Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម ៖ ឈ្មួញ​រកស៊ី​ផលិតផល​ក្លាយ​ក្លែង នៅតែ​គឃ្លើន ដាក់​សមត្ថកិច្ច និង​ឈ្មួញ​ខ្លះ មាន​អ្នកកាង​ពីក្រោយ​ខ្នង​

spot_img

​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា បច្ចុប្បន្ននេះ នៅតែ​មាន​ឈ្មួញ​ទុច្ចរិត​លួច​ផលិត ផលិតផល និង​នាំចូល​ផលិតផល​ក្លែងក្លាយ ដោយ​គ្មាន​ការ​ខ្លាចរអា​ដល់​សមត្ថ​កិច្ច​ឡើយ ហើយ​ទង្វើ​នេះ គឺ​ដោយសារតែ​ស្ថាប័ន​ទាំងអស់​គ្មាន​ការ​សហការ​គ្នា រវាង​ក្រសួង​ដែល​ពាក់ព័ន្ធ​ជាមួយ​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ ។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​អះអាង​ថា ឈ្មួញ​ទុច្ចរិត នៅតែ​គឃ្លើន​ដាក់​សមត្ថកិច្ច និង​ឈ្មួញ​ខ្លះ​មាន​អ្នកកាង​ពីក្រោយ​ខ្នង ជាដើម ។​

​ក្នុង​កម្មវិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ របស់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់ មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម នា​រសៀល​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៨​នេះ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង បាន​លើកឡើង​ទៀត​ថា ផលិតផល​ក្លែងក្លាយ​នេះ មិន​ត្រឹមតែ​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់ និង​អ្នក​បរិភោគ​ប៉ុណ្ណោះ​ទេ គឺ​វា​បាន​ធ្វើ​ឲ្យ​ខាតបង់​ដល់​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ ដល់​ប្រទេស​ជាតិ​ផងដែរ ។ សម្តេច​ក្រឡាហោម​ក៏​បាន​ធ្វើ​ការអំពាវនាវ​ជា​ថ្មី​ម្តង​ទៀត​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវតែ​រួម​សហការ​គ្នា​ដាច់ខាត​ទប់ស្កាត់​និង​ការពារ​មិនឲ្យ​ផលិតផល​ក្លែងក្លាយ​នេះ កើតមាន​នៅ​កម្ពុជា​នោះឡើយ​។​

​សូម​រំលឹក​ថា កាលពី​ឆ្នាំ​២០១៧​កន្លងទៅនេះ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់ ដល់​សុខភាព និង​សុវត្ថិភាព​សង្គម​បាន​បង្ក្រាប​ផលិតផល​ក្លែងក្លាយ​មាន​ចំនួន ១៩​ករណី រឹបអូស​វត្ថុតាង សរុប​ចំនួន ៥៩៧,៥​តោន ធ្វើ​ពិធី​ដុត​បំផ្លាញចោល ៨១​តោន ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៦​នាក់ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ។​

ដោយឡែក​កាលពី​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០១៨ ក្រសួង​មហាផ្ទៃ​ក៏​បាន​កិន​កម្ទេច​ចោល​នូវ​ផលិតផល​ក្លែងក្លាយ​មួយចំនួន មានដូចជា លេលាប​ស្បែក និង​លាបមុខ អាហារ​បំប៉ន ឱសថ​ក្លែងក្លាយ និង​ផលិតផល​ក្លែងក្លាយ​មួយចំនួនទៀត ចំនួន​ជាង​១១០​តោន ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×