ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលត្រូវអញ្ជើញទទួល វ៉ាក់សាំង Sinovac ចំនួន២លានដូស នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នេះ រាជរដ្ឋាភិបាលកម្ពុជា នឹងទទួលបានវ៉ាក់សាំងស៉ីណូវ៉ាក់ (Sinovac) ចំនួន ២លានដូស បន្ថែមទៀត ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនរាជរដ្ឋាភិបាលកម្ពុជា។
ការមកដល់របស់វ៉ាក់សាំង Sinovac ២លានដូសនេះ គឺជាជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជនចិន ហើយធ្លាប់ត្រូវបានប្រកាសឲ្យដឹងក្នុងឱកាស លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានៅពេលថ្មីៗកន្លងទៅនេះ។
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចាត់ទុកជាឧបករណ៍យុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទប់ស្កាត់ការឆ្លងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងកាត់បន្ថយអត្រាស្លាប់ដោយសារជំងឺដ៏កាចសាហាវមួយនេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ដៃគូអន្តរជាតិនានា ដែលបានជួយសម្រួបសម្រួលក្នុងការផ្តល់ជំនួយវ៉ាក់សាំងដល់ប្រទេសកម្ពុជានាពេលនេះ។
សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យក្រសួងសុខាភិបាល រៀបចំរក្សាទុកវ៉ាក់សាំងទាំងអស់អោយបានត្រឹមត្រូវ និងមិនត្រូវទុកឱ្យវ៉ាក់សាំងដេកនៅក្នុងឃ្លាំងរហូតហួសកាលបរិច្ឆេទនោះទេ គឺត្រូវរៀបផែនការយុទ្ធនាការជាបន្តបន្ទាប់ ចាក់ជូនប្រជាពលរដ្ឋទូទៅ រហូតឈានដល់ដំណាក់កាលចាក់ជូនកុមារ អាយុចាប់ពី ៦ឆ្នាំ ឡើងទៅ រហូតដល់មនុស្សចាស់ ដើម្បីមានភាពស៊ាំក្នុងសហគមន៍ ឈានទៅបើកដំណើរការប្រទេសឡើងវិញ លើគ្រប់វិស័យនាពេលឆាប់ៗនេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN