Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ៖​សំណូមពរ​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ខិតខំ​ថែរក្សា​សមិទ្ធផល​វិស័យ​ពុទ្ធសាសនា​

spot_img

កំពង់ចាម​៖ លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ខិតខំ​ថែរក្សា​សមិទ្ធផល ដើម្បី​ទុក​ជា​ឧត្តម​ប្រយោជន៍ សម្រាប់​វិស័យ​ពុទ្ធ​សាសនា និង​ប្រជា​ពុទ្ធបរិស័ទ ទាំង​ក្នុង​និង​ក្រៅប្រទេស​។​

​ដើម្បី​រួមចំណែក​លើក​ស្ទួយ​វិស័យ​ពុទ្ធចក្រ ព្រមទាំង​ទុក​ជា​ចំណងដៃ​ឆ្នាំ​ថ្មី ជូន​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ពង្រឹង​មូលដ្ឋាន​ស្រុក​ព្រៃឈរ បាន​ដាក់​សម្ពោធ​សមិទ្ធផល​ថ្មីៗ​មានដូចជា ខ្លោងទ្វារ របង និង​កុដិ ១​ខ្នង ស្ថិតនៅ​ក្នុង​វត្ត​បោក្ខរណី​សត្ថា​រាម ហៅ​វត្ត​គូរ កាលពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០១៨​។​

​លោក ប៉ាន សូរ​ស័ក្តិ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល ដែល​ប្រសូត្រ​ចេញ​ពី​កម្លាំង​សាមគ្គី​ធម៌ របស់​ព្រះគ្រូ​ចៅ​អធិការ គណៈកម្មការ​អាចារ្យវត្ត និង​ប្រជា​ពុទ្ធបរិស័ទ​ថ្ងៃនេះ និង​បាន​ជម្រាប​ជូន​អង្គពិធី អំពី​កិច្ច​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការស្តារ និង​អភិវឌ្ឍន៍​វិស័យ​ពុទ្ធសាសនា​ឡើងវិញ បន្ទាប់ពី​ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​។​

​លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បាន​កំពុង​បន្ត​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន ដូចជា​ផ្លូវថ្នល់ កំពង់ផែ ស្ពាន និង​ប្រព័ន្ធ​ធារាសាស្ត្រ សំណង់​វា​រី​អគ្គិសនី ផ្លូវដែក និង​សំណង់​តូច​ធំ​នានា ដើម្បី​បម្រើ​សេចក្តីត្រូវការ​ប្រចាំថ្ងៃ​របស់​ប្រជាជន និង​កាត់បន្ថយ​ចំណាយ​ថ្លៃដើម​ផលិតកម្ម ព្រមទាំង​ជំរុញ​កំណើនសេដ្ឋកិច្ច​។ លើសពីនេះ រាជរដ្ឋាភិបាល​ក៏​បាន​កំពុង​បន្ត​ទាក់ទាញ​វិនិយោគិន​បរទេស ឲ្យចូល​មក​បណ្តាក់ទុន​កាន់តែច្រើន ដើម្បី​បង្កើត​ការងារ​ជូន​ប្រជាជន កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក ជាពិសេស​ប្រែក្លាយ​កម្ពុជា ឲ្យទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​ទន្ទឹម​គ្នា​នេះ​លោក ប៉ាន សូរ​ស័ក្តិ ក៏​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ខិតខំ​ថែរក្សា​សមិទ្ធផល​ថ្ងៃនេះ ដើម្បី​ទុក​ជា​ឧត្តម​ប្រយោជន៍​សម្រាប់​វិស័យ​ពុទ្ធ​សាសនា និង​ប្រជា​ពុទ្ធបរិស័ទ​ទាំង​ក្នុង​និង​ក្រៅប្រទេស​។ លើសពីនេះ លោក​រដ្ឋមន្ត្រី ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ធ្វើដំណើរ​ដោយ​ប្រុងប្រយ័ត្ន​នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី និង​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​គ្រោះ​អគ្គិភ័យ ដែល​បណ្តាល​មកពី​ការធ្វេសប្រហែស​ផ្សេងៗ​។​

​គួរ​រំលឹក​ដែរ​ថា ក្នុង​រយៈពេល ៣៩​ឆ្នាំនេះ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល សិទ្ធិសេរីភាព និង​ជំនឿ​សាសនា​ត្រូវបាន​ធានា និង​បើក​ទូលាយ​ឱ្យ​ប្រជាជន​គ្រប់ៗ​រូប​អាច​ប្រតិបត្តិ​ទៅតាម​ជំនឿ ដែល​កត្តា​នេះ​បាន​នាំ​ទៅរក​ភាព​សុខដុម​នីយកម្ម​សាសនា និង​ការរីកចម្រើន​ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ​។ បច្ចុប្បន្ន​រាជរដ្ឋាភិបាល បាន​នឹង​កំពុង​ខិតខំ​ធ្វើឱ្យ​វត្ត​អារាម និង​ព្រះវិហារ​សាសនា​ទាំងអស់ ក្លាយជា​ទី​សក្ការៈបូជា និង​ជា​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ស្មារតី​ប្រជាជន ដើម្បី​ចូលរួម​ស្តារ និង​អភិវឌ្ឍន៍​សង្គម​ជាតិ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×