Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ អរគុណ​ចំពោះ​មិត្ត​ជប៉ុន ដែល​បាន​ជួយ​មកដល់​ប្រទេស​កម្ពុជា ក្នុង​ការស្វែងរក​សុខ​សន្តិភាព​ក្នុង​ការស្តារ​អភិវឌ្ឍ​ប្រទេសជាតិ​

spot_img

​​ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​អាទិត្យ ទី​៨ ខែ​មេសា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក តា​រ៉ូ កូ​ណូ​(Taro Kono)​រដ្ឋមន្ត្រីការបរទេស​ជប៉ុន នៅ​វិមាន​សន្តិភាព​។​

​លោក Taro Kono បាន​គោរព​ថ្លែងអំណរគុណ​ចំពោះ សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ទទួល​ស្វាគមន៍ លោក​មកកាន់​ប្រទេស​កម្ពុជា​នា​ពេល​នេះ ។ លោក Taro Kono ធ្លាប់បាន​មក​កាន់​ប្រទេស​កម្ពុជា​ម្តង​នៅ​ឆ្នាំ​១៩៩២ ហើយ​កន្លងមក ឪពុក​របស់​លោក​ក៏​ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ជប៉ុន​ផង​ដែរ ក៏​ធ្លាប់បាន​មក​រួម​ចំណែក​ក្នុង​ការជួយ​ដល់​កម្ពុជា​កន្លងមក​ក្នុង​ការស្វែងរក​សន្តិភាព និង​រួមចំណែក​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ផង​ដែរ​។ លោក​បាន​ជម្រាបជូន​សម្តេច​តេ​ជោថា​គោលបំណ​ង​របស់​ជប៉ុន​គឺ​ធ្វើ​យ៉ាងណា​ជួយ​មកដល់​កម្ពុជា​ឲ្យក្លាយ​ទៅ​ជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កំរិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ក្នុងន័យ​នេះ​លោក​ថា ជប៉ុន បាន​មាន​ចំណាប់​អារម្មណ៍​ជួយ​ដល់​ប្រទេស​កម្ពុជា​លើ​វិស័យ​មួយចំនួន​ដូចជា ឡូ​ជី​ស្ទីក ដោយ​មាន​ការគ្រប់គ្រង​កំពង់ផែ តំបន់​សេដ្ឋកិច្ច​ពិសេស ការអភិវឌ្ឍ​ធនធានមនុស្ស​។ លើសពីនេះទៅទៀត​ជប៉ុន នឹង​ជួយ​កម្ពុជា​លើ​បណ្តាញ​ផ្គត់ផ្គង់​អគ្គិសនី​ក្នុង​ទីក្រុង​ភ្នំពេញ ក៏ដូចជា​កិច្ច​ការពារ​សន្តិភាព​ក្រោម​ឆ័ត្រ​អង្គការសហប្រជាជាតិ​។ លោក​បាន​បន្ត​ថា​ជប៉ុន នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​មួយ​គឺ ជប៉ុន​-​មេគង្គ នៅពេល​ខាងមុខ ហើយ​លោក​ក៏​បាន​គោរព​អញ្ជើញ​សម្តេច​តេជោ​ចូលរួម​ក្នុ​ង​ក្នុង​កិច្ចប្រជុំ​កំពូល​នោះ​ផង​ដែរ ដែល​ផ្តោត​ទៅលើ​កិច្ចសហប្រតិបត្តិការ​សម្រាប់​ថ្ងៃ​អនាគត ជា​ពិ​សសេស​លើ​ការតភ្ជាប់ (connectivity) ដែល​ជា​អទិភាព​មួយ រួម​ទាំង​វិស័យ​សុខាភិបាល និង​ការអភិវឌ្ឍ​ធនធានមនុស្ស​ជាដើម​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ និង​បាន​អរគុណ​ចំពោះ​មិត្ត​ជប៉ុន ដែល​បាន​ជួយ​មកដល់​ប្រទេស​កម្ពុជា ក្នុង​ការស្វែងរក​សុខ​សន្តិភាព​ក្នុង​ការស្តារ​អភិវឌ្ឍ​ប្រទេសជាតិ​។ សម្តេច​តេជោក៏បាន​សំដែ​ង​នូវ​ការគាំទ្រ​ចំពោះ​កិច្ចប្រជុំ​កំពូល​-​មេគង្គ ជប៉ុន នាពេលខាងមុខ ដោយ​សម្តេច​ចាត់ទុកជា​កិច្ចប្រជុំ​ដែល​មាន​សារសំខាន់ ជាពិសេស​ការតភ្ជាប់​ទំ​នាក់​ទំនង​ស្របគ្នា​នឹង​ការធ្វើ​សមាហរណកម្ម​អាស៊ាន​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​កន្លង​មក​ជួយ​ដល់​កម្ពុជា​ទាំង​វិស័យ​ហ​រដ្ឋ​រចនាសម្ព័ន្ធ កំពង់ផែ ទឹកស្អាត ការពារ​ទឹកជំនន់​និង​សង្គ្រោះ​បន្ទាន់ ហើយ សម្តេច​តេជោ ក៏​បាន​មានប្រសាសន៍​ផងដែរ​ថា​កន្លងមក​កាលពី​ឆ្នាំ​២០១៣ កម្ពុជា និង​ជប៉ុន​បាន​លើក​ទំនាក់ទំនង​អោយ​ទៅជា​ទំនាក់ទំនង​ដៃគូរ​ជា​យុទ្ធសាស្ត្រ​ហើយ ក្នុង​នោះ​អ្វី​ដែល​យើង​អាច​ធ្វើបាន​ថែម​ទៀត​នោះ​គឺ​ជំរុញ​និង​បង្កើន​កិច្ចសហប្រតិបត្តិការ ជាពិសេស​លើ​វិស័យ​វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ដែល​ទាំងអស់​នេះ​ជា​សក្តានុពល និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំងពី​ផងដែរ​។​

​បន្ទាប់​ពី​កិច្ចពិភាក្សា​រួច សម្តេច​តេជោ ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​រវាង លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង លោក Taro Kono ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​ជប៉ុន​មក​កាន់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​លិខិត​ប្ដូរ​សារ​និង​កំណត់ហេតុ​នៃ​ការពិភាក្សា​ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​ជប៉ុន​មក​កាន់​រាជរដ្ឋាភិបាល​កម្ពុជា ដូចខាងក្រោម​៖

១- ហិរញ្ញប្បទាន​ឥត​សំណង​ជប៉ុន ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៥០០ លាន​យ៉េន (¥៥០០,០០០,០០០) សម្រាប់​អនុវត្ត​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម នៅ​កម្ពុជា​

២- ឥណទាន​សម្បទាន​ជប៉ុន ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៩.២១៦ លាន​យ៉េន (¥៩,២១៦,០០០,០០០) សម្រាប់​អនុវត្ត​គម្រោង​ពង្រីក​ប្រព័ន្ធ​ខ្សែ​បញ្ជូន និង​ចែកចាយ​អគ្គិសនី នៅ​រាជធានី​ភ្នំពេញ ជំហាន​ទី​២​។​

​ក្រោយ​ពី​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​ហើយ សម្តេច​តេជោ ហ៊ុន សែន និង​លោក​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន បាន​អញ្ជើញពិសារ​អាហារ​ពេល​ថ្ងៃ​ត្រង់​នៅ​វិមាន​សន្តិភាព​ប្រកប​ដោយ​ភាពស្និទ្ធស្នាល​ក្រៃលែង​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×