Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាហរណកម្ម​វិស័យ​ហិរញ្ញវត្ថុ​អាស៊ាន បង្កើន​ភាពសេរី​នៃ​លំហូរ​មូលធន និង​គាំទ្រ​ដល់​ការរីកចម្រើន​វិស័យ​ពាណិជ្ជកម្ម និង​ការវិនិយោគ​

spot_img

​ភ្នំពេញ ​៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍​-​សុក្រ ទី​៥-៦ ខែ​មេសា ឆ្នាំ​២០១៨ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ ថ្នាក់​ទេសាភិបាល​ធនាគារកណ្តាល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​ប្រទេស​សិង្ហ​បុរី ដែល​ដើរតួនាទី​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០១៨​នេះ​។​

​បើ​តាម​ធនាគារជាតិ នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​៧​ខែ​មេសា​នេះ បាន​ផ្សាយ​ថា កិច្ចប្រជុំ​ថ្នាក់​ទេសាភិបាល​អាស៊ាន និង​កិច្ចប្រជុំ​រួម រវាង​ទេសាភិបាល​ធនាគារកណ្តាល និង​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​អាស៊ាន គឺជា​វេទិកា​តំបន់​ដ៏​សំខាន់​មួយ សម្រាប់​ការពង្រឹង សមាហរណកម្ម​វិស័យ​ហិរញ្ញវត្ថុ ក្នុង​តំបន់ ជាពិសេស ដើម្បី​គាំទ្រ​ដំណើរ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC)​។ នៅក្នុង​ឆ្នាំ​២០១៨ នេះ ប្រទេស​សិង្ហ​បុរី បាន​បន្ត​កំណត់​គោលដៅ ជា​អាទិភាព សម្រាប់​តំបន់​ចំនួន​ពីរ​គឺ ការពង្រឹង​ភាព​ធន់ (resilience) និង​លើកកម្ពស់​នវានុវត្តន៍ (Innovation)​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នោះ លោក ជា ចាន់តូ បាន​គាំទ្រ​ការកំណត់​អាទិភាព សម្រាប់​ឆ្នាំ​២០១៨ របស់​ប្រទេស​សិង្ហ​បុរី ដោយសារ​ក្នុង​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក​បច្ចុប្បន្ន ការពង្រឹង​ភាព​ធន និង​លើកកម្ពស់​នវានុវត្តន៍ គឺជា​កត្តា​ដ៏​សំខាន់ ដើម្បី​ឱ្យ​ប្រទេស​នានា រក្សាបាន​នូវ​ស្ថិរភាព​ទាំង​ម៉ាក្រូសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ព្រមទាំង​ទាញយក​អត្ថប្រយោជន៍​ពី​ការរីកចម្រើន​បច្ចេកវិទ្យា​និង​បង្កើត​ផលិតផល​ហិរញ្ញវត្ថុ​ថ្មីៗ​ស្រប​តាម​តម្រូវការ​ទីផ្សារ​និង​សម្រាប់​ប្រជាជន​ក្រីក្រ សំដៅ​លើកកម្ពស់​បរិយា​ប័ន្ន​ហិរញ្ញវត្ថុ និង​រក្សា​ចីរភាព​កំណើន​។ លោក បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​លទ្ធផល​ការងារ របស់​គណៈកម្មាធិការ​ការងារ​នានា របស់​អាស៊ាន ដែល​ទទួល​បាន​ក្នុង​ឆ្នាំ​២០១៧ កន្លងទៅ និង​លើកទឹកចិត្ត​ឱ្យ​បន្ត កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ឈាន​ទៅ​សម្រេចបាន តាម​គោលដៅ​នានា ដែល​បាន​ដាក់​ក្នុង​ផែនការ ២០១៦-២០២៥​។ ធនាគារជាតិ​នៃ​កម្ពុជា ក៏​បាន​បង្ហាញ​ជំហរ​គាំទ្រ និង​ចូលរួម ជាមួយ​គណៈកម្មាធិការ​ការងារ​នានា​អាស៊ាន ដើម្បី​អនុវត្ត​នូវ​គំនិត​ផ្តួចផ្តើម​នានា ដែល​ជួយ​ពង្រឹង​សមាហរណកម្ម​វិស័យ​ហិរញ្ញវត្ថុ​អាស៊ាន​។ កន្លងមក សមាហរណកម្ម​វិស័យ​ហិរញ្ញវត្ថុ​អាស៊ាន​មិន​ត្រឹមតែ​បង្កើន​ភាពសេរី​នៃ​លំហូរ​មូលធន ដែល​អនុញ្ញាត​ឱ្យ​ប្រទេស​សមាជិក​អាច​ទទួលបាន​ប្រភព​ទុន​កាន់តែ​ងាយស្រួល​ពី​ក្នុង​តំបន់​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ជួយ​គាំទ្រ​ដល់​ការរីកចម្រើន​វិស័យ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ទៀតផង​។ លើសពីនេះ សមាហរណកម្ម​វិស័យ​ហិរញ្ញវត្ថុ​ក៏​បាន​ជួយ​ពង្រឹង​ស្ថិរភាព​ហិរញ្ញវត្ថុ ក្នុង​តំបន់​ឱ្យ​រឹងមាំ​ផងដែរ​។​
​តាម​ការវាយតម្លៃ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ធនាគារ​អភិវឌ្ឍន៍អាស៊ី ក៏ដូចជា​ការិយាល័យ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន​+៣ នៅ​ឆ្នាំ​២០១៨ សេដ្ឋកិច្ច​អាស៊ាន​នឹង​បន្ត​រក្សា​បាន​កំណើន​រឹងមាំ​ប្រមាណ ៥,២% ដែល​គាំទ្រ​ដោយ​ភាព​ប្រសើរ​នៃ​សេដ្ឋកិច្ច​ពិភពលោក និង​កំណើន​តម្រូវ​ក្នុង​ស្រុក ក្រោម​បរិការណ៍​ដែល​វិស័យ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​តំបន់​មាន​ភាព​សមាហរណកម្ម​កាន់តែ​កើនឡើង​។ តាមរយៈ​ការប្តេជ្ញា​របស់​ថ្នាក់ដឹកនាំ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​អាស៊ាន សមាហរណកម្ម​ហិរញ្ញវត្ថុ​នឹង​អាច​សម្រេច​បាន​កាន់តែ​ស៊ីជម្រៅ​នៅ​ឆ្នាំ​២០២៥ ដែល​នឹង​ពង្រឹង​ភាព​ធន​របស់​តំបន់ ប្រឈម​នឹង​ភាពមិនប្រាកដប្រជា និង​បញ្ហា​ប្រឈម​នានា ដែល​អាច​កើតឡើង​ជា​យថាហេតុ​។​

ឆ្លៀត​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​នេះដែរ លោក ជា ចាន់តូ ក៏​បាន​ជួប​សម្តែង​ការគួរសម​ជាមួយ លោក Ravy Menon នាយក​គ្រប់គ្រង​របស់​អាជ្ញាធរ​រូបិយវត្ថុ​សិង្ហ​បុរី (​ដែល​ជា​ធនាគារ​កណ្តាល សិង្ហ​បុរី​) និង​បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ពហុភាគី​ជាមួយ​វិស័យ​ឯកជន រួមមាន កិច្ច​ពិភាក្សា​រវាង​ថ្នាក់​ទេសាភិបាល​អាស៊ាន​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​មាន​ប្រតិបត្តិការ​នៅ​ក្នុង​អាស៊ាន​, កិច្ច​ពិភាក្សា​រវាង​ថ្នាក់​ទេសាភិបាល​និង​រដ្ឋមន្ត្រី​អាស៊ាន​ជាមួយ​តំណាង​ក្រុមហ៊ុន​នានា​របស់​សហរដ្ឋអាមេរិក និង​អឺរ៉ុប ជាដើម​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×