Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវទេសចរ​ចូល​ទស្សនា​ខេត្ត​ព្រះសីហនុ ដែល​ទើប​ឈ្នះ​ជ័យលាភី​ផ្កា​រំដួល​៣​ទង ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ការតាំងពិព័រណ៍​សំរាម និង​ភ្លើង​រាត្រី​

spot_img

​ខេត្ត​ព្រះសីហនុ​៖ ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍ ពិសេស​ភ្ញៀវ​ជាតិ ដែល​បាន​ចូលមក​ដល់​ខេត្ត​ព្រះសីហនុ ដែល​ទើប​ឈ្នះ​ជ័យលាភី​ទទួលបាន​ផ្ការំដួល​៣​ទង ពី​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល បានបង្ហាញ​ការចាប់អារម្មណ៍​ដោយ​អះអាងថា ពេល​បាន​ចូលមក​ដល់​មូល​ដ្ឋាន​នេះ​ពួកគេ បាន​ឃើញ​ទិដ្ឋភាព​២ ដាច់ដោយឡែក​ពីគ្នា​នោះ​គឺ ទិដ្ឋភាព​មើលឃើញ​នៅ​ពេល​ថ្ងៃ និង​ទិដ្ឋភាព​ពេល​រាត្រី នៅ​ទី​ប្រជុំជន​ក្នុង​ក្រុង​ព្រះសីហនុ​ពេលបច្ចុប្បន្ន​។

ចំណុច​ដែល​ភ្ញៀវទេសចរ ពិសេស​ភ្ញៀវ​ជាតិ​ភាគច្រើន​បាន​ចាប់អារម្មណ៍ និង​បង្ហាញ​ការហួសចិត្ត​នោះ​គឺ នៅ​ពេល​ពួកគេ​បាន​ធ្វើដំណើរ​តាម​រថយន្ត ចូលមក​ដល់​ទីប្រជុំជន​ក្រុងព្រះសីហនុ​សង្កេត​ឃើញ​ញ​ថា នៅតាម​ផ្លូវ​សាធារណៈ ឬ​ផ្លូវ​ថ្នល់​ក្រាល​កៅស៊ូ​ភាគច្រើន នា​ក្រុង​ទេសចរណ៍​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ មាន​ដាក់​តាំងពិព័រណ៍​សំរាម ឬ​កាកសំណល់​សំរាម​រីក​ដូច​ផ្សិត ទុក​ចោល​នៅ​តាម​ចិញ្ចើម​ផ្លូវ​ថ្នល់ និង​មាន​ក្លឹនស្អុយ ដើម្បី​ស្វាគមន៍​ភ្ញៀវទេសចរ​ពេល​ធ្វើដំណើរ​មក​ដល់​ក្រុង​ទេសចរណ៍​មួយ​នេះ​។

ភ្ញៀវ​ទេសចរ​មួយ​ចំនួន បាន​រិះគន់​ថា រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ ចំពោះ​ការ​ទុកចោល​គ្មាន​សណ្តាប់ធ្នាប់ នៅ​តាម​ចិញ្ចើមថ្នល់ និង​មាន​ក្លឹនស្អុយ នាំឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍ របស់​អ្នកធ្វើដំណើរ​ឆ្លងកាត់​។

ភ្ញៀវ​ទេសចរ​ទាំងនោះ ក៏​បាន​រិះគន់​រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ ថា​មិន​ទាន់​អាច​គ្រប់គ្រង​កាកសំណល់​សំរាម ឲ្យបាន​ត្រឹមត្រូវ​ទេ ហើយ​មិន​គួរ​ទុក​ឲ្យ​សំណល់​ស្អុយ​ទាំងនោះ ទុកចោល​យូរថ្ងៃ តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ នាំ​ឲ្យ​រង​ការករិះគន់​ពី​សាធារណៈជន ពិសេស​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដូច​រាល់ថ្ងៃ​នេះ​ទៀត​ទេ​។

ភ្ញៀវទេសចរ​ខ្លះ បាន​ប្រដូច​ក្រុង​ទេសចរណ៍​ខេត្ត​ព្រះសីហនុ នាពេល​បច្ចុប្បន្ន​ថា បាន​ក្លាយទៅជា​ទីវាល​ចាក់​សំរាម ឬ​ទីកន្លែង​ដាក់​តាំងពិព័រណ៍​សំរាម សម្រាប់​ផ្តល់ជូន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដែល​ចូលមក​ដល់​មូលដ្ឋាន​នេះ​ទស្សនា​ហើយ​ពេលនេះ​។ ភ្ញៀវ​ទេសចរ​​ខ្លះទៀត ក៏​បាន​រិះគន់​ថា មិនគួរ​ក្រុង​-​ខេត្ត​ព្រះសីហនុ ដែល​ទើប​ជាប់​ចំណាត់ថ្នាក់​ទីក្រុង​ស្អាត ហើយ​ទទួលបាន​ជ័យលាភី​ផ្កា​រំដួល ៣​ទង ពី​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៨​នេះ ប៉ុន្តែ​បែរជា​ជាក់ស្តែង​បរិស្ថាន នៅក្នុង​ទីក្រុង​ទាំងមូល គឺ​គ្មាន​អនាម័យ ដោយ​មាន​កាកសំណល់​សំរាម ត្រូវ​គេ​ទុក​ចោល​យូរថ្ងៃ គ្មាន​សណ្តាប់​ធ្នាប់​នៅ​តាម​ចិញ្ចើមផ្លូវ​សាធារណៈ​បែបនេះ​ទៅវិញ​ទេ​។

ទាក់ទិន​អនាម័យ​នេះដែរ ងាក​មក​ប្រតិបត្តិ​ករ​បំរើ​វិស័យ​ទេសចរណ៍ ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ទី​ប្រជុំជន​ក្រុង​ព្រះសីហនុ បាន​រិះគន់​ថា បច្ចុប្បន្ននេះ ក្រុង​ទេសចរណ៍​ដែល​ទើប​ទទួលបាន​ជ័យលាភី​ផ្ការំដួល​៣​ទង ពី​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​ពេល​ថ្មីៗ​នេះ គឺ​បច្ចុប្បន្នភាព​នេះ មិន​មាន​ទឹក​ស្អាត និង​ចរន្តអគ្គិសនី សម្រាប់​ផ្តល់ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​នៅតាម​តំបន់​ខ្លះ ឲ្យបាន​គ្រប់​ចំនួន​ទេ ពិសេស​ចរន្តអគ្គិសនី ឬ​ចរន្ត​ភ្លើង បាន​ស្ទើរ​ជា​រៀងរាល់ថ្ងៃ និង​បង្ក​ការលំបាក​ដល់​ការរស់នៅ និង​ប្រកប​របរ​ទទួលទាន​ប្រចាំថ្ងៃ​។​
​ត្រង់​ចំណុច​នេះ ភ្ញៀវទេសចរ​ជាតិ បាន​ទទូច​ដល់​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ​ក្រោម​ឱវាទ នៃ​រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ទី​ប្រជុំជន​ក្រុង​ទេសចរណ៍​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ ត្រូវ​រួម​សហការ​គ្នា​ថែរក្សា​សំអាត​បរិស្ថាន​អនាម័យ​មូលដ្ឋាន​នេះ ឲ្យបាន​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន ព្រោះ​ក្រុង​ទេសចរណ៍​មួយ​នេះ​ទើប​ជាប់​ចំណាត់ថ្នាក់​ជា​ទីក្រុង​ស្អាត និង​ឈ្នះ​ជ័យលាភី​ផ្ការំដួល​៣​ទង ពី​ប្រមុខ​ដឹកនាំ​ផង ដើម្បី​រក្សា​កិត្តិយស​ខេត្ត​នេះ​ផង និង​កុំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​សង្គមជាតិ​ទាំងមូល ជា​ពិសេស​កុំ​ឲ្យ​ប៉ះពាល់​កិត្តិយស របស់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ដែល​បាន​ផ្តល់​ទំនុកចិត្ត និង​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ​រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ​ជា​បន្តបន្ទាប់​មក​នេះ​។​

​ងាក​មក​ចំណាប់អារម្មណ៍​ដាច់ដោយឡែក​មួយ​ទៀត ដែល​ភ្ញៀវទេសចរ​ភាគច្រើន អះអាងថា ពួកគេ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿភ្នែក​នោះ គឺ ទិដ្ឋភាព នៅ​ពេល​រាត្រី​ចូលមក​ដល់ សង្កេតឃើញថា មាន​សំណង់​អាគារ​ធំៗ ភាគច្រើន​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ មើលទៅ​ហាក់បីដូចជា​មិនមែន​ស្ថិតក្នុង​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះទេ ព្រោះ​មាន​អាគារ​ប្រណិតៗ​ធំ​ស្កឹមស្កៃ មាន​តាំង​ភ្លើង​ចម្រុះ​ពណ៌ និង​មាន​សរសេរ​អក្ស​ជា​ភាសា​ចិន​ធំៗ នៅ​ពីមុខ​អាគារ​ទីតាំង​នី​មួយៗ សម្គាល់​ទីតាំង​ក្លឹប​កម្សាន្ត​រាត្រី បន​ល្បែងស៊ីសង ឬ​សណ្ឋាគារ កាស៊ីណូ និង​ភោជនីយដ្ឋាន​ជាដើម មាន​សោភ័ណភាព​ចាំង​ចែង ដូច​នៅ​ប្រទេស​ជឿនលឿន​លើ​ពិភពលោក​អញ្ចឹង​ដែរ​។ ហើយ​អាគារ​ខ្លះ​ស្ទើរ​មិន​មាន​សរសេរ​អក្សរ​ខ្មែរ​សូម្បី​មួយ​តែ​មួយ​តួ​ក៏មានដែរ ហើយ​ចំពោះ​ស្លាក​សញ្ញា​សម្គាល់​នៅតាម​ទីតាំង​ខ្លះ ដែល​មាន​សរសេរ​អក្សរ​ខ្មែរ​វិញ គឺ​បាន​សរសេរ​ខុស​អក្ខរាវិរុទ្ធ​ភាគច្រើន​ក៏​មាន​ដែរ ប៉ុន្តែ​មិនឃើញ​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​ក្រោម​ឱវាទ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចេញ​មុខ​មាន​វិធានការ ណែនាំ​កែលម្អ​ឲ្យបាន​ត្រឹមត្រូវ​នោះ​ទេ​។

​ទន្ទឹមគ្នានេះ ភ្ញៀវទេសចរ​ជាតិ​ភាគច្រើន ក៏​បង្ហាញ​ការចាប់អារម្មណ៍ និង​គាំទ្រ ទៅលើ​សកម្មភាព​ដឹកនាំ របស់លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ និង លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ដែល​បាន​ជម្រុញ​សកម្មភាព​ដឹកនាំ​មូលដ្ឋាន​នេះ ឲ្យមាន​ការរីកចម្រើន នៅ​លើ​វិស័យ​សំណង់ និង​បាន​កែ​នគរ​អ្នកវិនិយោគទុន មកពី​ក្រៅ​ប្រទេស ពិសេស​ប្រទេស​ចិន​ជាដើម ឲ្យចូល​មក​បណ្តាក់ទុន​រក​ស៊ី ឬ​ជួយ​អភិវឌ្ឍ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ឲ្យមាន​សន្ទុះ​រីកចម្រើន ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​គួរឲ្យកត់សម្គាល់​។
​ជាងនេះទៀត ក៏​បាន​កោតសរសើរ ដល់​ថ្នាក់ដឹកនាំ​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ ក្រោម​ឱវាទ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​បាន​រួម​សហការ​គ្នា អភិវឌ្ឍ​សួនច្បារ ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ លូបង្ហូរទឹក និង​ស្តារ​អូរ​ធម្មជាតិ​មួយ​ចំនួន ឲ្យបាន​ធំ​ទូលាយ ដើម្បី​រំដោះ​ទឹក​ជន​លិច​ទីប្រជុំជន​ក្នុង​ក្រុងព្រះសីហនុ មាន​លទ្ធផល​វិជ្ជមាន​គួរ​ឲ្យ​កត់​សម្គាល់ជា​បន្តបន្ទាប់​មក​នេះ​។​

យ៉ាងណា​ក៏ដោយ​ចុះ ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍ ពិសេស​ភ្ញៀវ​ជាតិ បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ មន្ត្រីរាជការ​នៅតាម​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ថ្នាក់ដឹកនាំ​រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ ឲ្យ​បន្ត​សកម្មភាព​ចុះ​សំអាត​អនាម័យ​បរិស្ថាន នៅតាម​ទីសាធារណៈ​ឬ​តាម​ផ្លូវ​សំខាន់ៗ ដែល​ភ្ញៀវទេសចរ​និយម​ធ្វើដំណើរ​ឆ្លងកាត់ ត្រូវ​ថែរក្សា ឬ​សំអាត​ឲ្យមាន​អនាម័យ​ជាប្រចាំ ដោយ​មិន​ត្រូវ​ឲ្យ​កាកសំណល់​សំរាម​ទុកចោល​ច្រើន​ថ្ងៃ និង​មាន​ក្លឹនស្អុយ​ដូច​រាល់ថ្ងៃ​នេះ​ទៀត​ទេ​។

ភ្ញៀវទេសចរ បានឲ្យដឹងថា កាកសំណល់​សំរាម ដែល​គរ​ទុក​ចោល​គ្មាន​សណ្តាប់ធ្នាប់​តាម​ចិញ្ចើម​ផ្លូវ​ថ្នល់ ឬ​តាម​ទីសាធារណៈ​នា​ទីប្រជុំជន​ក្រុងព្រះសីហនុ​រាល់ថ្ងៃនេះ គឺ​បាន​នាំឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវទេសចរ ពិសេស​ប៉ះពាល់​ដល់​កិត្តិយស​ខេត្ត​ទេសចរណ៍​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ​ធ្ងន់ធ្ងរ ព្រោះ​ក្រុង​-​ខេត្ត​ព្រះសីហនុ ទើប​ឈ្នះ​ជ័យលាភី​ទីក្រុង​ស្អាត និង​ទទួលបាន ផ្កា​រំដួល​៣​ទង ពី​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ឆ្នាំ​២០១៨​នេះ​ផង​៕ ដែន សីមា

       

spot_img
×