Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម អំពាវនាវ​ឲ្យ​កងទ័ព​រួម​កម្លាំង​គ្នា ដើម្បី​ការពារ​សន្តិភាព​បច្ចុប្បន្ន​

spot_img

កំពង់ឆ្នាំង​៖​នា​ឱកាស​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រគល់​អំណោយ​ជូន​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ ស្ថិតក្នុង​ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១៨ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​អំពាវនាវ​ដល់​កងទ័ព​ទាំងអស់ ពង្រឹង​សាមគ្គីភាព និង​ការពារ​ដាច់ខាត មិន​ឱ្យ​ជន ឬ​ក្រុម​ណាមួយ ធ្វើ​ការបំផ្លាញ​សន្តិភាព​បច្ចុប្បន្ន​របស់​កម្ពុជា បានឡើយ​។​

​លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​គុណ​តម្លៃ “​សន្តិភាព​” ដែល​ប្រសូត្រ​ចេញ​ពី​គោលនយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​អគ្គមហាសេនាបតី​តេជា ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់ ក្នុង​ការផ្តល់​ឱកាស​ជូន​ប្រជាជន​គ្រប់រូប អាច​ចូលរួម​ស្តារ និង​កសាង​ប្រទេស​ឡើងវិញ​ពី​ចំណុច​សូន្យ រហូត​ទទួលបាន​កិត្តិនាម​ល្បី​រន្ទឺ​នៅលើ​ឆាក​អន្តរជាតិ ព្រមទាំង​ធានាបាន​នូវ​និរន្តរភាព​នៃ​ការអភិវឌ្ឍ ការពង្រឹង និង​ពង្រីក​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ក៏ដូចជា​ការលើកស្ទួយ​នីតិរដ្ឋ សិទ្ធិមនុស្ស និង​សេចក្តីថ្លៃថ្នូរ​របស់​ប្រជាជន​គ្រប់រូប​។​

“​ពិតណាស់​! យើង​មាន​វប្បធម៌​នៃ​ការអត់ឱន និង​វប្បធម៌​នៃ​សន្ដិភាព ប៉ុន្តែ​យើង​មិនត្រូវ​លើកលែង​ចំពោះ​ជន​ណាក៏ដោយ ដែល​ប៉ុនប៉ង​ធ្វើឲ្យ​ប្រទេសជាតិ​របស់​យើង​ធ្លាក់​ចូលទៅក្នុង​អស្ថិរភាព និង​ភ្លើងសង្គ្រាម ដូច​អតីតកាល​ដ៏​ជូរជត់ សា​ជា​ថ្មី​ទៀត​ឡើយ​! ហើយ​នេះ គឺជា​កាតព្វកិច្ច និង​តួនាទី​ស្នូល​របស់​បងប្អូន​កង​ទ័ព​ជាតិ​នៃ​យើង​” លោក ប៉ាន សូរ​ស័ក្តិ បាន​គូស​បញ្ជក់​។​

“​ឈរ​លើ​មូលដ្ឋាន​សន្តិភាព ការអនុវត្ត​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ដើម្បី​កំណើន​ការងារ​សមធម៌ និង​ប្រសិទ្ធភាព បានធ្វើឱ្យ​កម្ពុជា​រក្សាបាន​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម ៧% ក្នុង ១​ឆ្នាំ ក្នុង​រយៈពេល​ពី​រទស​វត្សរ៍​ចុងក្រោយ​” “​កំណើន​ដ៏​រឹងមាំ​នេះ បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ និង​ប្រែក្លាយ​កម្ពុជា ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប កាលពី​ឆ្នាំ ២០១៦ ហើយ​កំពុង​ធ្វើដំណើរ​ក្លាយទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០” លោក រដ្ឋមន្ត្រី បាន​បន្ថែម​។​

​ទន្ទឹមគ្នានេះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ក៏​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំ​សាកសួរ​សុខទុក្ខ ពី​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណីជាតិ ជូន​ដល់​កងទ័ព​ទាំងអស់ ដែល​កំពុង​ឈរជើង​ការពារជាតិ និង​មាតុភូមិ នៅតាម​សមរភូមិ​ជួរមុខ ដែល​ជា​និច្ច​ជា​កាល សម្តេច​ទាំង​ទ្វេ​បាន​ឧបត្ថម្ភ​ស្បៀង ថវិកា និង​សម្លៀកបំពាក់ តាមរយៈ​ក្រុមការងារ​ចម្រុះ កសាង​សំណង់​យុទ្ធសាស្ត្រ​តូចធំ និង​បណ្តាញ​គមនាគមន៍​ខ្វាត់ខ្វែង ផ្តល់​ដី​កម្មសិទ្ធិ​ស្របច្បាប់​ជូន​ប្រជាជន សាងសង់​ផ្ទះ​ជូន​យោធិន​ពិការ និង​ជា​បណ្តើរៗ​កសាង​ភូមិ​/​ឃុំ នៅតាម​បន្ទាត់​ព្រំដែន ឲ្យ​កាន់តែ​រីកចម្រើន​រៀងរាល់ថ្ងៃ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×