ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងប្រាប់ CEN នៅល្ងាចថ្ងៃទី១៤ ខែតុលា នេះថា រយៈពេល ២៨៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើង ២០០៣លើក បណ្តាលឲ្យមនុស្សស្លា.ប់បាត់បង់ជីវិតចំនួន ១១១២នាក់ និងរបួសចំនួន ២៧៦៨នាក់ ក្នុងនោះធ្ងន់ចំនួន ១៦៦៩នាក់។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បានកើតឡើងចំនួន ៨លើក ស្លា.ប់ ៦នាក់ និងងរបួសចំនួន ៩នាក់ ក្នុងនោះធ្ងន់ចំនួន ៥នាក់ និងស្រាល ៤នាក់។ គ្រោះថ្នាក់ចរាចរណ៍ទាំង ៨លើក កើតឡើងនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង ក្រចេះ កំពង់ស្ពឺ និងខេត្តកណ្តាល។
អ្នកនាំពាក្យបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ២៨៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ១៧១៣៧៧គ្រឿង ក្នុងនោះម៉ូតូចំនួន ១២៨៨៩៣គ្រឿង និងរថយន្តចំនួន ៤២៤៨៤គ្រឿង ក្នុងនោះរថយន្តតូច ៣៣៤៧៧គ្រឿង និងធំ ៩០០៧គ្រឿង៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ