Thursday, December 9, 2021

រាជរដ្ឋាភិបាលកម្ពុជា ប្រកាសដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្ត្របើកទទួលទេសចរណ៍វ៉ាក់សាំងជាផ្លូវការ

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ​​​ ប្រទេសកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្ត្រ ស្តីពី ការបើកទទួលទេសចរណ៍វ៉ាក់សាំង ជាផ្លូវការ ដែលនឹងចាប់ផ្តើមបើកទទួលភ្ញៀវទេសចរមកពីតំបន់ទេសចរ​​ ដែលមានហានិភ័យទាប ចាប់ពីចុងខែវិច្ឆិការខាងមុខនេះ សម្រាប់គោលដៅទេសចរណ៍សក្តានុពលសំខាន់ៗមួយចំនួន នៅក្នុងប្រទេសជាជំហ៊ានៗ។

ពិធីប្រកាសដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្ត្រ ស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំងនេះ ត្រូវបានធ្វើឡើងក្រោមការអញ្ជើញចូលរួមពីឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍, ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធជាច្រើន។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ផែនការយុទ្ធសាស្ត្រនេះ មានចក្ខុវិស័យស្តារ និងអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា តាមរយៈការចាប់ផ្តើមពីការបើកទទួលទេសចរណ៍វ៉ាក់សាំង ជា​មួយ​នឹងការគ្រប់គ្រងប្រកបដោយគុណភាព, សុវត្ថិភាព និងនិរន្តរភាព តាមគន្លងប្រក្រតីភាពថ្មី។

ឯកឧត្តម បញ្ជាក់ថា គោលបំណង នៃផែនការយុទ្ធសាស្រ្តនេះ គឺដើម្បីចាប់ផ្តើមជំរុញការបើកទទួលទេស​ចរណ៍អន្តរជាតិឡើងវិញជាជំហានៗ ឈរលើគោលការណ៍រក្សាបាននូវតុល្យភាពរវាងសកម្មភាពសង្គម-សេដ្ឋកិច្ច និងការធានាសុវត្ថិភាព និងសុខភាពសាធារណៈ សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ស្របតាមស្មារតីនៃ “ការធ្វើដំណើរ និងទេសចរណ៍សុវត្ថិភាព” ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ឱ្យក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព, សុវត្ថិភាព និងនិរន្តរភាព។

តាមការរំពឹងទុករបស់មន្ត្រីជំនាញក្រសួងទេសចរណ៍ ការទទួលភ្ញៀវទេសចរអន្តរជាតិរបស់កម្ពុជា នឹងអាចចំណាយពេល ៥ឆ្នាំដើម្បីវិលត្រឡប់មកប្រក្រតីភាពវិញ ក្នុងការទទួលភ្ញៀវប្រមាណ ៧លាននាក់៕

ក្រសួងទេសចរណ៍បញ្ជាក់ថា បន្ទាប់ពីគម្រោងសាកល្បងនៃជំហានទី១ ទទួលបានជោគជ័យ កម្ពុជា នឹងអនុវត្តជំហានទី២ ដោយការបើកឡើងវិញតាមតំបន់ ពោលគឺ ចាប់ផ្តើមទទួលទេសចរណ៍អន្តរជាតិមកតាមតំបន់ទេសចរណ៍សុវត្ថិភាពផ្សេងៗទៀត បន្ទាប់ចាប់ផ្តើមជំហានទី៣ ដោយការបើកឡើងវិញទាំងស្រុង ពោលគឺ ការបើកទទួលទេសចរណ៍វ៉ាក់សាំងពេញលេញនៅទូទាំងប្រទេស៕