Monday, October 18, 2021

បន្ទាប់ពីបែកធ្លាយរឿង ដីរំលោភចូលព្រែកនៅស្រុកទឹកឈូ ៖ អភិបាលខេត្តកំពត បញ្ជាឲ្យមន្ត្រីចុះពិនិត្យមើល

ភ្នំពេញ ៖ បន្ទាប់ពីមានការបែកធ្លាយ និងសារព័ត៌មានចុះផ្សាយថា មានការចាក់ដីរំលោភចូលមាត់ព្រែកកំពត ប្រវែងប្រមាណ១០០០ម៉ែត្រ នៅចំណុចភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ នៅជាប់នឹងផ្លូវតភ្ជាប់ពីទីរួមខេត្ត ទៅកាន់តំបន់កំពង់ផែទេសចរណ៍ថ្មី ចាក់លុបចូលជ្រៅទៅ ក្នុងផ្ទៃទឹកព្រែកជម្រៅពី៥០ទៅ១០០ម៉ែត្រ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធចុះទៅពិនិត្យមើលដើម្បីឲ្យដឹងការពិត។

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ឲ្យដឹងថា ចំពោះករណីនេះ ឯកឧត្តមឲ្យមន្ត្រីចុះទៅពិនិត្យមើលទីតាំងនោះ ដើម្បីឲ្យដឹងការពិត។ ដោយ ឯកឧត្តមអភិបាលខេត្តកំពត បានបញ្ជាក់ថា “ទីតាំងកំពង់ផែ គឺវិនិយោគទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យូរហើយ បច្ចុប្បន្នគេកំពុងតែរៀបចំហេដ្ឋារចនាសម្ព័ន្ធ ធម្មតាកំពុងត្រូវនៅមាត់ព្រែកហើយ ប៉ុន្តែខ្ញុំមិនដឹងថា ការលើកឡើងរបស់សារព័ត៌មាន ដែលបានចុះផ្សាយខ្ញុំមិនដឹងនៅកន្លែងណាទេ ទាល់តែឲ្យមន្ត្រីចុះទៅមើលសិនបានដឹងថារឿងអី បើចុះផ្សាយថា បណ្តោយព្រែកទាំងអស់ យើងមិនដឹងថា ត្រូវឆ្លើយថាម៉េច ដើម្បីឲ្យមានភាពជាក់លាក់ចាំឲ្យមន្ត្រីចុះទៅមើលសិន”។

តាមអ្នកស្រុកដែលជិះកាត់ឃើញ ក៏ដូចប្រជាពលរដ្ឋដែលមានដីនៅតំបន់នោះបានអះអាងថា ដីមាត់ព្រែកកំពតនេះពីមុនមកមិនត្រូវបាន អាជ្ញាធរអនុញាតឲ្យបុគ្គលណាម្នាក់ ចាក់ដីលប់រំលោភយក ឬទោះបីមានប្រជាពលរដ្ឋទៅតាំងទីលំនៅខ្លះៗក៏ដោយ ក៏អាជ្ញាធរមិនបានចេញកម្មសិទ្ធិ ឬផ្ដល់សិទ្ធិស្របច្បាប់ឲ្យនោះដែរ ព្រោះតាមគម្រោងផែនការខេត្ត ដីនៅជាប់មាត់ព្រែកកំពតនេះ គឺអាជ្ញាធរទុកបប្រុងសំរាប់ធ្វើសួនច្បារ ឬកន្លែងបំរើអោយសេវាកំសាន្តសាធារណៈតែប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានហ្វ្រេសញូវ។

ប្រភពដដែលបានបន្តថា នៅពេលថ្មីៗនេះស្រាប់តែមានជនមិនស្គាល់មុខបានឃុបឃិតគ្នា ដឹកដីចាក់លប់ទាំងយប់ទាំងថ្ងៃ ទាំងតាមរថយន្តក៏ដូចតាមទូកផងដែរ ដើម្បីបង្កើតដីគោកលយចូលទៅក្នុងទឹកព្រែក ជម្រៅពី៥០ម៉ែត្រទៅ ១០០ម៉ែត្រ ប្រយោជន៍វាស់ចែកគ្នា ឬក៏លក់ទៅឲ្យឈ្មួញនានាដែលគេអះអាងថា គេហ៊ានទិញក្រោមរូបភាពជួលរយៈពេល៣០ឆ្នាំពីខេត្ត ១ម៉ែត្រតម្លៃរាប់រយពាន់ដុល្លារឯណោះ។

អ្នកស្រុកបានអះអាងថា ដីមាត់ព្រែកកំពតពីទីរួមខេត្ត ទៅកាន់តំបន់កំពង់ផែទេសចរណ៍ ដែលគេគ្រោងបង្កើតថ្មីកសាងដោយធនាគារអភិវឌ្ឍន៍អាស៊ី ភាគច្រើនត្រូវបានកាន់កាប់ដោយឯកជន ស្ទើរតែអស់ទៅហើយ នៅសល់ចំណុចមួយចំនួនដែលនៅក្បែរៗផ្លូវប៉ុណ្ណោះ ដូចជាចំណុចខាងលើជាដើម។

ចំណុចដែលនៅសល់នេះ អ្នកស្រុកបានលើកឡើងថា អាជ្ញាធរខេត្តគួរតែរក្សាទុកធ្វើជាសួនច្បារសាធារណៈលើកស្ទួយសោភ័ណភាពខេត្តទើបជាការល្អ មិនគួរបិទភ្នែកឲ្យឈ្មួញ និងមន្ត្រីឃុបឃិតគ្នាចាក់ដីលប់រួចហើយពុះឡូត៍លក់ឲ្យឈ្មួញកាន់កាប់ ឬយកទៅធ្វើ អាជីវកម្មជាភោជនីយដ្ឋាន ផ្ទះសំណាក់ ឬសេវាកម្មផ្សេងៗដែលនាំឲ្យប៉ះពាល់ដល់បរិស្ថានទឹកព្រែកនោះទេ។

រហូតមកដល់នេះគេនៅមិនទាន់ដឹងថា ការឃុបឃិតគ្នាចាក់អាចម៍ដីចូលទឹកព្រែក ដើម្បីបង្កើតដីគោកយកទៅលក់ធ្វើអាជីវកម្មខាងលើនេះ តើមានច្បាប់ឬអត់នោះទេ តែគេថា បើមានច្បាប់ មិនមែនគេលបលួចចាក់អាចម៍ដីភាគច្រើនធ្វើនៅពេលយប់ ហើយធ្វើរបងបិទបាំងបែបនេះឡើយ។ ដូច្នេះអាជ្ញាធរខេត្តកំពត គួរតែមានវិធានការចុះត្រួតពិនិត្យ និងទប់ស្កាត់ឲ្យមានប្រសិទ្ធភាពផង៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ