Monday, December 6, 2021

ហួសចិត្តខ្លាំងពេក! សុន ស្រីពេជ្រ ផ្តាំ​ទៅ​អ្នកញ៉ាំ «ដំបងយក្ស» កំពុង​ស៊ី​ជោរ​តាមៗ​គ្នា ប្រយ័ត្ន​ជួប​រឿង​ស៊យ​នេះ

ប៉ុន្មានថ្ងៃនេះ ឃើញថានៅលើបណ្តាញសង្គម ពិតជាផ្ទុះកក្រើកតែម្តង ខណៈដែលមានអ្នកលេងហ្វេសប៊ុកជាច្រើន បានផុសរូបភាព និងវីដេអូ ផ្អើលទិញ «ដំបងយក្ស» ហៅថា «ប្រទាលបាតដៃ» យកមកញ៉ាំជាមួយអំបិលម្ទេស ព្រោងព្រាត ខណៈអ្នកធ្លាប់ស្គាល់ច្បាស់ពីប្រភេទរុក្ខជាតិបន្លានេះ បានសម្តែងការហួសចិត្តជាខ្លាំង ព្រោះថា «ដំបងយក្ស» គឺអាចហូបបានសម្រាប់តែផ្លែរបស់វាពេលទំប៉ុណ្ណោះ។

ទន្ទឹមនិងនេះផងដែរ ក្រោយឃើញម្នាក់ៗនាំគ្នាផ្អើលជោរតាមៗគ្នាទិញ បាតដៃដំបងយក្ស មកញ៉ាំបែបនេះ មហាជនជាច្រើនបានបញ្ចេញមតិមិនពេញចិត្ត ចំពោះរឿងនេះនោះឡើយ ខណៈអ្នករកស៊ីលក់តាមអនឡាញមួយចំនួន ព្រោះតែចង់បាន View ខ្លាំងពេក បានបង្ខំចិត្តញ៉ាំ គឺគ្រាន់តែដាក់ចូលមាត់ ចង់ក្អែរមកវិញតែម្តង។

ដោយឡែក តារាចម្រៀងអ្នកនាង សុន ស្រីពេជ្រ ឯណេះវិញ ព្រោះតែហួសចិត្តខ្លាំងពេក ក៏បានចេញមកនិយាយដាក់ចំៗ ទៅកាន់អ្នកស៊ីជោរតាមៗគ្នាថា៖ «ឃើញតែគេផុសរាល់ថ្ងៃ អារឿងញ៉ាំដំបងយក្ស ឬ ប្រទាលបាតដៃហ្នឹង ប្រយ័ត្នប៉ះចំមិនស្គាល់ច្បាស់ ឬ សត្វនោមដាក់ពុលងាប់វើយ»។

ក្រោយឃើញ សុន ស្រីពេជ្រ ដាក់ឡើងបែបនេះ មហាជនបានបង្ហាញការគាំទ្រ ចំពោះមតិរបស់តារាស្រីរូបនេះគ្រប់ៗគ្នា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង