Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ៖ ចិននឹងបន្តគាំទ្រកម្ពុជា លើគ្រប់វិស័យ ការថែរក្សាឯករាជ្យភាព អធិបតេយ្យភាពជាតិ ការប្រយុទ្ធប្រឆាំងនឹងវិបតិ្តកូវីដ-១៩ ព្រមទាំងបន្តគាំទ្រកម្ពុជា នៅលើឆាកអន្តរជាតិ

spot_img

ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម WANG YANG ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធនិម្មិត (Zoom) នៅវិមានព្រឹទ្ធសភានារសៀលថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១ ។

ក្នុងឱកាសនោះ ឯកឧត្តម Wang Yang បានសម្តែងនូវសេចក្តីសប្បាយរីករាយ ចំពោះឱកាសបានជួបពិភាក្សាការងារជាថ្មីម្តងទៀត ជាមួយនឹងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាពេលនេះ។ ឯកឧត្តមបានរំលឹកអំពីដំណើរទស្សនកិច្ចរបស់សម្តេចប្រធានព្រឹទ្ធសភា កាលពីឆ្នាំ២០១៨ នៅសាធារណរដ្ឋប្រជាមានិតចិន ដែលពេលនោះបានពិភាក្សាគ្នា និងសម្រេចបានលទ្ធការងារសំខាន់ៗជាច្រើន។ ឯកឧត្តមបានវាយតម្លៃខ្ពស់ និងចាត់ទុកសម្តេចប្រធានព្រឹទ្ធសភាជាមិត្តចាស់របស់ប្រជាជនចិន។

ឯកឧត្តម Wang Yang បានគូសបញ្ជាក់ថា ទោះបីនាពេលបច្ចុប្បន្ននេះ ជាដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ ក៏កិច្ចពិភាក្សាការងារទ្វេភាគីតាមប្រព័ន្ធវីដេអូនាពេលនេះ នឹងជំរុញចំណងមិត្តភាព និងទំនាក់ទំនងដ៏ល្អប្រពៃរវាងប្រជាជននៃប្រទេសទាំងពីរ។
ឯកឧត្តម Wang Yang បានលើកឡើងអំពីសុន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អំពីចំណងមិត្តភាពចិន-កម្ពុជា ក្នុងអំឡុងទស្សនកិច្ចផ្លូវការរបស់ឯក-ឧត្តម Wang Yi រដ្ឋមន្រ្តីការបទេសនៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជាកាលពីពេលថ្មីៗ នេះ ដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅប្រទេសចិន និងនាំមកនូវការចាប់អារម្មណ៍ និងក្តីរំភើបចិត្តដល់ប្រជាជនចិន។

ឯកឧត្តម Wang Yang បានគូសបញ្ជាក់ថា សាធារណរដ្ឋប្រជាមានិតចិននឹងបន្តគាំទ្រកម្ពុជាលើគ្រប់វិស័យ ការថែរក្សាឯករាជ្យភាព អធិបតេយ្យភាពជាតិ ការប្រយុទ្ធប្រឆាំងនឹងវិបតិ្តកូវីដ-១៩ ព្រមទាំងបន្តគាំទ្រកម្ពុជានៅលើឆាកអន្តរជាតិ។

ឯកឧត្តម Wang Yang បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឹកូវីដ-១៩។
ឯកឧត្តមបានគូសបញ្ជាក់ថា ទំនាក់ទំនង និងចំណងមិត្តភាពរវាងកម្ពុជា-ចិន ដែលត្រូវបានបង្កើតឡើងដោយព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិនជំនាន់មុន ត្រូវបានពង្រឹងពង្រីកប៉ុន្មានឆ្នាំកន្លងទៅនេះ ជាមិត្តភាពដែកថែប ជាមិត្តរួមសុខ រួមទុក្ខជាមួយគ្នា ហើយឆ្លងកាត់វិញ្ញាសារកូវីដ-១៩នេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពស្និទ្ធស្នាល ឡើងថែមទៀត។

ឯកឧត្តម Wang Yang បានចែករំលែកទស្សនៈអំពីការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការគ្រប់វិស័យ រវាងប្រទេសទាំងពីរ តាមរយៈ៖
១)ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំកំពូលរវាងប្រទេសទាំងពីរ ជាពិសេសដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជានៅប្រទេសចិន ក្រោយពេលស្ថានភាពកូវីដ-១៩បានធូរស្រាល។
២)បន្តពង្រឹងកិច្ចសហប្រតិបតិ្តការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ប្រទេសចិននឹងបន្តផ្តល់វ៉ាក់សាំង និង សម្ភារៈបរិក្ខារពេទ្យដល់ប្រទេសកម្ពុជា រហូតដល់កម្ពុជាយកឈ្នះលើការរាតត្បាតជំងឺកូវីដ-១៩ ទាំងស្រុង។
៣)ដោយពុះពារឧបសគ្គនៃវិបតិ្តកូវីដ-១៩ ពង្រឹងកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ពន្លឿនកិច្ចសហប្រតិបតិ្តការគំនិតផ្តួចផ្តើមផ្លូវនិងខ្សែក្រវ៉ាត់ (BRI) គម្រោងផ្លូវលឿនលឿន គម្រោងសាងសង់ព្រលានយន្តហោះថ្មី ការអភិវឌ្ឍទីក្រុងសេដ្ឋកិច្ចនៅខេត្តព្រះសីហនុ និងការនាំចូលកសិផលស្វាយ និងចេករបស់កម្ពុជា និងកសិផលរបស់កម្ពុជាផ្សេងទៀតទៅកាន់ប្រទេសចិន ដើម្បីពន្លឿនការស្តារឡើងវិញនូវសេដ្ឋកិច្ចពីវិបតិ្តកូវីដ-១៩។
ប្រទេសកម្ពុជា និងចិន ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ បានឆ្លងកាត់ការសាកល្បងរហូតដល់ក្លាយជាមិត្ត ដែកថែប។ ប្រទេសចិនសូមអរគុណប្រទេសកម្ពុជា ដែលតែងតែគាំទ្រប្រទេសចិន។ ប្រទេសចិនសូមគាំទ្រប្រទេសកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំ ASEM 13 និងធ្វើជាម្ចាស់ផ្ទះអាស៊ាននៅក្នុងឆ្នាំ២០២២ នាពេលខាងមុខ។
ប្រទេសចិននឹងបន្តផ្លាស់ប្តូរបទពិសោធន៍អភិបាលកិច្ចល្អជាមួយប្រទេសកម្ពុជា ចែករំលែកបទពិសោធន៍នៃការអភិវឌ្ឍរបស់ចិន នវានុវត្តន៍ ការសម្របសម្រួល សេដ្ឋកិច្ចបៃតង និងឈ្នះឈ្នះទាំងអស់គ្នា។

ឯកឧត្តម Wang Yang បានគូសបញ្ជាក់ថា ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ សភាប្រឹក្សា នយោបាយប្រជាជនចិន នឹងបន្តកិច្ចសហប្រតិបតិ្តការជាមួយនឹងព្រឹទ្ធសភាកម្ពុជា តាមរយៈលិខិត និងការផ្លាស់ប្តូរទស្សនគ្នាតាមប្រព័ន្ធវីដេអូ។

ក្នុងនាមឯកឧត្តមអនុប្រធានទី១ ឯកឧត្តមអនុប្រធានទី២នៃព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមដ៏ប្រពៃរបស់ឯកឧត្តម WANG YANG ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ដែលបានផ្តួចផ្តើមឱ្យមានកិច្ចពិភាក្សាការងារទ្វេភាគីរវាងស្ថាប័ននីតិ-ប្បញ្ញត្តិទាំងពីរ ដោយផ្តោតលើ “កិច្ចសហប្រតិបត្តិការប្រឆាំងនឹងជំងឺរាតត្បាតរវាងប្រទេសទាំងពីរ ការផ្លាស់ប្តូរបទពិសោធន៍ផ្នែកអភិបាលកិច្ច និងបញ្ហានានាដែលជាការព្រួយបារម្ភរួម”។ សម្តេចមានជំនឿជាក់ថា កិច្ចពិភាក្សានារសៀលនេះ នឹងទទួលបានលទ្ធផលជាផ្លែផ្កាជាទីមោទនៈ និងផ្តល់សារៈសំខាន់ដល់ការចូលរួមលើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស និងប្រជាជនទាំងពីរ។

សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការអបអរសាទរជាមួយនឹងប្រជាជន បក្សកុម្មុយនីស្តចិន រដ្ឋាភិបាល ដែលបានប្រារព្ធខួបលើកទី៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេង ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចដ៏ត្រចះត្រចង់ ក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំទី២ក្នុងពិភពលោក និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនចិនចាប់តាំងពីឆ្នាំ២០២០។ សម្តេចបានប្រសិទ្ធពរជូនសាធារណរដ្ឋប្រជា-មានិតចិន ឈានឆ្ពោះទៅសម្រេចបាននូវគោលដៅក្នុងការកសាងប្រទេសសង្គមនិយមដ៏ទំនើប រុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងសុខដុមរមនា នៅឆ្នាំ២០៤៩។

សម្តេចប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ និងមានសេចក្តីពេញចិត្តជាខ្លាំងចំពោះចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ ត្រូវបានលើកកម្ពស់ឥតឈប់ឈររហូតក្លាយជា “កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ”។ ទោះក្នុងបរិបទកូវីដ-១៩ ទំនាក់ទំនងលើវិស័យជាច្រើននៅតែបន្តស្តែងឡើងតាមរយៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចក្រៅផ្លូវការនៅប្រទេសចិន ដើម្បីបង្ហាញពីមិត្តភាព សាមគ្គីភាព ប្រកៀកស្មារគ្នា រួមសុខរួមទុក្ខក្នុងគ្រាលំបាក ដែលបានធ្វើឱ្យសម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានប្រសិទ្ធនាមថា “វីរបុរសសង្ហារដើរបញ្រ្ចស់ទិស ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩” និងទស្សនកិច្ចជាផ្លូវការជាបន្តបន្ទាប់របស់ឯកឧត្តម Wang Yi រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម Wang Yi បានចូលរួមជាមួយនឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីជាអធិបតីក្នុងពិធីប្រគល់វិមានកីឡាដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណងនៃសាធារណរដ្ឋប្រជាមានិតចិន និងប្រជាជនចិន ចំពោះប្រជាជនកម្ពុជា។ ពហុកីឡាដ្ឋាននេះនឹងក្លាយជានិមិត្តរូបចំណងមិត្តភាពជ្រាលជ្រៅ និងយូរអង្វែងរវាងកម្ពុជា-ចិន និងក្លាយជាទីកន្លែងប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចប្រធានព្រឺទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះតួនាទីស្នូលអន្តរជាតិរបស់ចិន ដែលនាំមកនូវស្ថិរភាព សន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ និងសកលលោក ប្រកបដោយវឌ្ឍនភាព និងវិបុលភាព។

ក្នុងនាមប្រជាជនកម្ពុជា និងក្នុងនាមព្រឹទ្ធសភា សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជនចិន ដែលបានធ្វើជា “ខ្នងបង្អែក” ដ៏រឹងមាំបំផុត និងជួយសម្រួលដល់កាលៈទេសៈលំបាករបស់កម្ពុជាទាន់ពេលវេលា ដោយបានផ្ដល់ជំនួយប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩។
ជោគជ័យក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា គឺពិតជាមិនអាចកាត់ផ្តាច់បានពីការគាំទ្រដ៏ធំធេងរបស់រដ្ឋាភិបាល និងប្រជាជនចិនបានឡើយ។ ប្រជាជនកម្ពុជាបានចាត់ទុកថាការចាក់វ៉ាក់សាំង ជូនពលរដ្ឋប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងមិនគិតថ្លៃ គឺជាមរតកថ្មីមួយទៀតក្នុងចំណោមមរតកជាច្រើនដែលសម្តេចតេជោ នាយករដ្ឋមន្រ្តី និងគណបក្សប្រជាជនកម្ពុជា នាំមកជូនជាតិ និងប្រជាជនកម្ពុជា។ យើងខ្ញុំសូមចាត់ទុកមរតកជាប្រវត្ថិសាស្រ្តថ្មីនេះ ជាមរតកនៃចំណងមិត្តភាពដែកថែបរវាងប្រជាជន និងប្រទេសទាំងពីរផងដែរ។

សម្តេចប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះប្រជាជនចិន ព្រមទាំងថ្នាក់ដឹកនាំនៃសាធារណរដ្ឋប្រជាមានិតចិនទាំងអស់ ដែលមានឯកឧត្តម ស៊ី ជិនពីន ជាស្នូល ធ្វើឱ្យសម្រេចជោគជ័យដ៏ត្រចះត្រចង់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងរយៈពេលខ្លី ហើយបានក្លាយជាកំលាំងឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាសកល។ ការទទួលបានជោគជ័យនេះ អាស្រ័យដោយមានភាពដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់បក្សកុម្មុយនីស្តចិន រដ្ឋាភិបាល និងកំលាំងសាមគ្គីរបស់ប្រជាជនចិន ដែលប្រកាន់យកវិធានការដ៏ត្រឹមត្រូវម៉ឹងម៉ាត់ ឆ្លើយតបរហ័សទាន់ពេលវេលាប្រកបដោយភាពទទួលខុសត្រូវខ្ពស់។
ឆ្លងកាត់តាមវិញ្ញាសារថ្មីនៃបរិបទកូវីដ-១៩ បានបង្ហាញថាកម្ពុជា-ចិន បានឈរជាមួយគ្នាដ៏រឹងមាំ ក្នុងស្មារតីសាមគ្គីភាព មិត្តភាព រួមសុខរួមទុក្ខជាមួយគ្នាស្របតាមទិសស្លោកនៃប្រទេសទាំងពីរ “ជួយគ្នា ក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងពេលលំបាក” ។
កម្ពុជាប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយសាធារណរដ្ឋប្រជាមានិតចិន តាមគ្រប់រូបភាពដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីឈានទៅបើកដំណើរការជាប្រក្រតីឡើងវិញនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ក្នុងពេលអនាគតដ៏ខ្លី។
ក្នុងនាមប្រជាជនកម្ពុជា ក្នុងនាមព្រឹទ្ធសភា និងសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅចំពោះជំនួយរបស់សាធារណៈប្រជាមានិតចិន និងប្រជាជនចិន ដែលបានរួមវិភាគទានយ៉ាងច្រើនដ៏ការរីកចម្រើនដល់ប្រទេសកម្ពុជា ដែលធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍដូចសព្វថ្ងៃនេះ។
កម្ពុជាមិនគ្រាន់តែទទួលបាននូវការអភិវឌ្ឍខាងសេដ្ឋកិច្ចប៉ុណ្ណោះទេ និងថែមទាំងបានពង្រឹងនូវភាពជាម្ខាស់ និងពង្រឹងនូវឯករាជភាពរបស់ខ្លួនផងដែរ។
ជាមួយនឹងសមិទ្ធផលដែលមានរួចមកហើយ សម្តេចប្រធានព្រឹទ្ធសភាសង្ឃឹមថានឹងមានសមិទ្ធផលថ្មីៗ ដែលកើតចេញពីគំនិតផ្តួចផ្តើមពីក្របខ័ណ្ឌសហប្រតិបត្តិការក្រោមគម្រោងគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់មួយផ្លូវមួយ” (BRI), ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB), ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១, មហាអនុតំបន់ទន្លេមេគង្គ, កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP), កិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន និងអាស៊ានបូកចិន និងរួមចំណែកដល់ការលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែងនៅក្នុងតំបន់។

ព្រឹទ្ធសភាកម្ពុជា មានសេចក្តីរីករាយ និងសូមគាំទ្រចំពោះសហប្រតិបត្តិដ៏ល្អប្រពៃ និងគាំទ្រគ្នាទៅវិញទៅមកដោយសកម្មរវាងសភានៃប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក៏ដូចជាក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។ សម្តេចមានជំនឿជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងកាន់តែសកម្មថែមទៀត ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាទៅអនាគតក្រោយពេលដែលជំងឺរាតត្បាតកូវីដ-១៩ ត្រូវបានផុតរលត់ពីលើលោកយើងនេះទៅ។ ក្នុងន័យនេះ ព្រឹទ្ធសភាកម្ពុជា គាំទ្រការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំសភា គណៈកម្មការជំនាញ និងកម្រិតអគ្គលេខាធិការដ្ឋាន ដើម្បីផ្លាស់ប្តូរទស្សនៈ បទពិសោធន៍ និងជំនាញទៅវិញទៅមក។

សម្តេចប្រធានព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរពិតជានឹងនាំមកនូវសន្តិភាព ស្ថេរភាពរបស់ប្រទេសយើងផង ក្នុងតំបន ក៏ដូចជានៅក្នុងពិភពលោកផង។ សម្តេចបានវាយតម្លៃថា ការពិភាក្សានៅពេលនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការពង្រឹង និងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ពិសេសរវាងស្ថាបន័នីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×