Sunday, October 17, 2021

ប្រជាពលរដ្ឋ ២៤១គ្រួសារ មានទំនាស់ដីធ្លី ជាមួយឧកញ៉ា ថៃ ជាហួត-ហៀង ប៊ុនប៉េង សុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ ៖ ប្រជាពលរដ្ឋចំនួន ២៤១គ្រួសារ នៅភូមិចំពុះក្អែក ១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បានចូលខមមិនសុំអន្តរាគមន៍ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយរកយុត្តិធម៌រឿងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ និងបក្ខពួក បានឃុបឃិតគ្នាជាប្រព័ន្ធលួចធ្វើវិញ្ញាបនបត្រសំគាល់អចលនវត្ថុ លើដីកំពុងមានទំនាស់ទំហំ ៥៨ហិកតា ឲ្យទៅឧកញ៉ា ថៃ ជាហួត និងឧកញ៉ា ហៀង ប៊ុនប៉េង ដែលធ្វើរំលោភលើ ស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧។

ជាមួយនឹងការសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋក៏បានដាក់ជូននៅលិខិតពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋម្ចាស់ដីចំនួន ២៤១គ្រួសារ ប្តឹងលោកសារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ និងបក្ខពួក ទៅឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ផងដែរ។

ប្រជាពលរដ្ឋបានឲ្យដឹថា ចំពោះពាក្យបណ្តឹងដែលប្តឹងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ និងបក្ខពួក គឺខាងក្រសួងនឹងជូនដំណឹងមកប្រជាពលរដ្ឋវិញនៅក្នុងសប្តាហ៍នេះ។

យោងតាមពាក្យបណ្តឹងបានឲ្យដឹងថា តាំងពីឆ្នាំ២០១៧ ក្រុមការងារដោះស្រាយដីវិវាទរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងធ្វើការដោះស្រាយដីទំនាស់ទំហំ ៥៨ហិកតា ស្ថិតនៅភូមិចំពុះក្អែក ១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នេះ រហូតមកមិនទាន់បានដោះស្រាយបញ្ចប់នៅឡើយទេ ប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងទប់ស្កាត់ការចេញប័ណ្ណថ្មី ការផ្ទេរផ្នូរ ឬការធ្វើចរន្តកាគ្រប់ប្រភេទលើដីកំពុងមានទំនាស់នេះ ទៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ចំនួន ០២លើក ដើម្បីបង្កើនប្រសិទ្ធិភាព លើកទី១. នៅថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២០ លើកទី២. នៅថ្ងៃទី ០៦ ខែសីហាឆ្នាំ ២០២០។

ចាប់ពីថ្ងៃទទួលពាក្យបណ្តឹងមក មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ មិនដែលហៅប្រជាពលរដ្ឋមកដោះស្រាយទេ។ ហើយក៏បានដាក់ពាក្យបណ្តឹងទប់ស្កាត់បន្តទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២១ ថែមទៀត។ ស្រាប់តែនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ លោកថៃ ជាហួត និងលោកហៀង ប៊ុនប៉េង បានធ្វើសកម្មភាពតទុយោបូមដី ដាក់ចូលលើទីតាំងដីរបស់ប្រជាពលរដ្ឋ ដែលក្រសួងកំពុងតែដោះស្រាយជម្លោះនេះ ពេលប្រជាពលរដ្ឋចុះទៅឃាត់គេ បានបង្ហាញវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុចំនួន ០២ សន្លឹក ហើយ អះអាងថា បានទិញដីនេះពីលោកស្រី ស៊ុយ សុផាន ហើយ។

នៅក្នុងពាក្យបណ្តឹងប្រជាពលរដ្ឋបានរំលឹក ពីការប្តឹងតវ៉ាគ្នាជាមួយក្រុមហ៊ុនផានអីម៉ិចខ្លះៗថា កាលលោកស្រី ស៊ុយ សុផាន នៅរស់គាត់បានយកប័ណ្ណកម្មសិទ្ធិទីតាំងដីនៅកន្លែងផ្សេង ដែលធ្វើឡើងតាមរយៈឯកសារក្លែងបន្លំយកមកប្ដឹងចាញ់ប្រជាជនគ្រប់កន្លែង។ ប្រជាជនក៏បានសុំឲ្យក្រសួងចាត់មន្ត្រីជំនាញចុះទៅវាស់វែងរកទីតាំងដីតាមប័ណ្ណកម្មសិទ្ធិរបស់លោកស្រី ស៊ុយ សុផាន ថា បើវាស់ទៅទីតាំងដីរបស់លោកស្រី ស៊ុយ សុផាន និងបក្ខពួកជាន់លើដីរបស់ប្រជាពលរដ្ឋដែលកំពុងប្តឹងតវ៉ាហ្នឹង ប្រជាពលរដ្ឋសន្យាថា ឈប់មកតវ៉ាទៅទៀតហើយ ប៉ុន្តែលោកស្រី ស៊ុយ សុផាន ប្រកែកមិនព្រមឲ្យវាស់វែងទេ ក្រោយមកក្រសួងបានកោះហៅដោះស្រាយម្ដងទៀត តែលោកស្រី ស៊ុយ សុផាន អត់ចូលខ្លួនតែម្តង។ ហើយឥឡូវលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ និងប្រធានការិយាល័យភូមិបាលខណ្ឌច្បារអំពៅ បានឃុបឃិតគ្នាជាប្រព័ន្ធ លួចធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មី ឲ្យត្រូវលើទីតាំងដីកំពុងមានទំនាស់នេះឲ្យទៅលោក ថៃ ជាហួត និងលោក ហៀង ប៊ុនប៉េង ទាំងកម្រោលតែម្តង ដើម្បីប្ល.ន់យកដីពីប្រជាពលរដ្ឋ បន្ទាប់ពីលោកស្រី ស៊ុយ សុផាន បានមរណភាពទៅ។ ករណីនេះលោក សារិន វណ្ណ និងបក្ខពួក បានធ្វើបំពាន ស.ជ.ណ លេខ ១០៥ ស.ជ.ណ. ឧស ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាល ដែលបានហាមឃាត់ រដ្ឋបាលសុរិយោដីផ្អាកការចុះបញ្ជី ឬធ្វើការផ្ទេរផ្ទូរដីដែលមិនទាន់ដោះស្រាយរួច ដែលក្រសួងមិនទាន់ដោះស្រាយបញ្ចប់នៅឡើយ នេះជាអំពើរំលោភលើការហាមឃាត់ របស់គណៈរដ្ឋមន្ត្រីធ្ងន់ធ្ងរណាស់ ប្រជាពលរដ្ឋទទួលយកមិនបានទេ ដូចនេះសូមឯកឧត្តមឧបនាយករដ្ឋមន្ត្រី មេត្តាជួយរកយុត្តិធម៌ដល់ពួកគាត់ផង។

ជាមួយគ្នានេះ ប្រជាពលរដ្ឋម្ចាស់ដីទាំង២៤១គ្រួសារ សំណូមពរចំនួន ៣ចំណុច រួមមានៈ ១. សុំអន្តរាគមន៍ពីឯកឧត្តមឧបនាយករដ្ឋមន្តី្រ ជា សុផារ៉ា ធ្វើការឃាត់សកម្មភាពឈប់ឲ្យបូមដីដាក់លើដីរបស់ប្រជាទាំងអស់គា្នជាបន្ទាន់។ ២. មោឃៈភាពវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ 12100704 – 2154 ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វិញ្ញាប័នបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ 12100704 – 2155 ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២១ និងវិញ្ញាប័នបត្រសម្គាល់ម្ចាស់អចលនវត្ថុមួយចំនួនទៀតដែលបានធ្វើរំលោភលើដីទំនាស់សរុប ៥៨ ហិកតា។ ៣. សុំផ្ដន្ទាទោសជាទម្ងន់ដល់លោក សារិន វណ្ណា និងប្រធានការិយាល័យភូមិបាលខណ្ឌច្បារអំពៅទៅតាមផ្លូវច្បាប់។

ចំណែកឧកញ៉ា ថៃ ជាហួត និង ហៀង ប៊ុនប៉េង មិនអាចសុំការអត្ថាធិប្បាយបានទេ ពាក់ព័ន្ធករណីខាងលើនេះ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ