Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរាជទូតកម្ពុជាប្រចាំអាមេរិក រំលឹកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗមួយចំនួន ដែលនាំទៅដល់ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីកម្ពុជា

spot_img

ភ្នំពេញ ៖ បើតាមសេចក្តីប្រកាសព័ត៌មាន ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ តាមការអញ្ជើញរបស់វិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក (United States Institute of Peace – USIP) ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ក្នុងព្រឹត្តិការណ៍សាធារណៈ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ក្នុងឱកាសខួបលើកទី ៣០ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

ឯកឧត្តមឯកអគ្គរាជទូត បានថ្លែង សន្ទរកថា ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម នៅក្នុងព្រឹត្តិការណ៍នេះ៖

ជាបឋម ឯកឧត្តម ជុំ សុន្ទរី សូមថ្លែងអំណរគុណចំពោះវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក ដែលបានរៀបចំ ព្រឹត្តិការណ៍សាធារណៈតាមប្រព័ន្ធវីដេអូ នាឱកាសខួបលើកទី៣០ ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស ក៏ដូចជាសូមអរគុណដោយស្មោះចំពោះការអញ្ជើញរូបខ្ញុំដើម្បីចូលរួមថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ រួមជាមួយលោកជំទាវឧបការីរង Ariel Eckblad និងវាគ្មិនសំខាន់ៗដ៏ទៃទៀត។

ឯកឧត្តម ជុំ សុន្ទរី ចាប់ផ្តើម ដោយរំលឹកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗមួយចំនួនដែលនាំទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីកម្ពុជា។

១. ដំណើរឈានដល់កិច្ចព្រមព្រៀងមួយពិតជាវែងឆ្ងាយ និងបានចាប់ផ្តើមដោយជំនួបលើក ដំបូងរវាងសម្តេច ហ៊ុន សែន និងព្រះអង្គម្ចាស់នរោត្តមសីហនុ នាពេលនោះ នៅទីក្រុង Fere en-Tardenois ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៨៧ ដែលបានត្រួសត្រាយផ្លូវសម្រាប់ការ ចរចាជាបន្តបន្ទាប់ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីស។

២. កិច្ចព្រមព្រៀងទីក្រុងប៉ារីស បានផ្តល់នូវដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា។ ដំណោះស្រាយនេះនាំឱ្យមានការបោះឆ្នោតសកលលើកដំបូងនៅកម្ពុជាក្នុងឆ្នាំ១៩៩៣ ដែល រៀបចំនិងត្រួតពិនិត្យដោយអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (អ៊ុនតាក់)។ បន្ទាប់ពីការបោះឆ្នោត រដ្ឋធម្មនុញ្ញថ្មីដែលជាសមិទ្ធផលនៃកិច្ចព្រមព្រៀងប៉ារីស បានចូលជាធរមាន។ ជាលទ្ធផល ប្រទេសកម្ពុជាបានក្លាយជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ និងប្រកាន់ខ្ជាប់នូវប្រព័ន្ធនយោបាយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

៣. ទោះយ៉ាងណា ប្រទេសជាតិមិនទាន់ទទួលបានសន្តិភាពពេញលេញនៅឡើយទេ ដោយសារ ខ្មែរក្រហមបានដកខ្លួនចេញពីកិច្ចព្រមព្រៀងប៉ារីស ហើយបន្តធ្វើសង្គ្រាម។ ជាការពិត អ៊ុនតាក់ មិនបានបំពេញនូវអ្វីដែលកិច្ចព្រមព្រៀងប៉ារីសគួរតែសម្រេចបាននោះទេ។ បន្ទាប់ពីបាន ចំណាយថវិកា អស់ជាងពីរពាន់លានដុល្លារអាមេរិក និងប្រើប្រាស់កម្លាំងមួយចំនួនធំសម្រាប់ ប្រតិបត្តិការនៅកម្ពុជា អ៊ុនតាក់បានដកចេញទៅវិញ និងបន្សល់ទុកកម្ពុជាមួយដែលមាន តំបន់ត្រួតត្រា និងរដ្ឋាភិបាលពីរ។ សង្គ្រាមមិនបានបញ្ចប់ទេ។

៤. ដើម្បីដោះស្រាយបញ្ហាជាតិ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតគំនិតផ្តួចផ្តើម “នយោបាយឈ្នះ-ឈ្នះ” ដើម្បីធានាសន្តិភាព និងការបង្រួបបង្រួមជាតិ។ ការអនុវត្ត នយោបាយឈ្នះ-ឈ្នះបានបញ្ចប់សង្គ្រាមអូសបន្លាយនៅកម្ពុជា និងនាំមកនូវសន្តិភាពពេញលេញ ឯកភាពជាតិ និងទឹកដីនៅចុងឆ្នាំ១៩៩៨។

៥. អ្នកនយោបាយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា តែងតែរំលើកអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីរិះគន់ និងវាយប្រហារកម្ពុជា។ ដូច្នេះ ខ្ញុំសូមជម្រាបជូនអំពីទស្សនៈរបស់រដ្ឋាភិបាល យើងខ្ញុំចំពោះសំណួរថា “ហេតុអ្វីបានជាការដកស្រង់កិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺលែងពាក់ព័ន្ធទៀតហើយ ចាប់តាំងពីបេសកកម្មរបស់អ.ស.ប នៅកម្ពុជាបានបញ្ចប់នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ១៩៩៣?” ខ្ញុំជឿថា ទស្សនៈទាំងនេះនឹងឆ្លើយបំភ្លឺអំពីសំណួរដែលត្រូវលើកមក ពិភាក្សានៅពេលក្រោយទាក់ទងនឹងបរិយាកាសនយោបាយសេរី ការប្តេជ្ញាចិត្តក្រោមកិច្ច ព្រមព្រៀងប៉ារីស កាតព្វកិច្ចបច្ចុប្បន្នរបស់ហត្ថលេខីចំពោះការប្តេជ្ញាចិត្តទាំងនេះ ។ល។

ចំពោះបរិយាកាសនយោបាយសេរី

៦. តើយើងយល់យ៉ាងដូចម្តេចអំពីឃ្លាថា “បរិយាកាសនយោបាយសេរី”? ច្បាស់ណាស់ ឃ្លានេះ មានន័យស្មើនឹងមួយពាក្យថា ប្រជាធិបតេយ្យ។ លទ្ធិប្រជាធិបតេយ្យស្នើឱ្យមានការជជក ពិភាក្សានយោបាយដោយសេរី និងយុត្តិធម៌ ការប្រឈមមុខគ្នាដោយសន្តិវិធីលើភាពខុសគ្ន នៃគំនិត ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក។ នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣ មក យើងបានព្យាយាមអនុវត្តតាមគោលការណ៍ទាំងនោះ។ យើងបានព្យាយាម ប៉ុន្តែឆន្ទៈរបស់ រដ្ឋាភិបាលឱ្យមានអ្វីដែលយើងបានកំណត់ថាជា “វប្បធម៌សន្ទនា” ត្រូវបានបំពាន។ ដោយសារតែមានមនុស្សដែលភ័ន្តច្រឡំសេរីភាពបញ្ចេញមតិ ទៅជាសេរីភាពក្នុងការបរិហារ កេរ្តិ៍ និងបង្កាច់បង្អួច សេរីភាពក្នុងការអំពាវនាវឱ្យមានការស្អប់ខ្ពើមជាតិសាសន៍ និងសេរីភាព ក្នុងការផ្សព្វផ្សាយព័ត៌មាន និងឯកសារក្លែងក្លាយ សេរីភាពក្នុងការធ្វើឱ្យបែកបាក់ជាតិដោយ បំប៉ោងបញ្ហាបន្សល់ទុកពីសម័យអាណានិគមអំពីព្រំដែនទឹកដីជាតិ សេរីភាពក្នុងការអំពាវនាវ ឱ្យកងកម្លាំងប្រដាប់អាវុធ និងប៉ូលីសធ្វើការបះបោរ។ រាជរដ្ឋាភិបាលកម្ពុជា បដិសេធការប្រើប្រាស់ សេរីភាពក្នុងការបញ្ចេញមតិ
សម្រាប់ជាសេរីភាពនៃការប្រមាថ ឬក្លែងបន្លំ។ ដូចនៅក្នុង ប្រទេសប្រជាធិបតេយ្យភាគច្រើនដែរ យើងមានច្បាប់ – ច្បាប់ភាគច្រើនស្រដៀងនឹងបណ្ដា ប្រទេសដែលមានការអភិវឌ្ឍ – ដែលហាមឃាត់និងដាក់ទណ្ឌកម្មបទឧក្រិដ្ឋបែបនេះ។

៧. ដូច្នេះ ចម្លើយចំពោះសំណួរនេះគឺ បាទ លំហរបរិយាកាសនយោបាយសេរីនៅតែមាននៅកម្ពុជា សម្រាប់ប្រជាពលរដ្ឋដែលគោរពច្បាប់។

ការប្តេជ្ញាចិត្តក្រោមកិច្ចព្រមព្រៀងប៉ារីស

៨គោលបំណងនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺ “ដំណោះស្រាយនយោបាយរួម” នៃជម្លោះនៅ កម្ពុជា។ គោលបំណងនេះមានចារនៅក្នុងចំណងជើង និងនៅក្នុងបុព្វកថានៃកិច្ចព្រមព្រៀង។ តាមរបាយការណ៍ស្តីពីការចរចាដែលនាំដល់កិច្ចព្រមព្រៀង ពាក្យ “ដំណោះស្រាយនយោបាយ រួម” មានន័យថាការចូលរួមរបស់ភាគីទាំងបួននៃជម្លោះ និងជាពិសេសការដាក់បញ្ចូល DK (តំណាងឱ្យកម្ពុជាប្រជាធិបតេយ្យ) – ខ្មែរក្រហម – នៅក្នុងដំណោះស្រាយ។

៩. DK ដែលជាភាគីមួយក្នុងចំណោមភាគីហត្ថលេខីទាំងបួននៅកម្ពុជា មិនបានគោរពតាមកិច្ច ព្រមព្រៀងឡើយ។ ការមិនគោរពរបស់ភាគីហត្ថលេខីមួយក្នុងការអនុវត្តតាមការប្តេជ្ញាចិត្ត របស់ពួកគេ បានផ្តល់ផលវិបាកយ៉ាងខ្លាំងចំពោះគោលបំណងនៃកិច្ចព្រមព្រៀងទាំងនេះដូច ជា៖ អំឡុងពេលអន្តរកាល ការដកហូតអាវុធភាគីជម្លោះ ការបង្កើតបរិយាកាសនយោបាយ អព្យាក្រឹត ការលើកកម្ពស់សិទ្ធិមនុស្សការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួន និងគ្មានទី លំនៅ ការរៀបចំការបោះឆ្នោត ការស្តារនីតិសម្បទា និងការកសាងឡើងវិញ។ ការដកខ្លួន ចេញនេះ បានផ្លាស់ប្តូរគោលបំណងនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងបានបញ្ចប់នូវ លក្ខណៈដំណោះស្រាយនយោបាយរួមនៃកិច្ចព្រមព្រៀង ហើយបានផ្លាស់ប្ដូរជាមូលដ្ឋាននូវ សមតុល្យ និងកាតព្វកិច្ចដែលកើតចេញពីការចរចាដ៏វែង។

១០. បេសកកម្មរបស់អ.ស.ប បានបញ្ចប់នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ ស្របពេលនោះ ក៏ជា ការបញ្ចប់ទៅនូវការប្តេជ្ញាចិត្តដែលផ្ដល់ដោយកិច្ចព្រមព្រៀង។ បុគ្គលម្នាក់ៗមានការវាយតម្ល រៀងខ្លួនអំពីរបៀបដែលការប្តេជ្ញាចិត្តទាំងនេះត្រូវបានអនុវត្ត។

១១. របាយការណ៍មួយរបស់អគ្គលេខាធិការអង្គការអ.ស.ប S/25289 អនុម័តដោយក្រុមប្រឹក្សា សន្តិសុខអ.ស.ប បានលើកឡើងថា “ក្នុងនាមជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ភាគីកម្ពុជាមានទំនួលខុសត្រូវជាចម្បងចំពោះការអនុវត្តកិច្ចព្រមព្រៀង និងថាស្ថេរភាព និង សុខុមាលភាពរបស់កម្ពុជាទៅអនាគតអាស្រ័យលើប្រជាជនកម្ពុជាផ្ទាល់”។ ដូចនេះ វាច្បាស់ ណាស់ដែលថា នៅពេលដែលបេសកកម្មរបស់អ.ស.ប បានបញ្ចប់ វាអាស្រ័យលើប្រជាជន កម្ពុជាក្នុងការសម្រេចថាតើត្រូវអនុវត្តកិច្ចព្រមព្រៀងប៉ារីសយ៉ាងដូចម្តេច?

ចំពោះសំណួរស្តីពីកាតព្វកិច្ចបច្ចុប្បន្នរបស់ហត្ថលេខីចំពោះការប្តេជ្ញាចិត្តនៅក្នុងកិច្ចព្រមព្រៀងប៉ារីស

១២. គ្មានកាតព្វកិច្ចបច្ចុប្បន្នបន្ថែមទៀតក្រោមកិច្ចព្រមព្រៀងប៉ារីសទេ។ កិច្ចព្រមព្រៀងស្ដីពី អធិបតេយ្យភាព ឯករាជ្យ បូរណភាពទឹកដី និងភាពមិនអាចរំលោភបំពានបាន ភាពអព្យាក្រឹត និងឯកភាពជាតិរបស់កម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថាកម្ពុជានឹងរក្សាអធិបតេយ្យភាព និង ឯករាជ្យភាពរបស់ខ្លួននៅពេលដែលគោលការណ៍ទាំងនេះត្រូវបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។

១៣.ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស មិនដែលមាន កម្ពុជា បន្ទាប់ពីដំណាក់អន្តរកាល ពោលគឺនៅពេលបេសកកម្មរបស់អ.ស.ប បានបញ្ចប់ នឹងនៅតែស្ថិតក្រោមការត្រួតពិនិត្យរបស់ អន្តរជាតិឡើយ។

ចំពោះបញ្ហាសិទ្ធិមនុស្ស

១៤. នៅឆ្នាំ១៩៩២ ឧត្តមក្រុមប្រឹក្សាជាតិកម្ពុជាបានអនុម័តលើលិខិតុបករណ៍សិទ្ធិមនុស្សអន្តរជាតិ របស់អ.ស.ប ពាក់ព័ន្ធទាំងឡាយ។ ដូចបណ្តារដ្ឋជាសមាជិកអ.ស.ប ទាំងអស់ដែរ កម្ពុជា មានកាតព្វកិច្ចដោយការប្តេជ្ញាចិត្តក្នុងឋានៈជាសមាជិករបស់អ.ស.ប។

១៥. កម្ពុជាក្នុងនាមជារដ្ឋអធិបតេយ្យពេញលេញ បានទទួលយកវត្តមានរបស់ការិយាល័យឧត្តម ស្នងការសិទ្ធិមនុស្ស និងអាណត្តិរបស់តំណាងពិសេសរបស់អគ្គលេខាធិការអ.ស.ប ទទួល បន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា។ ការទទួលយកនេះមិនបានធ្វើឡើងដោយកាតព្វកិច្ចដែល កំណត់ដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលគ្រាន់តែបានលើកឡើងពីលទ្ធភាព “បន្ទាប់ពី ការបញ្ចប់នៃអំឡុងពេលអន្តរកាល” តែប៉ុណ្ណោះ។

កម្ពុជាកំពុងស្ថិតនៅលើផ្លូវតូវ ចាប់តាំងពីការបញ្ចប់បេសកកម្មរបស់អ.ស.ប

១៦. សន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ នាំមកនូវឱកាសមាសដល់កម្ពុជាដែលមិនធ្លាប់ មានពីមុនមក ដើម្បីសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យនិងគួរឱ្យមោទនៈនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។ មុនពេលមានកូវីដ-១៩ កម្ពុជាសម្រេចបាន កំណើនជាមធ្យមជាង ៧% ក្នុងមួយឆ្នាំ។ ជាលទ្ធផល សេដ្ឋកិច្ចជាតិរីកចម្រើនយ៉ាងឆាប់ រហ័ស និងមានស្ថេរភាព។ ជាក់ស្ដែងផលិតផលក្នុងស្រុកសរុបបានកើនឡើងពី ៣.៦៤៩ លានដុល្លារ ក្នុងឆ្នាំ២០០០ ដល់ប្រមាណ ២៤.៦០៥ លានដុល្លារ ក្នុងឆ្នាំ២០១៨។ ផ្អែកលើ សមិទ្ធផលសេដ្ឋកិច្ចទាំងនេះ ជីវភាពរស់នៅរបស់ប្រជាជនជាទូទៅបានប្រសើរឡើងជាបន្ត បន្ទាប់ ដែលឆ្លុះបញ្ចាំងពីកំណើនប្រាក់ចំណូលជាមធ្យមក្នុងមនុស្សម្នាក់ពី ២៨៨ ដុល្លារអាមេរិក ក្នុងឆ្នាំ២០០០ ដល់ ១.៥៦៣ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨។ អត្រាភាពក្រីក្របានធ្លាក់ចុះពី ប្រហែល ៥៣.២% ក្នុងឆ្នាំ២០០៤ មកនៅត្រឹមប្រមាណ ១៣.៥% ក្នុងឆ្នាំ២០១៤ ហើយ រំពឹងថានឹងបន្តធ្លាក់ចុះមកនៅត្រឹម ១០%នាពេលបច្ចុប្បន្ន។

១៧.៣០ឆ្នាំមុន អ.ស.ប បានបញ្ជូនកងរក្សាសន្តិភាពរបស់ខ្លួនដើម្បីជួយយើង។ ពេលនេះគឺជាវេន របស់យើងវិញក្នុងការបញ្ជូនកងរក្សាសន្តិភាព ដើម្បីជួយប្រទេសផ្សេងទៀតនៅលើពិភពលោក។ ចាប់តាំងពីឆ្នាំ២០០៦ មក កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាង ៧.០០០នាក់ សម្រាប់ប្រតិបត្តិការរក្សាសន្តិភាពរបស់អ.ស.ប នៅស៊ូដង់ ស៊ូដង់ខាងត្បូង សាធារណរដ្ឋ អាហ្វ្រិកកណ្តាល ឆាដ ស៊ីប លីបង់ ម៉ាលី ស៊ីរី និងយេម៉ែន»៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×