Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹងពីការដាក់ឱ្យដំណើរការប្រព័ន្ធ QR Code «បណ្ណចាក់វ៉ាក់សាំងឌីជីថល StopCovid QR Vaccine»

spot_img

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៧ខែតុលាឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យដំណើរការប្រព័ន្ធ QR Code «បណ្ណចាក់វ៉ាក់សាំងឌីជីថល StopCovid QR Vaccine»។

ដោយអនុវត្តតាមអនុសាសន៍ដឹកនាំ និងការឯកភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដោយមានកិច្ចសហការជាមួយក្រុមការងារបច្ចេកទេសនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងអនុគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលមានសមាសភាពអន្តរក្រសួង រួមមាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសុខាភិបាល ក្រសួងយុត្តិធម៌ និងរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំប្រព័ន្ធ QR Code «បណ្ណចាក់វ៉ាក់សាំងឌីជីថល StopCovid QR Vaccine» ដោយតភ្ជាប់ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ Stop Covid» ទៅនឹងប្រព័ន្ធទិន្នន័យចាក់វ៉ាក់សាំង ដើម្បីដាក់ឱ្យប្រើប្រាស់ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នេះតទៅ។

ក្រសួងបានបញ្ជាក់ថា ប្រព័ន្ធ QR Code «StopCovid QR Vaccine» មានមុខងារសំខាន់ចំនួនបីគឺ (១) សម្រួលដល់ការស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ (២) គ្រប់គ្រងការធ្វើចត្តាឡីស័ក និង (៣) បង្ហាញព័ត៌មានអំពីការចាក់វ៉ាក់សាំងកូវីដ-១៩ របស់បុគ្គលម្នាក់ៗ។

ម្យ៉ាងទៀត ប្រព័ន្ធនេះ នឹងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការកាត់បន្ថយការប៉ះពាល់ដោយផ្ទាល់ក្នុងការត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំង ដោយមិនចាំបាច់យកបណ្ណចាក់វ៉ាក់សាំងតាមខ្លួនគ្រប់ពេលវេលា ឬព្រួយបារម្ភអំពីការបាត់បង់ ឬខូចខាតបណ្ណចាក់វ៉ាក់សាំងដោយប្រការណាមួយឡើយ ព្រមទាំងកាត់បន្ថយហានិភ័យនៃការក្លែងបន្លំទិន្នន័យលើបណ្ណចាក់វ៉ាក់សាំង។

ប្រព័ន្ធនេះ អាចបង្ហាញពីព័ត៌មាននៃការចាក់វ៉ាក់សាំង រូបថត និងអត្តសញ្ញាណរបស់បុគ្គលម្នាក់ៗ តាមរយៈការស្កេន QR Code នៅតាមច្រកចេញ-ចូលក្រសួង ស្ថាប័ន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន កន្លែងកំសាន្ត អគារស្នាក់នៅរួម (ខុនដូ) ក្រុមហ៊ុន រោងចក្រ សហគ្រាសនានា។

តាមរយៈការអនុវត្តគោលនយោបាយជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសសម្រេចបានលទ្ធផលល្អប្រសើរ ក៏ដូចជាការត្រៀមលក្ខណៈសម្រាប់ការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ការបញ្ជាក់ពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅពេលចេញ-ចូលទីតាំងនានា គឺអាចការពារសុវត្ថិភាពទីកន្លែង បង្ការការចម្លង និងសម្រាលបន្ទុកលើការព្យាបាលរបស់រាជរដ្ឋាភិបាល។

ជាថ្មីម្តងទៀត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមណែនាំដល់ម្ចាស់ទីតាំងដែលមិនទាន់បានប្រើប្រាស់ប្រព័ន្ធ QR Code នេះ សូមមេត្តារួសរាន់បង្កើត QR Code សម្រាប់ទីតាំងរបស់ខ្លួនតាមរយៈគេហទំព័រ stopcovid.gov.kh។ ម្ចាស់ទីតាំងត្រូវតម្រូវឱ្យបុគ្គលដែលចេញ-ចូលទីតាំងរបស់ខ្លួន ស្កេន QR Code ដើម្បីបានដឹងពីស្ថានភាពពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ របស់បុគ្គលទាំងនោះ តាមរយៈការបង្ហាញពណ៌លើអេក្រង់ទូរសព្ទក្រោយពេលស្កេន។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា សាធារណជនទាំងអស់នឹងចូលរួមប្រើប្រាស់ប្រព័ន្ធ QR Code “StopCOVID QR Vaccine” នេះទាំងអស់គ្នា ដើម្បីសុវត្ថិភាព បង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតសកលនេះ ជួយជំរុញការបើកចំហរការធ្វើដំណើរឱ្យកាន់តែងាយស្រួល តាមរយៈការបន្ស៉ាំខ្លួនរស់នៅតាមគន្លងប្រក្រតីភាពថ្មី ព្រមទាំងអាចរួមចំណែកជួយជំរុញដំណើរការប្រក្រតីនៃគ្រប់វិស័យឡើងវិញ។

សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធទៅនឹងការប្រើប្រាស់ប្រព័ន្ធ QR Code «StopCOVID QR Vaccine» សូមទស្សនាវីដេអូពន្យល់អំពីរបៀបនៃការប្រើប្រាស់ប្រព័ន្ធនេះតាមរយៈតំណភ្ជាប់ https://fb.watch/8GsrLXqs2K/ ឬអាចទំនាក់ទំនងទៅលេខទូរសព្ទ ១២៣ (ហៅចូលដោយឥតគិតថ្លៃ) ឬ ០៩៨ ៨៨៨ ៥១៦ / ០១២ ៩៧៩ ០៧៩ / ០៩៣ ៩៩៤ ៩៧៤៕​ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×