Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យជប៉ុន បន្តជំរុញការតភ្ជាប់ និងបន្ស៊ីរវាងផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥

spot_img

ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៤ នៅថ្ងៃទី២៧ ខែតុលា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកទឹកចិត្តឱ្យប្រទេសជប៉ុនបន្តជំរុញការតភ្ជាប់ និងបន្ស៊ីរវាងផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ និងការពង្រីកភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព។ សម្ដេចតេជោ ក៏បានលើកទឹកចិត្តដល់ប្រទេសជប៉ុន ឱ្យគាំទ្របន្ថែមទៀតនូវផែនការការងារនៃគំនិតផ្តួចផ្តើមសម្រាប់ សមាហរណកម្មអាស៊ាន (IAI) ដំណាក់កាលទី៤ ។

សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ដោយការពេញចិត្តចំពោះវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងបានអះអាងជាថ្មីពីការគាំទ្រចំពោះសំណើរបស់ជប៉ុនក្នុងការរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ អាស៊ាន-ជប៉ុន នៅឆ្នាំ២០២៣ នៅប្រទេសជប៉ុន។

សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្តែងផងដែរពីការកោតសរសើរជប៉ុនសម្រាប់ការគាំទ្រដ៏មានសារៈ សំខាន់សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ របស់អាស៊ាន រួមមាន ការគាំទ្រក្នុងការបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន (ACPHEED) ក៏ដូចជា មូលនិធិអាស៊ានឆ្លើយតបទៅនឹងជំងឺកូវីដ-១៩។

សម្រាប់ទំនាក់ទំនងទ្វេភាគី សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីអំពីការថ្លែងអំណរគុណរបស់កម្ពុជា ចំពោះប្រទេសជប៉ុន ដែលបានផ្តល់វ៉ាក់សាំងបង្ការកូវីដ-១៩ សម្ភារៈបរិក្ខាវេជ្ជសាស្ត្រ និងរថយន្តសង្គ្រោះ ព្រមទាំងការផ្តល់ហិរញ្ញប្បទានដើម្បីគាំទ្រការស្តារឡើងវិញ និងកំណើនសេដ្ឋកិច្ច-សង្គម។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានរំលឹកផងដែរអំពីដំណើរទស្សនកិច្ចរបស់ ឯកឧត្តម Fumio Kishida នៅកម្ពុជា កាលពីឆ្នាំ២០១៤ ដែលនៅពេលនោះ ឯកឧត្តម គឺជារដ្ឋមន្ត្រីការបរទេសជប៉ុន ដើម្បីចូលរួមសម្ពោធផ្សារទំនើបជប៉ុនអ៊ីអន (AEON) ដំបូងគេបង្អស់ ដែលបច្ចុប្បន្ននេះកំពុងរៀបចំបើកដំណើរការសាខាទីបីរបស់ខ្លួន។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាមានសោមន្សរីករាយក្នុងការទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម Fumio Kishida មកកម្ពុជា ជាថ្មីម្តងទៀត នៅឆ្នាំ២០២២ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនានា ក្នុងអំឡុងពេលដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន។

កិច្ចប្រជុំកំពូលបានកត់សម្គាល់នូវវឌ្ឍនភាពប្រកបដោយអត្ថន័យនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន នារយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ និងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តដើម្បីពង្រឹងបន្ថែមទៀតភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ជប៉ុន ដោយឈរលើគោលការណ៍ទំនាក់ទំនងដ៏ស្មោះត្រង់ សម្រាប់ការទុកចិត្តគ្នាទៅវិញទៅមក និង «ភាពជាដៃគូស្មោះស្ម័គ្រ»។ ឯកឧត្តមនាយករដ្ឋមន្រ្តី ជប៉ុន បានរំលឹកឡើងវិញនូវដំណើរទស្សនកិច្ចជាច្រើនរបស់ឯកឧត្តម នៅក្នុងតំបន់កាលពីប៉ុន្មានឆ្នាំ កន្លងមកនេះ។

ថ្នាក់ដឹកនាំអាស៊ានបានអបអរសាទរប្រទេសជប៉ុនដែលបានរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកនៅទីក្រុងតូក្យូដោយជោគជ័យ។
ខណៈពេលអាស៊ាន និងប្រទេសជប៉ុន កំពុងឈានដល់ឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ថ្នាក់ដឹកនាំបានស្វាគមន៍បំណងរបស់ជប៉ុនក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេស នៅប្រទេសជប៉ុន នៅឆ្នាំ២០២៣ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន- ជប៉ុន។

ថ្នាក់ដឹកនាំអាស៊ានបានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលបានគាំទ្រដល់គំនិតផ្តួចផ្តើម ឆ្លើយតបនឹងជំងឺកូវីដ-១៩ របស់អាស៊ាន ជាពិសេស វិភាគទានចំនួន១លានដុល្លារ ដល់មូលនិធិ អាស៊ានឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ និង៥០លានដុល្លារផ្សេងទៀត ដល់មជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន (ACPHEED)។

អាស៊ានបានបញ្ជាក់ជាថ្មីនូវការកើតសរសើរចំពោះជប៉ុន ដែលបានគាំទ្រទស្សនៈវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) និងបានលើកទឹកចិត្តជប៉ុនឱ្យមានគម្រោងថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការដែលអាចអនុវត្តបាននៅក្នុងវិស័យអាទិភាពទាំង៤ ដែលមានចែងនៅក្នុងទស្សនៈវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ក៏ដូចជាមានចែងនៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំកំពូល អាស៊ាន-ជប៉ុន ស្តីពីកិច្ចសហប្រតិបត្តិការលើទស្សនៈវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP)។

ថ្នាក់ដឹកនាំបានយល់ស្របគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជា ការប្រែប្រួលអាកាសធាតុ ថាមពលស្អាត ការធានារ៉ាប់រងសុខភាពជាសកល (UHC) ឧក្រិដ្ឋកម្មឆ្លងដែនការប្រឆាំងភេរវកម្ម សន្តិសុខតាមអ៊ីនធឺណិត ពាណិជ្ជកម្មនិងការវិនិយោគ ការតភ្ជាប់ សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍធនធានមនុស្ស។ កិច្ចប្រជុំបានស្វាគមន៍ចំពោះការផ្តល់សច្ចាប័នរបស់ជប៉ុនលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កាលពីខែមិថុនាឆ្នាំនេះ។ កិច្ចប្រជុំក៏បានពិភាក្សាគ្នាផងដែរអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍ និងកង្វល់រួម៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×