Monday, December 6, 2021

អភិបាលខេត្តរតនគិរី អំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយមាត់ទន្លេ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកទន្លេ កំពុងបន្តហក់ឡើងខ្លាំង

រតនគិរី ៖ ឯកឧត្តមអភិបាលខេត្តរតនគិរីបានដាក់ចេញនូវបទបញ្ជា ក៏ដូចជាអំពាវនាវបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយមាត់ទន្លេទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកទន្លេ ដែលកំពុងបន្តហក់ឡើងខ្លាំងនេះ ។

រសៀលថ្ងៃអាទិត្យទី១៧ ខែតុលា ឆ្នាំ២០២១ អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ឯកឧត្តម ញែម សំអឿន បានដឹកនាំសហការីចុះពិនិត្យស្ថានភាពជំនន់ទឹកទន្លេស្រែពកស្ថិតនៅក្នុងស្រុកលំផាត់ ដើម្បីមានវិធានការអន្តរាគមន៍ ឆ្លើយតបបានទាន់ពេលវេលាទៅនឹងសភាពការណ៍ជាក់ស្តែង។

ស្ថានភាពជំនន់នេះ បណ្តាលមកពីឥទ្ធិពលនៃព្យុះទី១៨ បណ្តាលឱ្យមានភ្លៀងធ្លាក់ជាប់ៗគ្នា និងការបើកធាទឹកពីអាងស្តុកទឹកស្រែពក៤ ផ្នែកខាងលើទន្លេស្រែពក បង្ករជាជំនន់ទឹកទន្លេ និងជំនន់ទឹកភ្លៀងបានលិចភូមិ ឃុំ មួយចំនួនដែលស្ថិតនៅតំបន់ទំនាបងាយប្រឈម ស្ថិតនៅក្នុងស្រុកលំផាត់ និងស្រុកកូនមុំ។

បច្ចុប្បន្នអាជ្ញាធរបានត្រៀមស្បៀងនិងជួយអន្តរាគមន៍ ដើម្បីជម្លៀសពលរដ្ឋមករកទីទួលសុវត្ថិភាព ។

ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តមក៏សូមអំពាវនាវបន្ថែមដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមឆ្លើយតបជាបន្ទាន់ចំពោះហេតុការណ៍ដែលនឹងកើតឡើង តាមគ្រប់មធ្យោបាយ និងសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ងាយរងគ្រោះបង្កើនស្មារតីប្រុងប្រយ័ត្នគ្រប់ៗគ្នា។

អាជ្ញាធរខេត្តបានត្រៀមរួចជាស្រេចនូវវិធានការសរុប មធ្យោបាយសរុប ដើម្បីឆ្លើយតបក្នុងករណីមានគ្រោះមហន្តរាយជំនន់ទឹកភ្លៀងកើតឡើងជាយថាហេតុ។ នេះជាប្រសាសន៍ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានលើកឡើង។

ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនូវបទបញ្ជា ក៏ដូចជាអំពាវនាវបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយមាត់ទន្លេទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកទន្លេ ដែលកំពុងបន្តហក់ឡើងខ្លាំងនេះ និងរកទីទួលមានសុវត្ថិភាព ពិសេសប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងមនុស្សចាស់ព្រមទាំងរក្សាអនាម័យឱ្យបានត្រឹមត្រូវ។ ជាងនេះ ទៅទៀតអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដាន ក្តាប់ព័ត៌មានអំពីស្ថានភាពទឹក ក៏ដូចជា ស្ថានភាពរបស់ប្រជាពលរដ្ឋ ដើម្បីត្រៀមមធ្យោបាយអន្តរាគមន៍បានទាន់ពេលវេលា ។

សូមបញ្ជាក់ថាកម្ពុជាបានរងនូវឥទ្ធិពលនៃព្យុះទី១៨ សម្ពាធទាបធ្វើអោយមាន ភ្លៀងធ្លាក់ជាបន្តបន្ទាប់ បណ្តាលអោយទឹកទន្លេស្រែពក និងទន្លេសេសានហក់ឡើងជាបន្តបន្ទាប់ជិតដល់ចំណុចប្រកាសអាសន្ន។ ហេតុនេះទាមទារអោយប្រជាពលរដ្ឋក្នុងខេត្ត ពិសេសស្រុកដែលនៅតាមមាត់ទន្លេទាំងពីររួមមាន ស្រុកលំផាត់,កូនមុំ,អូរយ៉ាដាវ,អណ្តូងមាស,តាវែង និងស្រុកវើនសៃ មេត្តាបង្កើនស្មារតីប្រុងប្រយ័ត្ន និងត្រៀមបង្ការនូវមធ្យោបាយ សម្ភារៈចាំបាច់នានា កាត់បន្ថយបាននូវហានិភ័យពីករណីជំនន់ទឹកភ្លៀងដែលអាចកើតឡើងជាយថាហេតុ។ ជាក់ស្តែងទឹកទន្លេស្រែពកទឹក ទន្លេគិតត្រឹមម៉ោង៤រសៀល ថ្ងៃទី១៧ខែតុលាឆ្នាំ២០២១នេះ ទឹកមានកម្ពស់១១.៧៤ម៉ែត្រ ខណៈចំណុចប្រកាសអាសន្ន១២.៥០ម៉ែត្រ។ ទន្លេសេសានគិតត្រឹមម៉ោង៤,៣០ ទឹកមានកម្ពស់៦.៥៧ម៉ែត្រ ខណៈចំណុចប្រកាសអាសន្ន៨.៥០ម៉ែត្រ៕រក្សាសិទ្ធិដោយ ៖​ កូលាប