Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សហប្រតិបត្តិការ​ប្រចាំ​ប្រទេស រវាង​កម្ពុជា និង​យូ​នី​សេ​ហ្វ ២០១៩-២០៣០ ដើម្បី​កំណត់​រួមគ្នា​នូវ​បណ្តា​អាទិភាព​ក្នុង ក្របខ័ណ្ឌ​ជំនួយ​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​

spot_img

​​ភ្នំពេញ ​៖​ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ផែនកា​រ បាន​ដឹកនាំ កិច្ចប្រជុំ​កម្រិត​ខ្ពស់​កម្មវិធី​សហប្រតិបត្តិការ​ប្រចាំ​ប្រទេស រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​យូ​នី​សេ​ហ្វ (២០១៩-២០៣០) ដោយ​មាន​ការចូលរួម​ពី​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ លោកស្រី Debora Comini តំណាង​យូ​នី​សេ​ហ្វ ប្រចាំ​ប្រទេស​កម្ពុជា នា​សណ្ឋាគារ​កាំបូឌីយ៉ាណា ថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០១៩​។​

​លោក ទេសរដ្ឋមន្ត្រី បាន​ថ្លែងថា ការរៀបចំ​កិច្ចប្រជុំ​ថ្ងៃនេះ គឺជា​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​បន្ទាប់ពី​យើង​បាន​ធ្វើ​ការកំណត់​រួមគ្នា​នូវ​បណ្តា​អាទិភាព​ក្នុង ក្របខ័ណ្ឌ​ជំនួយ​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​សម្រាប់​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ២០១៩-២០២៣ រួចមក ហើយ​កិច្ចប្រជុំ​នេះ បាន​បង្កើត​ភាព​ភាពជា​អ្នកដឹកនាំ​និង​ជា​ម្ចាស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ការបង្កើន​គ​ណ​នេ​យ្យ​ភាព​ក្នុង​ការអនុវត្ត​ទៅ​តាម​ការសន្យា​របស់​យើង​ចំពោះ​កុមារ និង​ស្ត្រី ហើយ​ជាពិសេស​កុមារ និង​ស្ត្រី​ដែល​ជួប​ការលំបាក​ជាង​គេ ដែល​យើងទាំងអស់គ្នា​បានរួម​គ្នា​កសាង​អនាគត​កាន់តែ​ប្រសើរ​សម្រាប់​កុមារ​និង​ស្ត្រី​កម្ពុជា ។​

​កិច្ចប្រជុំ​នេះ ត្រូវបាន​រៀបចំឡើង​ឱ្យ​មាន​សង្គតិភាព​ជាមួយ​នឹង គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា (​គ​.​អ​.​ច​.​ក​) យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ (RS3) អាទិភាព​នានា​ដែល​ត្រូវបាន​កំណត់​ក្នុង​របាយការណ៍​វាយតម្លៃ​ពាក់កណ្តាល​អាណត្តិ​ឆ្នាំ​២០១៦ នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៤-២០១៨ ក្របខ័ណ្ឌ​ជំនួយ​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ២០១៩-២០២៣ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​តាម​វិស័យ និង​ផ្អែកលើ​លទ្ធផល​នៃ​ការ​ធ្វើ​បច្ចុប្បន្នភាព​នៃ​ការវិភាគ​ស្ថានភាព​ស្ត្រី​និង​កុមារ ហើយ​កិច្ចប្រជុំ​នេះ ក៏​មាន​សារសំខាន់ និង​ជា​យុទ្ធសាស្ត្រ​ដោយសារ​មូលហេតុ​ចំបង​ពីរ​គឺ​៖

​ទី​១ ឆ្នាំនេះ គឺជា​ឆ្នាំ​ចុងក្រោយ​នៃ​វដ្ត​កម្មវិធី​នៅពេល​បច្ចុប្បន្ន ដូច្នេះ ជា​ការ​សំខាន់​ដែល​យើង​ត្រូវ​ធ្វើ​ការបង្ហាញ​ពី​សមិទ្ធផល​ដែល​សម្រេចបាន កំណត់​បញ្ហា​ប្រឈម​ដែល​ត្រូវ​បន្ត​ដោះស្រាយ និង​ធ្វើ​ការពិភាក្សា​ពី​កម្មវិធី​សហប្រតិបត្តិការ​ដែល​យូ​នី​សេ​ហ្វ UNICEF ស្នើ​ឡើង​សម្រាប់​អនុវត្ត​រយៈពេល​៥​ឆ្នាំ​បន្ទាប់ ចាប់ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៣ ដែល​មាន​សង្គតិភាព​ជា​មួយ​អាទិភាព​របស់​ក្របខ័ណ្ឌ​ជំនួយ​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​សម្រាប់​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ២០១៩-២០២៣ និង ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ឆ្នាំ​២០១៩-២០២៣​។ ជាក់ស្តែង​មុន​ពេល​រៀបចំ​កិច្ចប្រជុំ​នៅថ្ងៃនេះ យូ​នី​សេ​ហ្វ ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ក៍​ដូចជា​ជាមួយ​ដៃគូរ​ដទៃ​ទៀត​បាន​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ជា​ច្រើន​ដង ដើម្បី​ពិនិត្យ​និង​ពិភាក្សា​ពី​បណ្តា​សកម្មភាព​នានា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម ដែល​កុមារ​កំពុង​បន្ត​ជួបប្រទះ​។ ការងារ​នេះ រួមមាន ការវិភាគ​ស៊ីជម្រៅ​និង​ការបញ្ជាក់​ពី​សុពលភាប​នៃ​ឯកសារ​សេចក្តីព្រាង​ស្តីពី​ការវិភាគ​ឫសគល់​នៃ​បញ្ហា ទ្រឹស្តី​ស្តីពី​ការផ្លាស់ប្តូរ អាទិភាព​និង​យុទ្ធសាស្ត្រ សម្រាប់​កម្មវិធី​ប្រចាំ​ប្រទេស​បន្ទាប់ ពី​ក្រសួង​ស្ថាប័ន​រដ្ឋាភិបាល​។​

​ទី​២ កម្មវិធី​សហប្រតិបត្តិការ​ប្រចាំ​ប្រទេស ២០១៩-២០២៣ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង យូ​នី​សេ​ហ្វ ដែល​នឹង​ត្រូវ​ទទួល​បាន​ការឯកភាព​នា​ថ្ងៃនេះ ជា​កម្មវិធី​ដែល​បាន​ឆ្លើយតប​ជា​យុទ្ធសាស្ត្រ​ផ្អែក​ទៅតាម​តម្រូវការ​ជាក់ស្តែង ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់ៗ ដែល​រារាំង​ដល់​លទ្ធភាព​ក្នុង​ការទទួលបាន​សេវា​ប្រកបដោយ​គុណភាព ដូចជា សេវា​សុខភាព អាហារូបត្ថម្ភ អប់រំ ទឹកស្អាត និង​អនាម័យ កិច្ចការពារ​កុមារ និង​កម្មវិធី​ជំនួយ​សង្គម​សម្រាប់​កុមារ​ជាដើម​។​

​លោក ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍​បន្ត​ថា “​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ជាមួយនឹង​ការ​បន្ត​ការគាំទ្រ​របស់​យូ​នី​សេ​ហ្វ ព្រមទាំង​ការបំពេញបន្ថែម​ពី​ដៃគូរ​អភិវឌ្ឍន៍​ដទៃទៀត រាជរដ្ឋាភិបាល​កម្ពុជា​នឹង​អាច​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​កុមារ ស្ត្រី និង​បុរស ដែល​កំពុង​ជួប​ការលំបាក​ជាង​គេ​នៅក្នុង​ប្រទេស​កម្ពុជា​ជាមិនខាន​”​។​

​នៅ​ទី​បញ្ចប់ លោក ទេសរដ្ឋមន្ត្រី​ក៏​បាន​ជូនពរ​អង្គពិធី​ទាំងមូល សូម​មាន​សុខភាព​ល្អ ជាពិសេស​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ នឹង​ចូលមក​ដល់​នៅក្នុង​អំឡុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ សូម​ឱ្យ​ទេវតា​ឆ្នាំ​ថ្មី​ប្រទាន​ពរ​ជ័យ​ជូន​ដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នូវ​ភាព​សុខ​ដុម សុភមង្គល​មហាប្រសើរ និង​ទទួលបាន​ជោគជ័យ​ថ្មីៗ​បន្ថែមទៀត និង សូមឱ្យ កិច្ចប្រជុំ​កម្រិត​ខ្ពស់​កម្មវិធី​សហប្រតិបត្តិការ​ប្រចាំ​ប្រទេស ២០១៩-២០២៣ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង យូ​នី​សេ​ហ្វ នេះ ប្រព្រឹត្ត​ទៅ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ស្រប​តាម​លទ្ធផល​ដែល​បាន​រំពឹងទុក ។​

​លោក ទេសរដ្ឋមន្ត្រី​ក៏​បាន​ប្រកាស​បើក កិច្ចប្រជុំ​កម្រិត​ខ្ពស់​កម្មវិធី​សហប្រតិបត្តិការ​ប្រចាំ​ប្រទេស ២០១៩-២០២៣ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង យូ​នី​សេ​ហ្វ ចាប់ពី​ពេលនេះ​តទៅ​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×