង​ជឿជាក់ថា គម្រោង HomePro ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ខ្ពស់ ដែល​រួម​បញ្ចូល​គ្នា​នូវ​ឥណទាន​គេហដ្ឋាន​ដ៏​ល្អ​ប្រសើរ និង​ការធានារ៉ាប់រង​អាយុជីវិត​ដ៏​មានតម្លៃ​។ ធនាគារ ស៊ី​អាយ​អិម​ប៊ី គឺ​ធនាគារ​ដំបូង​គេ​បង្អស់ ក្នុងប្រទេស​កម្ពុជា ដែល​ផ្តល់ជូន​ដោយ​ឥតគិតថ្លៃ នូវ​សេវា​ធានា​រ៉ាប់​អាយុជីវិត សម្រាប់​អតិថិជន​ផ្នែក​ឥណទាន​គេហដ្ឋាន ដើម្បី​ការពារ​អនាគត​អតិថិជន និង​ក្រុមគ្រួសារ​របស់​ពួកគេ​។ ដូច្នេះ​ពួកគេ​នឹង​មាន​អារម្មណ៍​ថា ទទួល​បាន​សុវត្ថិភាព​ខ្ពស់ ពេល​ដែល​សហការ​ជាមួយ​ធនាគារ ស៊ី​អាយ​អិម​ប៊ី​។​»

​ក្រៅពី​ការផ្តល់ជូន​នូវ​អត្រា​ការប្រាក់​ទាប​ត្រឹមតែ ៧,៩៩% និង​រយៈពេល​ឥណទាន​រហូតដល់ ២០​ឆ្នាំ ធនាគារ ស៊ី​អាយ​អិម​ប៊ី ក៏​បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅស្ថាន និង​បុរី​ធំៗ ដើម្បី​នាំ​យក​លក្ខខណ្ឌ​ពិសេស ទៅ​ដល់​អតិថិជន​ផងដែរ​។ ការចាប់​ដៃគូ​ជា​យុទ្ធសាស្ត្រ​នេះ ជួយ​ឲ្យ​បុរី និង​អតិថិជន ទទួលបាន​អត្ថប្រយោជន៍ ពី​ដំណើរការ​ទិញ​លក់​គេហដ្ឋាន​។ សម្រាប់​ផែនការ​អនាគត ធនាគារ ស៊ី​អាយ​អិម​ប៊ី នឹង​ពង្រីក​កិច្ចសហការ ជាមួយនឹង​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅស្ថាន និង​គម្រោង​បុរី​ធំៗ នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្តល់​នូវ​ជម្រើស​កាន់តែ​សម្បូរបែប ជាមួយនឹង​គុណភាព​គេហដ្ឋាន​តាម​ស្តង់ដារ ដែល​អតិថិជន​ចង់បាន​។​

​ក្នុង​ឆ្នាំ​២០១៨​នេះ ផលិតផល​ឥណទាន​គេហដ្ឋាន ក្នុង​វិស័យ​ធនាគារ មាន​ការរំពឹង​ទុក​ថា នឹង​មាន​ការប្រកួត​កាន់តែ​ខ្ពស់ ស្របទៅនឹង​កំណើន​ទីផ្សារ​របស់​អតិថិជន​។ ដូច្នេះ​ធនាគារ CIMB នឹង​បន្ត​រក្សា​ភាព​ឈានមុខ​គេ នៅលើ​ទីផ្សារ សម្រាប់​តម្រូវការ​ហិរញ្ញវត្ថុ ដោយ​ផ្តោត​សំខាន់​អំពី​តម្រូវ​របស់​អតិថិជន​ជា​អាទិភាព ទៅលើ​ការអភិវឌ្ឍ​ផលិតផល​ឥណទាន​គេហដ្ឋាន ដោយ​ផ្តល់​នូវ​អត្ថប្រយោជន៍ និង​លក្ខខណ្ឌ​អនុគ្រោះ​ខ្ពស់ ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​។

​ធនាគារ ស៊ី​អាយ​អិម​ប៊ី ភីអិលស៊ី ជា​ផ្នែក​មួយ​នៃ​ស៊ី​អាយ​អិម​ប៊ី គ្រុប ដែល​បាន​ចាប់ផ្តើម​ប្រតិបត្តិការ នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិការ ឆ្នាំ​២០១០ ដោយ​បាន​បើក​សាខាពាណិជ្ជ​ទី​១ នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន ធនាគារ​មាន​សាខា​ចំនួន ១១​កន្លែង នៅក្នុង​ខេត្ត​រាជធានី​សំខាន់ៗ​ទាំង​៥ រួម​មាន​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ ខេត្ត​កំពង់ចាម និង​ខេត្ត​បាត់ដំបង​។ ជាមួយនឹង​អតិថិជន​ទាំង​បុគ្គល​សរុប​ប្រមាណ ២៣,០០០​នាក់ ធនាគារ ស៊ី​អាយ​អិម​ប៊ី មាន​ផ្តល់ជូន​សេវាកម្ម និង​ផលិតផល​ធនាគារ​ដ៏​ទូលំទូលាយ រួម​មាន​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល សេវាកម្ម​ហិរញ្ញ​ពាណិជ្ជកម្ម ព្រមទាំង​សេវាកម្ម​ហិរញ្ញវត្ថុ​សាជីវកម្ម និង​សេវា​ប្រតិបត្តិការ​ផងដែរ​។​

​ស៊ី​អាយ​អិម​ប៊ី គ្រុប គឺជា​ស្ថាប័ន​ហិរញ្ញវត្ថុ​ដ៏​ធំ​បំផុត​ទី​ពីរ​របស់​ប្រទេស​ម៉ាឡេស៊ី និង​ជា​ធនាគារ​សាកល​នាំមុខ​គេ​មួយ​ក្នុង​តំបន់​អាស៊ាន​។ ធនាគារ​នេះ​មាន​ផ្តល់ជូន​សេវាកម្ម​ធនាគារ​ពាណិជ្ជ ធនាគារ​វិនិយោគ ធនាគារ​ឥស្លាម ក៏ដូចជា​ផលិតផល និង​សេវាកម្ម​គ្រប់គ្រង​ទ្រព្យ​សកម្ម និង​ធានា​រ៉ាប់រង​។ មាន​ទីស្នាក់ការ​កណ្តាល​នៅ​ក្រុង​គូ​ឡា​ឡាំ​ពួ បច្ចុប្បន្ននេះ ស៊ី​អាយ​អិម​ប៊ី គ្រុប មាន​វត្តមាន​នៅ​ប្រទេស​ចំនួន ៩ ក្នុងចំណោម​ប្រទេស​ទាំង​១០ ក្នុង​តំបន់​អាស៊ាន (​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហ​បុរី ថៃ កម្ពុជា ប្រ៊ុយណេ វៀតណាម ភូមា និង​ឡាវ​)​។ ក្រៅ​ពី​តំបន់​អាស៊ាន ស៊ី​អាយ​អិម​ប៊ី គ្រុប ក៏​មាន​វត្តមាន​នៅ​ប្រទេស​ចិន ហុងកុង ឥណ្ឌា ស្រីលង្កា តៃវ៉ាន់ កូរ៉េ សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​។​

​ស៊ី​អាយ​អិម​ប៊ី គ្រុប មាន​បណ្តាញ​សាខា​ធំ​ជាងគេ​នៅក្នុង​តំបន់​អាស៊ាន ជាមួយ​សាខា​ជាង ៩០០ កន្លែង គិត​ត្រឹម​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០១៧​។ ធនាគារ​វិនិយោគ​របស់​ស៊ី​អាយអឹ​ម​ប៊ី គ្រុប ក៏​ស្ថិត​ក្នុង​ចំណោម​ធនាគារ​វិនិយោគ​ធំជាងគេ​បំផុត​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ផ្តល់​ការវិភាគ​ទៅលើ​ផ្សារ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ជាង ១.០០០ ក្រុមហ៊ុន នៅក្នុង​តំបន់ ។

​ស៊ី​អាយ​អិម​ប៊ី គ្រុប ដំណើរការ​អាជីវកម្ម​តាមរយៈ​អង្គភាព​ចំបង​បី គឺ​ធនាគារ ស៊ី​អាយ​អិម​ប៊ី (CIMB Bank) ធនាគារ​វិនិយោគ ស៊ី​អាយ​អិម​ប៊ី (CIMB Investment Bank) និង ធនាគារ ស៊ី​អាយ​អិម​ប៊ី ឥស្លាម (CIMB Islamic)​។ ស៊ី​អាយ​អិម​ប៊ី គ្រុប មាន​ភាគហ៊ុន ៩២,៥% នៅក្នុង​ធនាគារ ស៊ី​អាយ​អិម​ប៊ី នៀហ្គា (Bank CIMB Niaga) នៅ​ប្រទេស​ឥណ្ឌូនេស៊ី និង ៩៣,៧% នៅ​ធនាគារ ស៊ី​អាយ​អិម​ប៊ី ថៃ (CIMB Thai) នៅក្នុង​ប្រទេស​ថៃ​។​

​ស៊ី​អាយ​អិម​ប៊ី គ្រុប ត្រូវបាន​ចុះបញ្ជី​ភាគហ៊ុន​នៅលើ​ទីផ្សារ​មូលបត្រ ប៊ូរ​សា ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ី​អាយ​អិម​ប៊ី គ្រុប ហូល​ឌី​ង ប៊ឺ​ហាដ (CIMB Group Holding Berhad)​។ ស៊ី​អាយ​អិម​ប៊ី គ្រុប មាន​មូលធន​ទីផ្សារ នៅលើ​ទីផ្សារ​មូល​ប​ត្រ ប្រហែលជា ៣៨,១ ពាន់​លាន រីង​ហ្គី​ត​ម៉ាឡេស៊ី គិត​ត្រឹម​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០១៧​។ ស៊ី​អាយ​អិម​ប៊ី គ្រុប មាន​បុគ្គលិក​សរុប​ជាង ៣៩.០០០​នាក់ នៅក្នុង​ប្រទេស​ចំនួន ១៥៕​ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×