Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្តផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារ និងអាជីវកម្មមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំលក្ខណៈឯកជន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ រយៈពេល១៤ថ្ងៃ

spot_img

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចស្តីពី ការបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬ ការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ហើយថា ក្នុងករណីសកម្មភាពការងារ មុខរបរ និងអាជីវកម្មណាមួយមិនអនុវត្តតាមការណែនាំ ត្រូវប្រឈមមុខនឹងការដកហូតអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត និងអាចឈានទៅបិទទីតាំងទាំងស្រុង។

សេចក្តីសម្រេចនេះ បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារមុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដូចជា រោងភាពយន្ត ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ។

ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នការជួបជុំ ឬ ការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន ដែលមានមនុស្សចូលរួមលើសពី ៥០នាក់ លើកលែងតែក្នុងករណី ដូចខាងក្រោម៖

-ការជួបជុំក្នុងចំណោមសមាជិកគ្រួសារ និងសាច់ញាតិ ក្នុងពិធីបុណ្យសាសនា ឬពិធីប្រពៃណីផ្សេងៗ
-ការរៀបចំពិធីបុណ្យសពដោយគោរព តាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច និងក្រោយពេលយកសំណាកសាកសព ទៅវិភាគរកមេរោគកូវីដ-១៩ ដោយទទួលបានលទ្ធផលអវិជ្ជមាន
-ការជួបជុំរបស់ស្ថាប័នសាធារណៈ ការប្រមូលផ្តុំមនុស្ស និងការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីអនុវត្តវិធានការសុខាភិបាលជាអាទិ៍ ការយកវត្ថុសំណាកមកវិភាគរកមេរោគកូវីដ-១៩ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩
-ការជួបជុំរបស់បុគ្គលិកសុខាភិបាល ដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត
-ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
-ការជួបជុំមនុស្សក្នុងអំឡុងពេលនៃកិច្ចនីតិវិធី របស់មន្ត្រីនគរបាលយុត្តិធម៌ ឬរបស់សាលាជម្រះក្តី
-ការជួបជុំមនុស្សដែលមានភាពចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬក្នុងគោលបំណងផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។

សកម្មភាពការងារ មុខរបរ និងអាជីវកម្មដែលមិនត្រូវបានហាមឃាត់ដូចក្នុងប្រការ២ និងការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនដែលត្រូវបានលើកលែងដូចក្នុងប្រការ៣ នៃសេចក្តីសម្រេចនេះ ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស់ កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្នុងករណីសកម្មភាពការងារ មុខរបរ និងអាជីវកម្មណាមួយមិនអនុវត្តតាមការណែនាំ ត្រូវប្រឈមមុខនឹងការដកហូតអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត និងអាចឈានទៅបិទទីតាំងទាំងស្រុង៕រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×