Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខួបលើកទី៤១ នៃទិវាស្បៀងអាហារពិភពលោកក្រោមប្រធានបទ “សកម្មភាពយើងគឺជាអនាគតយើង ផលិតកម្មល្អ អាហារូបត្ថម្ភល្អ បរិស្ថានល្អ នាំឱ្យជីវិតយើងកាន់តែប្រសើរ”

spot_img

ព្រៃវែង ៖ សម្រាប់ឆ្នាំ២០២១ នេះ គឺជាខួបលើកទី៤១ នៃទិវាស្បៀងអាហារពិភពលោកក្រោមប្រធានបទ
“សកម្មភាពយើងគឺជាអនាគតយើង ផលិតកម្មល្អ អាហារូបត្ថម្ភល្អ បរិស្ថានល្អ នាំឱ្យជីវិតយើងកាន់តែប្រសើរ” បានរៀបចំប្រារព្វនៅភូមិត្រពាំងប្រសែលិច ឃុំគោកគង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នៅព្រឹកថ្ងៃសៅរ៍ ១០កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្ត និងក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោក Antonio Schiavone តំណាងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) លោកស្រី Claire Conan តំណាងកម្មវិធីស្បៀងអាហារពិភពលោក (WFP) ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ បងប្អូនតំណាងកសិករ។

ជាបឋម អភិបាលនៃគណ:អភិបាលខេត្ត បានអានមតិស្វាយគមន៍ និងជម្រាបជូនអង្គពិធីអំពីដំណើរការអភិវឌ្ឍលើគ្រប់វិស័យ និងដោយឡែកវិស័យកសិកម្មកក្នងស្ថានភាពនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ដែលវិស័យនេះបានខិតខំបំពេញតួនាទីយ៉ាង សកម្មក្នុងការធានាឲ្យបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ស្បៀងនៅទូទាំងខេត្ត រួមទាំងរាជធានីភ្នំពេញផងដែរ។ លោកស្រី Claire Conan បានរាយការណ៍ជូនអង្គពិធីជ្រាបថានេះគឺជាលើកទី៤១ នៃទិវាស្បៀងអាហារពិភព លោក ហើយការប្រារព្ធទិវានាពេលនេះគឺជាព្រឹត្តិការណ៍សាកល ដែលពិភពលោកប្រារព្ធឡើងក្នុងន័យបំផុសស្មារតីឲ្យយល់ដឹង និងទទួលស្គាល់អំពីតួនាទីសំខាន់នៃវិស័យកសិកម្មក្នុងការផលិត និងធានាសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ អាហារូបត្ថម្ភ និងនិរន្តរភាពភពផែនដី បរិស្ថានដែលគ្រប់តួអង្គពាក់ព័ន្ធត្រូវមានឆន្ទៈចូលរួមឲ្យបានសកម្មក្នុងស្មារតីទទួលខុសត្រូវ សំដៅធានាឲ្យបានសន្តិសុខស្បៀងក្នុងស្ថានភាពដែលពិភពលោកបាននិងកំពុងប្រឈមបញ្ហាជំងឺឆ្លងសកលកូវីដ- ១៩។ លោក Antonio Schiavone នាយកអង្គការ FAO បានថ្លែងថាការជំរុញផលិតកម្មស្បៀងគឺជាឆន្ទ:រួមគ្នាពីអ្នកផលិត អ្នកបរិភោគ រដ្ឋាភិបាល វិស័យឯកជន ស្ថាប័នស្រាវជ្រាវ អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍ ធ្វើយ៉ាងណាឲ្យខ្លឹមសារនៃប្រធានបទនាថ្ងៃនេះទទួលបានជោគជ័យ ហើយអង្គការ FAO នឹងបន្តគាំទ្ររាល់សកម្មភាពដើម្បីឈានទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់យើងនាពេលអនាគត។

មានមតិនាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះវត្តមានភ្ញៀវជាតិ និងអន្តរជាតិ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ដៃគូពាក់ព័ន្ធទាំងអស់ដែលបានសហការគ្នារៀប ចំទិវានេះក្នុងស្មារតីប្រុងប្រយ័ត្នខ្ពស់ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩។ ក្នុងនាមថ្នាក់ដឹកនាំក្រសួង និងអភិបាលខេត្ត ឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយសម្តេចបានជូនពរបងប្អូនជនរួមជាតិ និងប្រជាពលរដ្ឋខេត្តព្រៃវែងឲ្យទទួលបាននូវពុទ្ធពរទាំង៤ប្រការ និងចៀសឲ្យផុតពីជំងឺឆ្លងកូវីដ-១៩ គ្រប់ៗក្រុមគ្រួសារ។ សម្រាប់កម្មវិធីថ្ងៃនេះ លោកបានរំលេចជូនថាការប្រារព្ធទិវានាពេលនេះ គឺស្របពេលជាមួយនឹងការរំលឹកខួបលើកទី៧៦ឆ្នាំ នៃការបង្កើតអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ និងជាព្រឹត្តិការណ៍ជាសាកលរបស់អង្គការ សហ ប្រជាជាតិ ដែលបណ្តាប្រទេសនានានៅលើពិភពលោកបានប្រារព្ធពិធីនេះឡើងក្នុងន័យបំផុស ស្មារតីឱ្យយល់ដឹង និងទទួលស្គាល់អំពីតួនាទីយ៉ាងសំខាន់នៃវិស័យកសិកម្ម ក្នុងការដោះស្រាយបញ្ហាសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ និងអភិវឌ្ឍន៍ជនបទដែលគ្រប់តួអង្គពាក់ព័ន្ធទាំង អស់ត្រូវមានឆន្ទៈចូលរួមឱ្យបានសកម្ម សំដៅឈានទៅរកការបញ្ចប់ភាពអត់ឃ្លាន របស់ប្រជាជននៃបណ្តាប្រទេសនៅទូទាំងសាកលលោក ដែលក្នុងនោះក៏មានកម្ពុជាផងដែរ។

ដោយសារវិបត្តិជំងឺកូវីដ-១៩ បានប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេសជីវភាព រស់នៅរបស់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ។ បញ្ហានេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការសំខាន់ៗ ដើម្បីជួយកាត់បន្ថយផលប៉ះពាល់ និងគាំទ្រលើកស្ទួយនូវកំណើនសេដ្ឋកិច្ចជាតិ ដែលក្នុងនោះវិស័យកសិកម្មក៏បានចូលរួមផងដែរ។ យុទ្ធសាស្រ្តចម្បងរបស់រាជរដ្ឋាភិបាល គឺយកចិត្តទុកដាក់លើការបង្កើនផលិតភាពផលិតកម្ម ធានាសន្តិសុខស្បៀង រក្សាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម។ ឆ្លើយតបនឹងប្រធានបទខាងលើ លោកបានបញ្ជាក់ថាចក្ខុវិស័យសម្រាប់ប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០ គឺពលរដ្ឋកម្ពុជានឹងទទួលបានរបបអាហារប្រកបដោយសុខុមាលភាព និងសុវត្ថិភាពដោយមានការយកចិត្តទុកដាក់ជាចម្បងលើស្រ្តី និងកុមារ និងការផ្លាស់ប្តូរស្ថានភាពនៃអាហារូបត្ថម្ភ។ ការលើកកម្ពស់ផលិតកម្មកសិកម្ម និងប្រព័ន្ធស្បៀងនៅកម្ពុជា គឺការបង្កើននវានុវត្តន៍ និងបច្ចេកវិទ្យាទំនើបលើប្រព័ន្ធស្បៀងទាំងមូល ហើយក្រសួងក៏បានកំណត់ចក្ខុវិស័យច្បាស់លាស់ ក្នុងការធ្វើទំនើបកម្មវិស័យកសិកម្មឱ្យកាន់តែមានភាពប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តរភាព កំណើនប្រាក់ចំណូលគ្រួសារកសិករ និងសុខុមាលភាពយូរអង្វែងព្រមជាមួយនឹងការយកចិត្តទុកដាក់លើកាត់បន្ថយរហោស្ថានកម្ម ការ គ្រប់គ្រងដី ធនធានព្រៃឈើ និងជលផលប្រកបដោយចីរភាព ប្រសិទ្ធភាព និងភាតរៈបរិស្ថាន រួមទាំងការគ្រប់គ្រងស្ថាប័ន សេវាគាំទ្រ និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យកសិកម្មជាមួយនឹងការលើកទឹកចិត្តអ្នកស្រាវជ្រាវ។ ដោយឡែក គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២១-២០៣០ ក៏នឹងត្រូវដាក់ចេញឱ្យអនុវត្តឈរលើគោលដៅចម្បងគឺបង្កើនតម្លៃបន្ថែម និងបង្កើនផលិតភាពកសិកម្ម ឆ្លើយតបទស្សនទានដែលមានចែងក្នុងផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ដល់គ្រប់ភាគី ពាក់ព័ន្ធដែលជាអ្នកអនុវត្តផ្ទាល់ សម្រាប់ជាធាតុចូលពុទ្ធិបន្ថែម យកទៅអនុវត្តឲ្យពេញសមត្ថភាពដើម្បីរួមគ្នាដោះ ស្រាយនូវរាល់បញ្ហាប្រឈម ឈានឆ្ពោះទៅធ្វើការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព និរន្តរភាព និងកំណើនសេដ្ឋកិច្ច៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×