Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ចេញ​អនុក្រឹត្យ​កាត់​ដី​ទំហំ ៥២៨,៣៧​ហិកតា នៅ​សង្កាត់​កោះរ៉ុង និង​សង្កាត់​កោះរ៉ុង​សន្លឹម ចេញពី​ដីឯកជន​របស់​រដ្ឋ ជូន​ពលរដ្ឋ​កាន់កាប់​ស្របច្បាប់​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​ស្តីពី​ការ​កាត់​ដី​ទំហំ ៥២៨,៣៧​ហិកតា នៅ​សង្កាត់​កោះរ៉ុង និង​សង្កាត់​កោះរ៉ុង​សន្លឹម ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ចេញពី​ដី​ឯកជន របស់​រដ្ឋ កំណត់ដោយ​អនុក្រឹត្យ​លេខ ០៥ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០០៨​។​

អនុក្រឹត្យ​ចុះ​ថ្ងៃ​ពុធ រោច ខែ​ចែ​ត្រ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ធ្វើ​នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០១៨ មាន​ចុះហត្ថលេខា និង​បោះត្រា សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ អនុក្រឹត្យ​នោះ​បាន​សម្រេច​៖
​មាត្រា​១: កាត់​ដី​ទំហំ ៥២៨៣៧​ហិកតា នៅ​សង្កាត់​កោះរ៉ុង និង​សង្កាត់​កោះរ៉ុង​សន្លឹម ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ចេញពី​ដី​ឯកជន របស់​រដ្ឋ កំណត់ដោយ​អនុក្រឹត្យ​លេខ ០៥ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០០៨ តាម​ប្រព័ន្ធ​កូអរដោណេ Project UTM Zone 48N Datum WGS 1984 និង​មាន​និយាម​កា​ដូច​កំណត់​ក្នុង​ផែនទី​ឧបសម្ព័ន្ធ នៃ​អនុក្រឹត្យ​នេះ​។​

​មាត្រា​២: ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ចំនួន ២៩៨​គ្រួសារ ដែល​រស់នៅ​អចិន្ត្រៃយ៍ លើ​កោះរ៉ុង និង​ទំហំ ១២,១៣​ហិកតា ស្មើនឹង ១២​ក្បាលដី សម្រាប់​សាលារៀន ៦​ក្បាលដី​, ប៉ុស្តិ៍​រដ្ឋបាល ២​ក្បាលដី​, សាលាឃុំ ១​ក្បាលដី​, ទីស្នាក់ការ​ភូមិ ១​ក្បាលដី​, អង្គភាព​កងរាជអាវុធហត្ថ ១​ក្បាលដី​, និង​វត្ត ១​ក្បាលដី ស្ថិតនៅ​សង្កាត់​កោះរ៉ុង និង​សង្កាត់​កោះរ៉ុង​សន្លឹម ក្រុង​ខេត្ត​ព្រះសីហនុ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ដូចខាងក្រោម​៖

​ភូមិ​ដើមថ្កូវ សរុប​ទំហំ ១២៥,៣១​ហិកតា ស្មើ ១៧០​ក្បាលដី ក្នុងនោះ ១៦៩​ក្បាលដី ជូន​ប្រជាពលរដ្ឋ ៦៣​គ្រួសារ និង​សាលាឃុំ ១​ក្បាលដី​​ភូមិ​ព្រែក​ស្វាយ សរុប​ទំ​ហំ ១៦៧,៤៥​ហិកតា ស្មើ​២០០​ក្បាលដី ក្នុង​នោះ​ចំនួន ១៩៨​ក្បាលដី ជូន​ប្រជាពលរដ្ឋ ៩៦​គ្រួសារ វត្ត ១​ក្បាលដី និង​សាលារៀន ១​ក្បាលដី ​ភូមិ​សុខសាន្ត សរុប​ទំហំ ២០០,៤១​ហិកតា ស្មើ ១២៨​ក្បាលដី ក្នុងនោះ ១២៤​ក្បាលដី ជូន​ប្រជាពលរដ្ឋ ៦៤​គ្រួសារ និង​សាលារៀន ៤​ក្បាលដី​​ ភូមិ​កោះ​តូច សរុប​ទំហំ ៣៥២០​ហិកតា ស្មើ ១៣៩​ក្បាលដី ក្នុងនោះ ១៣៤​ក្បាលដី ជូន​ប្រជាពលរដ្ឋ ៧៥​គ្រួសារ និង ៥​ក្បាលដី សម្រាប់ សាលារៀន ១​ក្បាលដី ប៉ុន្តិ៍​រដ្ឋបាល ២​ក្បាលដី ទីស្នាក់ការ​ភូមិ ១​ក្បាលដី និង​អង្គភាព​កងរាជអាវុធហត្ថ ១​ក្បាលដី​។​

​មាត្រា ៣ : បទបញ្ញត្តិ​ទាំងឡាយណា ដែល​ផ្ទុយ​នឹង​អនុក្រឹត្យ​នេះ ត្រូវ​ទុកជា​និរាករណ៍​។
​មាត្រា ៤ : រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ រដ្ឋមន្ត្រី រដ្ឋលេខា​ធិការ​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ត្រូវ​អនុវត្ត​អនុក្រឹត្យ​នេះ ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ​។

​ការ​ចេញ​អនុក្រឹត្យ​នេះ ទទួល​បាន​ការ​សាទរ​ពី​សំណាក់ មន្ត្រី​ឃ្លាំមើល​ផែន​ការអភិវឌ្ឍ​សង្គម​ប្រចាំ​ខេត្ត​ព្រះសីហនុ ប្រជាពលរដ្ឋ និង​ប្រតិបត្តិ​ករ​បំរើ​វិស័យ​ទេសចរណ៍ រស់នៅ​លើ​កោះរ៉ុង និង​កោះរ៉ុង​សន្លឹម​។ ពួកគេ​បាន​បង្ហាញ​អារម្មណ៍​រីករាយ ចំពោះ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចេញ​អនុក្រឹត្យ​កាត់​ដី​ទំហំ ៥២៨,៣៧​ហិកតា នៅ​សង្កាត់​កោះរ៉ុង និង​សង្កាត់​កោះរ៉ុង​សន្លឹម ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ចេញពី​ដី​ឯកជន របស់​រដ្ឋ ឈានដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ទាំង​ពីរ​ខាងលើនេះ នឹង​ទទួលបាន​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី​ស្របច្បាប់​ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខ​នេះ​៕ ដែន សីមា

spot_img
×