Thursday, December 9, 2021

គិតត្រឹមថ្ងៃទី២៦តុលានេះ រថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសជ្រកក្រោមផ្លាកលេខផ្សេងៗចំនួន ៥៤២ គ្រឿង ស្ម័គ្រចិត្តចូលបង់ពន្ធនិងអាករ

ភ្នំពេញ៖ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ (អគរ) បានធ្វើសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធលើយានយន្តគ្មានពន្ធនិងអាករនាំចូលដែលមានស្រាប់ក្នុងប្រទេស តាមប្រព័ន្ធវីដេអូ ។

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានគូសបញ្ជាក់ថា បើគិតពីកាលបរិច្ឆេទនៃការចាប់ផ្តើមប្រមូលពន្ធនិងអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសជ្រកក្រោមផ្លាកលេខផ្សេងៗ រហូតមកដល់ត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ មានរថយន្តសរុបចំនួន ៥៤២ គ្រឿង (រថយន្តចង្កូតស្តាំ១៩០គ្រឿង) បានស្ម័គ្រចិត្តចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករ។
ដើម្បីជួយសម្រាលបន្ទុកដល់ម្ចាស់រថយន្ត អគរ បានបន្ធូរបន្ថយតម្លៃគិតពន្ធលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស ជាពិសេសប្រភេទមានឆ្នាំម៉ូដែលចាស់ៗ បន្ថែមលើការអនុគ្រោះទឹកប្រាក់ពន្ធនិងអាករចំនួន ១០% ដែលសម្រេចរួចដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ការអនុគ្រោះនេះ នឹងបញ្ចប់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ សម្រាប់រថយន្តចង្កូតឆ្វេង។

ទោះជាយ៉ាងណាក៏ដោយ ម្ចាស់រថយន្តនៅតែអាចបង់ពន្ធអាករបាន ប៉ុន្តែត្រូវបង់ពន្ធនិងអាករពេញ ដោយគ្មានការបន្ធូរបន្ថយទៀតឡើយ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ សម្រាប់រថយន្តចង្កូតស្តាំ ការអនុគ្រោះនឹងត្រូវបានបន្តរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដោយសារម្ចាស់ត្រូវការពេលវេលាយូរក្នុងការកែចង្កូត។

ការកែចង្កូតកំពុងតែជាការព្រួយបារម្ភសម្រាប់ម្ចាស់រថយន្តចង្កូតស្តាំ ដោយសារតែយានដ្ឋានកែចង្កូតដែលទទួលស្គាល់ដោយក្រសួងសាធារណការនិងដឹកជញ្ជូនមានចំនួនតិចតួច (២ឬ៣កន្លែង)។ ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានស្នើក្រសួងសាធារណការនិងដឹកជញ្ជូនពិនិត្យលទ្ធភាពផ្តល់អាជ្ញាបណ្ណបន្ថែមទៀតដល់យានដ្ឋានដែលមានជំនាញនិងសមត្ថភាពកែចង្កូត ដើម្បីបម្រើសេចក្តីត្រូវការជាក់ស្តែងរបស់ពលរដ្ឋដែលកំពុងប្រើប្រាស់រថយន្តចង្កូតស្តាំមានស្រាប់ក្នុងប្រទេស។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានសង្កត់ធ្ងន់ថា បន្ទាប់ពីថ្ងៃទី០១ខែកក្កដា ឆ្នាំ២០២២ ទៅ អគរ នឹងអនុវត្តយ៉ាងម៉ឺងម៉ាត់និងយ៉ាងសកម្មនូវវិធានការរបស់រាជរដ្ឋាភិបាលក្នុងការបង្ក្រាបរថយន្តគ្មានពន្ធនិងអាករនាំចូល។ នៅពេលនោះ រថយន្តចង្កូតស្តាំដែលបង្ក្រាបបាន នឹងត្រូវកម្ទេចចោល ឬដោះបំបែកជាគ្រឿងបន្លាស់។

ដោយនេះជាឱកាសចុងក្រោយ ដែលរាជរដ្ឋាភិបាលបានអនុគ្រោះឱ្យម្ចាស់រថយន្តគ្មានពន្ធនិងអាករ ទាំងចង្កូតឆ្វេងនិងចង្កូតស្តាំចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករ, ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានអំពាវនាវដល់ម្ចាស់រថយន្តគ្មានពន្ធ ចូលមកបំពេញកាតព្វកិច្ចឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នរដ្ឋ ដែលបានចេញនូវសេចក្តីណែនាំ និងការអំពាវនាវជាបន្តបន្ទាប់ ឱ្យមន្ត្រីក្រោមឱវាទដែលកាន់កាប់រថយន្តគ្មានពន្ធ ចូលមកបង់ពន្ធអាករតាមពេលវេលាកំណត់ និងបានថ្លែងនូវអំណរគុណជាពិសេសដល់កងរាជអាវុធហត្ថលើផ្ទៃប្រទេស អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដែលតែងតែផ្តល់កិច្ចអន្តរាគមន៍ក្នុងការងារបង្ការបង្ក្រាបអំពើរត់ពន្ធនៅទូទាំងប្រទេសនាពេលកន្លងមក៕រក្សាសិទ្ធិដោយ ៖ កូលាប