Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ព្រៃ​ធ្លាប់​រស់នៅ ១២​ឆ្នាំ ជាមួយ​ឆ្កែចចក និយាយថា វេទនាណាស់​ពេល​វិលត្រឡប់​មក​រស់នៅ​ជាមួយ​មនុស្ស​

spot_img

Marcos Rodríguez Pantoja ធ្លាប់បាន​រស់នៅ​ជាមួយ​ឆ្កែ​ចចក ពី​អាយុ ៧-១៦​ឆ្នាំ ហើយ​ត្រូវបាន​ពួក​វា​ការពារ​ថែទាំ​ផ្តល់​អាហារ​ឲ្យ ។​

​បុរស​ម្នាក់​ដែល​ធ្លាប់​ត្រូវបាន​ហ្វូង​ចចក​ចិញ្ចឹម​បីបាច់​អស់​រយៈកាល ១២​ឆ្នាំ ទើប​សារភាពថា លោក​មាន​អារម្មណ៍​អស់សង្ឃឹម ខូចចិត្ត​នឹង​ការរស់នៅ​ជាមួយ​សង្គម​មនុស្ស ។

Marcos Rodríguez Pantoja បច្ចុប្បន្ន​អាយុ ៧២​ឆ្នាំ ត្រូវបាន​អាជ្ញាធរ​រកឃើញ​នៅ​ជ្រលង​ភ្នំ Sierra កាល​ពី​លោក​អាយុ ១៦​ឆ្នាំ ហើយក៏​នាំយក​មក​រស់នៅ​ជាមួយ​សហគមន៍​វិញ ប៉ុន្តែ​លោក​ឲ្យដឹងថា លោក​ត្រូវ​តស៊ូ​ប្រយុទ្ធ​ជាមួយ​ភាព​រងារ​ឯកោ​ក្នុង​ពិភព​មនុស្ស ហើយ​ប៉ងប្រាថ្នា​ចង់​ត្រឡប់​ទៅ​រួមរស់​ជាមួយ​ហ្វូង​ចចក​វិញ លោក​ប្រាប់ BBC ថា ៖ “​ខ្ញុំ​ពុំ​ដឹងថា ត្រូវ​ទៅ​កន្លែង​ណា ខ្ញុំ​ចង់​តែ​រត់​ឡើង​ទៅលើ​ភ្នំ​” ។ Rodríguez រស់នៅ​ជាមួយ​ហ្វូង​ចចក​១២​ឆ្នាំ ងាក​ទៅ​កាន់​អតីតកាល​វិញ ម្តាយ​របស់​លោក Rodríguez បាន​ស្លាប់ចោល​តាំងពី​អាយុ ១៣​ឆ្នាំ ឪពុក​លោក​បាន​ទៅ​រស់នៅ​ជាមួយ​ស្ត្រី​ម្នាក់ទៀត ហើយ​ពួកគេ​បាន​នាំ​លោក​មក​រស់នៅ​តំបន់​ភ្នំ​នេះ ពួកគេ​ពឹងពាក់​អ្នក​ឃ្វាល​ពពែ​ជួយ​មើល​គាត់ ។​

Rodríguez អាយុ​បាន ៧​ឆ្នាំ ថ្ងៃមួយ​អ្នក​ឃ្វាល​ពពែ ក៏​ចាកចេញ​ទៅ​បាត់ស្រមោល បន្សល់​ទុក​តែ​កុមារ​នៅ​ម្នាក់​ឯង​នៅលើ​ភ្នំ នាទី​ដ៏​ស្ងាត់ជ្រងំ​នេះ មានតែ​ហ្វូង​ចចក​ប៉ុណ្ណោះ ហើយ​ពួក​វា​បានចាត់ទុក​លោក​ដូចជា “​បងប្អូន​តែ​មួយ​” ។​

​ចចក​ញី​១​ក្បាល តែង​យក​អាហារ​ឲ្យ​លោក ហើយ​នាំ​លោក​ទៅ​ដេក​ក្នុង​ល្អាង​ភ្នំ​មួយ​ជាមួយ​ហ្វូង​ចចក ពស់ ប្រើ​ស និង​ប្រចៀវ ។ ហ្វូង​ចចក​នៅ​បាន​បង្រៀន​ឲ្យ​លោក​ពី​របៀប​រស់នៅ ប្រាប់​លោក​ពី​ផ្លែឈើ និង​ពពួក​ផ្សិត ដែល​អាច​បរិភោគបាន ។​

​ពេល​ដែល​អាជ្ញាធរ រក​ឃើញ​លោក Rodríguez មានតែ​ខោខ្លី​កញ្ចាស់​មួយ ព្រមទាំង​និយាយ​ភាសា​មនុស្ស​បាន​តិចតួច​ប៉ុណ្ណោះ​។​

​ហ្វូង​ចចក​បាន​បង្រៀន​ពី​របៀប​រស់នៅ​។​

​ឥឡូវនេះ​លោក​មាន​អាយុ ៧២​ឆ្នាំ​ហើយ ហើយ​កំពុង​រស់នៅ​ក្នុង​ផ្ទះ​តូច​មួយ​តែ​ម្នាក់ឯង​។ អនុស្សាវរីយ៍​ផ្អែមល្ហែម​សុភមង្គល​បំផុត គឺ​អំឡុងពេល​នៅ​ក្មេង ហើយ​រស់នៅ​ជាមួយ​នឹង​ពពួក​សត្វ -​នេះ​បើ​តាម​ការចុះផ្សាយ​របស់​កាសែត El Pais ។ លោក​ក៏​បាន​និយាយថា តាំងពី​គ្រា​ដែល​ត្រូវបាន​គេ​នាំយកមក​កាន់​សង្គមមនុស្ស​វិញ គឺជា​វេលា ដែល​ការ​ខូចចិត្ត ចាប់ផ្តើម​កើតឡើង ។ លោក​ឲ្យដឹងថា ខ្លួន​ត្រូវបាន​គេ​បោក​បញ្ឆោត ជិះជាន់​បង្ខំ​ឲ្យធ្វើ​ការ និង​គ្មាន​ឱកាស​ពិតប្រាកដ ដើម្បី​សម្របសម្រួល​ខ្លួន​ជាមួយ​អ្នកដទៃ​។​

​លោក​ក៏​ទទួល​អារម្មណ៍​ថា​គេ​តែង​សើច​ពេបជ្រាយ​លោក ព្រោះ​តែ​លោក​ពុំ​សូវ​យល់​ដឹង​អំពី​រឿង​នយោបាយ បាល់ទាត់ ឬ​ពិភពលោក​ស៊ីវីល័យ​។​

Rodríguez ឲ្យដឹងថា ខ្លួន​លោក​ពុំ​មាន​ឱកាស​ដើម្បី​សម្រប​ខ្លួន​ជាមួយ​អ្នក​ដទៃ​ឡើយ លោក​ធ្លាប់បាន​វិលត្រឡប់​ទៅ​កាន់​ជ្រលង​ភ្នំ​នោះ​ប៉ុន្តែ​អ្វីៗ​បាន​ផ្លាស់ប្តូរ ព្រោះ​រាប់សិប​ឆ្នាំ​បាន​កន្លងផុត ហើយ​ហ្វូង​ចចក​លែង​ស្គាល់​លោក​ទៀត ។ ពោល​ទៅកាន់​កាសែត El Pais លោក​និយាយថា ៖ នៅ​ទីនោះ​ក៏​នៅ​មាន​ហ្វូង​ចចក​ដដែល ហើយ​ប្រសិនបើ​ខ្ញុំ​ស្រែក​ហៅ​វា នោះ​វា​នឹង​ឆ្លើយតប តែ​វា​ពុំ​ចូល​កៀក​ខ្ញុំ​ឡើយ ព្រោះថា ខ្ញុំ​មាន​ក្លិន​ដូច​មនុស្ស ហើយក៏​មាន​ប្រើ​ទឹកអប់ ។ ចំពោះ​លោក​រឿង​ដែល​គួរឲ្យខ្លាច​បំផុត​នោះក្នុង​សង្គមនុស្ស​គឺ​ភាព​ប្រញា​ប់​ប្រញាល់​អ៊ូអរ ខ្លាំងពេក ។ លោក​ពោល ៖ “​ខ្ញុំ​ពុំ​ចូលចិត្ត​សំឡេង​លាន់​រំពង ឬ​ភាព​អ៊ូរ​អរ​ជាអាទិ៍ រថយន្ត​បន្តកន្ទុយ​គ្នា​ចុច​ស៊ី​ផ្លេរ រីឯ​មនុស្ស​កុះករ​ដូចជា​ហ្វូង​ស្រមោច ហើយ​បើ​ជា​ស្រមោច​ពិត​វិញ​នោះ​គឺ​វា​មាន​របៀប​ណាស់ ដោយ​ដើរ​តម្រៀប​គ្នា​ជា​ជួរ ដោយ​ឆ្ពោះទៅកាន់​ទិស​តែ​១ ចំណែក​មនុស្ស​វិញ​ដើរ​បែកខ្ញែក​គ្នា​ទៅ​កាន់​គ្រប់ទិសទី ហើយ​ខ្ញុំ​ខ្លាច​ណាស់​ពេល​ដើរ​ឆ្លងថ្នល់​ម្តងៗ​៕ សូ​យ​ន​

spot_img
×