Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ថោង ខុន ៖ នឹង​រៀបចំ​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ​លើក​ទី​២ នា​ខែ​តុលា ដើម្បី​សម្រេចបាន​កំណើន​ទេសចរណ៍​

spot_img

​​ភ្នំពេញ​៖ ក្រសួងទេសចរណ៍​សហ​ការ​ជាមួយ​ក្រុមហ៊ុន SlickBooth និង​ផ្នែក​ឯកជន នឹង​រៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍ ទេសចរណ៍​កម្ពុជា​អន្តរជាតិ​លើក​ទី​២ (CTM 2018) នា​ថ្ងៃ​ទី​១១-១៣ ខែតុលា ឆ្នាំ​២០១៨ ខាងមុខ ​​ដែល​ពិធី​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ ធ្វើ​នៅ​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០១៨​។​

​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ដែល​ជា​អធិបតី​ផ្សព្វផ្សាយ CTM 2018 នេះ បានប្រកាស​អញ្ជើញ​ក្រុមហ៊ុន​ក្នុងស្រុក ទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ​ទេសចរណ៍​កម្ពុជា និង​សមាគម​ឧស្សាហកម្ម​ទេសចរណ៍​ផ្សេងៗ​ចូលរួម​គាំទ្រ និង​ជួយ​ជំរុញ​សមាជិក​របស់​ខ្លួន ឲ្យ​សហការ​ផ្សព្វផ្សាយ និង​ដាក់​តាំងពិព័រណ៍​ផលិតផល សេវា​របស់​ខ្លួន នៅក្នុង​ព្រឹត្តិការណ៍ CTM 2018 ខាងមុខ ឲ្យបាន​ច្រើន​។​

​លោក​រដ្ឋមន្ត្រី​បន្តថា ក្រោម​ម្លប់​នៃ​សន្តិភាព ដែល​បានមកពី​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា​មាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ក្នុង​នោះ​វិស័យ​ទេសចរណ៍​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មាន​ការរីកចម្រើន​គួរ​ជាទី​មោទនៈ​។ ជាក់ស្ដែង នៅ​ឆ្នាំ​២០១៧ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ ៥,៦​លាន​នាក់ កើន​១១,៨% នាំ​មក​ចំណូល​ដោយផ្ទាល់ ៣.៦៣៨​លាន​ដុល្លា​។ រយៈពេល​២​ខែ ដើមឆ្នាំ​២០១៨ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ ១,១​លាន​នាក់ កើន​១១​ភាគរយ​។ កម្ពុជា​សង្ឃឹមថា នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិ ៦,១​លាន​នាក់ នៅ​ឆ្នាំ​២០១៨ និង ៧​លាន​នាក់ នៅ​ឆ្នាំ​២០២០ ជាមួយ​នឹង​ចំណូល ៥​ពាន់​លាន​ដុល្លារ និង​បង្កើត​ឱកាស​ការងារ ជិត​១​លាន​នាក់​។​

​លោក​បាន​មានប្រសាសន៍ថា ដើម្បី​សម្រេចបាន​កំណើន​ទេសចរណ៍​នេះ ព្រម​ជាមួយនឹង​ការ​ពង្រឹងគុណភាព ផលិតផល​ទេសចរណ៍ និង​សេវាកម្ម​ទេសចរណ៍ និង​ការបង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ​បន្ថែមទៀត តាម​តម្រូវការ​ទីផ្សារ គ្រប់​ភាគី​ត្រូវ​ជំរុញ​ការងារ ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​កម្ពុជា ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ជាមួយនឹង​សក្តានុពល​ទេសចរណ៍ និង​សម្រស់​ធម្មជាតិ នៃ​ទន្លេ​មេគង្គ ព្រមជាមួយ​ការរីកលូតលាស់​នៃ​វិស័យ​សំណង់ និង​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រទ្រង់ ទេសចរណ៍​ជា​អាទិ៍ សណ្ឋាគារ​ប្រណិតៗ​ដែល​មាន​ឈ្មោះ​លំដាប់​អន្តរជាតិ​ដូចជា Hayatt, Court Yard Mariot, Novotel, Rose Wood, STARTS… ដែល​បាននិងកំពុង​សាងសង់​នៅ​កម្ពុជា​។​

​ព្រម​ជាមួយ​នឹង​ការជំរុញ​សកម្មភាព ផ្សព្វផ្សាយ​ទេសចរណ៍ លើ​ទីផ្សារ​អន្តរជាតិ កម្ពុជា​បាននិងកំពុង ជំរុញ​យ៉ាង​សកម្ម ចលនា​ទេសចរណ៍​ក្នុងស្រុក ដែល​ជា​ចលករ​មួយ យ៉ាងសំខាន់ ក្នុងការ​ទ្រទ្រង់​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា និង​ការបង្កើត​ផលិតផល​ទេសចរណ៍ ក្នុងស្រុក​ថ្មីៗ​។ កម្ពុជា​ក៏​បាន​រៀបចំ និង​ពង្រឹង​បញ្ជរ​ព័ត៌មាន​ទេសចរណ៍ ជាមួយ​នឹង​ការបង្កើត ឲ្យមាន​ការី​ទេសចរណ៍ ក្នុងស្រុក​ជា​ច្រើន និង​គោលនយោបាយ​លើកទឹកចិត្ត ជាច្រើន​ទៀត ដល់​ការី​ទេសចរណ៍​ក្នុងស្រុក ដើម្បី​រៀបចំ​កញ្ចប់​ទស្សនកិច្ច​ក្នុងស្រុក ដែល​មាន​តម្លៃ​សមរម្យ​។​

​លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ពិព័រណ៍ CTM លើក​នេះ ត្រូវ​ផ្សារភ្ជាប់​នឹង​ពិព័រណ៍​ទេសចរណ៍​ក្នុងស្រុក​។ លោក​ថោង ខុន បាន​ស្នើ​ឲ្យ​មន្ទីរ​ទេសចរណ៍​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ ចូលរួម​រៀបចំ​ស្តង់​ដាក់តាំង​បង្ហាញ ក្នុង​ពិព័រណ៍​ដ៏​សំខាន់​នេះ ដោយ​ផ្ដោត​លើ​ផលិតផល​ទេសចរណ៍​ថ្មីៗ ទាក់ទាញ​នានា ក្នុង​ខេត្ត​របស់​ខ្លួន ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ភ្ញៀវ បានឃើញ សំដៅ​ជំរុញ​កំណើន​ទេសចរណ៍ កាន់តែ​ច្រើន​ទៅ​ទស្សនា​ខេត្ត របស់ខ្លួន​។​

​គួរបញ្ជាក់​ថា ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ​នេះ ត្រូវបាន​ធ្វើឡើង កាលពី​ឆ្នាំ​២០១៧ នៅ​ខេត្ត​សៀមរាប ជាមួយ​វត្តមាន​លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​លោក​រដ្ឋមន្ត្រី​ក្រសួង​សណ្ឋាគារ និង​ទេសចរណ៍​មី​យ៉ាន់​ម៉ា អភិបាលខេត្ត​សៀមរាប ស្ថាប័ន​ទេសចរណ៍​ជាតិ អ្នកទិញ អ្នកលក់ ភ្នាក់ងារ​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជាង ៥០០​ក្រុមហ៊ុន មកពី​៦០​ប្រទេស​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×