Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​ទណ្ឌិត ជាង​៣០០​នាក់ ស្នើសុំ​បន្ធូរបន្ថយ និង​លើកលែងទោស សម្រាប់​ឱកាស​បុណ្យចូលឆ្នាំថ្មី​

spot_img

​​ភ្នំពេញ​ ៖ លោក​អង្គ វង្ស វឌ្ឍា​នា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ និង​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់​ជាតិ លើកលែងទោស និង​បន្ធូរបន្ថយ​ទោស កាលពី​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​យុត្តិធម៌ បាន​រៀបចំ​កិច្ចប្រជុំ​ស្តីពី ការពិនិត្យ និង​វា​តម្លៃ​បញ្ជី​ឈ្មោះ ទណ្ឌិត ស្នើ​បន្ធូរបន្ថយ​ទោស និង​លើកលែងទោស ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ ប្រពៃណី​ជាតិខ្មែរ​។​

​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ បាន​ថ្លែងថា បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើសុំ​បន្ថូរបន្ថយ​ទោស និង​លើកលែងទោស ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ មាន​ទណ្ឌិត​ស្នើសុំ​សរុប ៣២១​នាក់ (​ស្ត្រី​២៨​នាក់​) មក​ពី​ពន្ធនាគារ​ចំនួន​២០ និង​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤​។ ក្នុងចំណោម​ទណ្ឌិត​សរុប​ចំនួន​៣២១​នាក់ នោះ​មាន​ជនជាតិ​បរទេស​ប្រមាណ​១០​ភាគរយ បាន​អនុវត្ត​ទោស​ពីរភាគបី និង​ការ​បន្ថូរបន្ថយ​ទោសមួយ​ភាគបី ស្រប​ទៅតាម​ក្រឹត្យច្បាប់​លេខ​២៨ និង​ច្បាប់​ស្តី​ពី​ពន្ធនាគារ​។ ទណ្ឌិត​៣២១​នាក់​នោះ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ចម្រុះ អំពើ​ឆក់ ប្លន់ លួច រំលោភ ឆបោក ឃាតកម្ម ជាដើម​។​

​នៅក្រោយ​កិច្ចប្រជុំ លោក សុច សុផាន់​ណា​រ៉ា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន កិច្ចការ​អយ្យការ និង​ព្រហ្មទណ្ឌ ក្រសួង​យុត្តិធម៌ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ការស្នើ​សុំ​លើកលែងទោស និង​បន្ធូរបន្ថយ​ទោស គឺ​ត្រូវ​អនុវត្ត​តាម​ក្រឹត្យច្បាប់​លេខ​២៨ និង​ច្បាប់​ស្តី​ពី​ពន្ធនាគារ ចំពោះ​ទណ្ឌិត​ទាំងឡាយណា​ដែល​អនុវត្ត​ទោស​បាន​១/៣ នៃ​ទោស​ដាក់​ពន្ធនាគារ អាច​ស្នើសុំ​បន្ធូរបន្ថយ​ទោស និង​អនុវត្ត​ទោស​បាន​២/៣ អាច​ស្នើសុំ​លើកលែង​ទោស​បាន​។ ក៏ប៉ុន្តែ​មិន​មែន​គ្រប់​ទណ្ឌិត​ដែល​អនុវត្ត​មាន​លក្ខខណ្ឌ​ខាងលើ សុទ្ធតែ​ត្រូវ​ទទួល​ការបន្ធូរបន្ថយ​ទោស និង​លើកលែងទោស​នោះទេ គឺ​គណៈកម្មការ​ថ្នាក់ជាតិ ដែល​ដឹកនាំ​ដោយ លោក​រដ្ឋមន្ត្រី អង្គ វង្ស​វឌ្ឍនា យកចិត្តទុកដាក់​បំផុត ដោយ​ត្រូវ​ពិនិត្យ​បន្ថែមទៀត​ទាក់ទង​ទៅនឹង​ការកែប្រែ​របស់​ទណ្ឌិត នៅក្នុង​ពន្ធនាគារ ភ្ជាប់​ជាមួយ​ឯកសារ​ពាក់ព័ន្ធ ជាពិសេស​សាលក្រម ឬ​សាលដីកា​ស្ថាពរ​។​

​លោក សុច សុផាន់​ណា​រ៉ា បាន​បន្តថា ចំណែក​ទណ្ឌិត​ណា​ដែល​មិន​កែប្រែ ប្រព្រឹត្ត​ដដែលៗ ឬ​ស្ថិត​ក្នុង​ស្ថានភាព​មិន​រាងចាល ហើយ​ជា​ពិសេស​បទល្មើស​ណា​ដែល​កាច់​សាហាវ ដែល​មាន​កម្រិត​បទល្មើស​ធ្ងន់ធ្ងរ ។ ក្រសួង​បាន​យកចិត្តទុកដាក់ យ៉ាងខ្លាំង​ចំពោះ​បញ្ហា​នេះ ទាមទារ​ពិនិត្យ ពិភាក្សាគ្នា​យ៉ាង​ល្អិតល្អន់​ជា​ទីបំផុត​។​

​បើ​តាម​របាយការណ៍រ​បស់​ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ឆ្នាំ​២០១៧​កន្លងទៅ ព្រះមហាក្សត្រ​បាន​បន្ធូរបន្ថយ​ទោស និង​លើក​លែង​ទោស​ដល់​ទណ្ឌិត​សរុប​ចំនួន​១៥៧​នាក់ (​ស្រី​២០​នាក់​) ដោយ​ក្នុង​ព្រះរាជ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ចំនួន​៧២​នាក់ (​ស្រី​១១​នាក់​) ពិធី​បុណ្យពិសាខបូជា ៣៥​នាក់ (​ស្រី​៤​នាក់​) និង​ពិធី​បុណ្យ​អុំទូក​បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​៥០​នាក់ ស្រី​៥​នាក់​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×