Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មូលនិធិ​គន្ធបុប្ផា​កម្ពុជា ថ្ងៃ​ដំបូង សមាជិក​ស្ថាបនិក ៥២​រូប ទទួលបាន​ទឹកប្រាក់ ១.២៩០.០០០ដុ​លា្ល​រ និង​៦៨០ លាន​រៀល​

spot_img

​​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១១ ខែ​មេសា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ មូលនិធិ​គន្ធបុប្ផា​កម្ពុជា នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។

ដែល​ពិធី​នេះ​មាន​ការចូលរួម​ពី​បណ្តា​សប្បុរសជន ជាតិ និង​អន្តរជាតិ និង​មន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ជាច្រើនរូប ដោយ​ក្នុង​ថ្ងៃ​ដំបូង នៃ​ប្រកាស​ផ្លូវការ​នូវ មូលនិធិ​គន្ធបុប្ផា​កម្ពុជា​នេះ ទទួលបាន​សមាជិក​ស្ថានិក ចំនួន​៥២​រូប ដែល​ទទួលបាន​ទឹកប្រាក់​សរុប​ចំនួន ១​លាន ២៩​ម៉ឺន​ដុ​លា្ល​រ និង​៦៨០ លាន​រៀល​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការបង្កើត​នូវ មូលនិធិ​គន្ធបុប្ផា​កម្ពុជា នេះ​គឺ​ដើម្បី​បន្ត​នូវ​សកម្មភាព​មនុស្សធម៌ របស់​មន្ទីរពេទ្យ ក្នុង​ការស្វែករកថ​វិ​កា ពី​បណ្តា​សប្បុរសជន​នានា មក​ការ​ទ្រទ្រង់​ការព្យាបាល​ជំងឺ​កុមារ​កម្ពុជា ដោយ​ឥតគិតថ្លៃ ដែល​កំពុង​រង់ចាំ​ការព្យាបាល ជា​រៀង​រាល់​ថ្ងៃនេះ​។ នៅថ្ងៃនេះ សម្តេច​តេជោ នាយករដ្ឋមន្ត្រី បានប្រកាសថា ដើម្បី​ជា​ការរួមចំណែក និង​ជា​ការចាប់ផ្តើម​នៃ​ការបង្កើត “​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​” នេះ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​ចូល​រួមវិភាគទាន​ក្នុង​មូលនិធិ​នេះ​ក្នុង​១​ឆ្នាំ​៥​ម៉ឺន​ដុល្លារ ក្នុង​រយៈពេល​៥​ឆ្នាំ​។ ជាមួយគ្នានេះដែរ កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន​នោះ ក៏​នៅតែ​បន្ត​បរិច្ចាគ​ថវិកា ចំនួន​១​លាន​ដុល្លារ ក្នុង​១​ឆ្នាំ​បន្ត​ទៀត​ផង​ដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏​បាន​អរគុណ និង​សោកស្តាយ​ចំពោះ លោក​សាស្ត្រាចារ្យ Beat Richner ដែល​ជា​វីរបុរស និង​ជា​ស្ថាបនិក នៃ​មូលនិធិ​ស្វ៊ី​ស ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​មិន​អាច​មាន​វត្តមាន ក្នុងឱកាស​ជា​ប្រវត្តិសាស្ត្រ​នេះ​បាន ព្រោះ​ឥឡូវនេះ​លោក​បាន​សំរាក​ព្យាបាល​ជំងឺ នៅក្នុង​មន្ទីរពេទ្យ​នៃ​ប្រទេស​ស្វ៊ី​ស​។ តែ​សម្តេច​សូម​សម្តែង នូវ​ការកោតសរសើរ សម្រាប់​ការខិតខំ​ប្រឹងប្រែង​របស់លោក ដែល​បាន​លះបង់​អស់​កម្លាំងកាយ​ចិត្ត និង​ហិរញ្ញវត្ថុ ក្នុង​ការជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុង​រយៈពេល ២៥​ឆ្នាំ​កន្លងមកនេះ ហើយ​សម្តេច​ក៏​បាន​សូម​ជូនពរ ឱ្យ​លោក​សាស្ត្រាចារ្យ ឆាប់​ជា​សះស្បើយ​។​

​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏​សូម​ថ្លែងអំណរគុណ​ផង​ដែរ ចំពោះ​បុគ្គលិក​ពេទ្យ​ទាំងអស់ នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា ក៏​ដូច​ជា​នាយក​ប្រតិបត្តិ​បច្ចុប្បន្ន ដែល​បាន​សម្រេច​តួនាទី ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការរួមចំណែក ដល់​មន្ទីរពេទ្យ ទទួលបាន​កេរ្តិ៍ឈ្មោះ​ល្អ និង​ត្រូវបាន​គេ​ស្គាល់​ជាទូទៅ សម្រាប់​គុណភាព នៃ​សេវា​សុខភាព​របស់​ខ្លួន​។ សម្តេច​តេជោ ក៏​សូម​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​ស្វ៊ី​ស ដែល​តែងតែ​គាំទ្រ ដល់​មន្ទីរពេទ្យ​គន្ធបុប្ជា ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស និង​ថ្លែងអំណរគុណ ដល់​សប្បុរសជន​ទាំងអស់ ទាំង​ក្នុងស្រុក​និង​អន្តរជាតិ ចំពោះ​ការគាំទ្រ​មន្ទីរពេទ្យ​គន្ធបុប្ផា កន្លង​មក​ផង​ដែរ​។​

​សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​បញ្ជាក់​ពី​មូលហេតុ ដែល​សម្តេច​គាំទ្រ យ៉ាង​ពេញទំហឹង ចំពោះ​ការបង្កើត​មូលនិធិ​គន្ធបុប្ផា​កម្ពុជា នូវ​ចំណុច​សំខាន់​ចំនួន​៣ ៖ ១)​ជា​ការលើកកម្ពស់​សុខ​ភាព​មាតា ទារក និង​កុមារ ដែល​ជា​អាទិភាព​ចម្បង​ក្នុង​ក្របខ័ណ្ឌ គោលនយោបាយ​ជាតិ គាំពារ​សង្គម របស់​រាជរដ្ឋាភិបាល ដែល​បច្ចុប្បន្ន​កុមារ ដែល​មាន​អាយុ​ចាប់ពី ៩ ឆ្នាំ​ចុះ មាន​ចំនួន​ប្រមាណ ២០​ភាគរយ ហើយ​បើ​គិត​ពី​អាយុ ១៤​ឆ្នាំ​ចុះ គឺ​មាន​រហូតដល់​ជាង ៣០​ភាគរយ នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប​។ ពួកគេ គឺ​ជា​អនាគត ១០០​ភាគរយ របស់​ប្រទេស ដោយ​ពួកគេ​ជា​កម្លាំង​ពលកម្ម បម្រើ​ជាតិ​ដ៏​សំខាន់​។ ២) រាជរដ្ឋាភិបាល​កម្ពុជា​គាំទ្រ និង​ទទួលស្គាល់ នូវ​ស្នាដៃ និង​គុណភាព នៃ​សេវា​ថែទាំ​សុខភាព របស់​មន្ទីរពេទ្យ​នេះ សម្រាប់​ម្តាយ ទារក និង​កុមារ​។ កម្ពុជា​មាន​មោទនភាព​ណាស់ ដែល​មាន​មន្ទីរពេទ្យ​កុមារ ប្រកបដោយ​គុណភាព​មួយ​នេះ ដែល​ឆ្លើយតប​បាន​យ៉ាង​ល្អប្រសើរ ទៅ​នឹង​សេចក្ដីត្រូវការ ក្នុង​ការថែទាំ និង​ព្យាបាល​សុខភាព មាតា ទារក និង​កុមារ ។ ៣)​ទន្ទឹម​នឹង​ការបង្កើតថិវ​កា ជា​បន្តបន្ទាប់ ក្នុង​ពេល​កន្លងមក រួមទាំង​ការវិភាជន៍​ប្រាក់ចំណូល ពី​ទេសចរ​បរទេស ចូល​ទស្សនា​ប្រាសាទ​អង្គរ ជូន​ដល់​មន្ទី​ពេទ្យ​គន្ធបុប្ផា​ផង ពេលនេះ​គឺជា​ពេលវេលា ដ៏​សមរម្យ​បំផុត ដែល​យើង​គួរ​គប្បី​មាន មូលនិធិ​គន្ធបុប្ផា​កម្ពុជា មួយ​ផ្ទាល់​របស់​ខ្លួន​។ ម្យ៉ាងវិញទៀត កម្លាំង​សេដ្ឋកិច្ច ធនធាន​ហិរញ្ញវត្ថុ និង​កម្លាំង​ទឹកចិត្ត​សប្បុរសធម៌ របស់​សប្បុរសជន នៅក្នុង​ស្រុង​របស់​យើង ក៏​កាន់តែ​មាន​ភាព​រឹក​មាំ ជាមួយនឹង​ឧត្តមគតិ និង​ឆន្ទៈ​គាំទ្រ​របស់​មជ្ឈដ្ឋាន សាធារណៈ នៅក្នុង​ប្រទេស ក៏​តែងតែ​មាន​ភាពរស់រវើក ក្នុង​ការជំរុញ​សកម្មភាព របស់​មន្ទី​ពេទ្យ​គន្ធបុប្ផា​ផងដែរ​។​

​សម្តេច​តេជោ បាន​មានប្រសាសន៍ បញ្ជាក់​បន្ថែម​ទៀត​ថា សមាជិក​មូលនិធិ​គន្ធាបុប្ផា​កម្ពុជា ត្រូវបាន​ចែក​ជា​៣​ប្រភេទ​៖
១)​សមាជិក​ស្ថាបនិក គឺជា​សមាជិក ដែល​ត្រូវ​ចូល​រួមវិភាគទាន ចាប់ពី ៨០.០០០.០០០ (​ប៉ែ​ត​សិប​លាន​)​រៀល ឬ ២០.០០០ ដុល្លារ​អាមេរិក​ឡើងទៅ​។ ២)​សមាជិក​កិត្តិយស គឺជា​សមាជិក ដែល​ត្រូវ​ចូល​រួមវិភាគទាន ចាប់ពី ២០.០០០.០០០ (​ម្ភៃ​លាន​)​រៀល ឬ​
៥.០០០(​ប្រាំ​ពាន់​) ដុល្លារ​អាមេរិក​ឡើងទៅ​។ ៣)​សមាជិក​គាំទ្រ គឺជា​សមាជិក ដែល​មាន​ការចូលរួម​ថវិកា ចាប់ពី ៥.០០០(​ប្រាំ​ពាន់​)​រៀល​ក្នុង​មួយខែ ឬ ៦០.០០ (​ប្រាំមួយ​សែន​) រៀល ក្នុង​មួយ​ឆ្នាំ​។ សម្តេច​តេជោ នាយករដ្ឋមន្ត្រី សង្ឃឹមថា តាមរយៈ​សកម្មភាព​នេះ នឹងមាន ការចូលរួម​ពី​សប្បុរសជន ជាច្រើន​បន្ថែមទៀត ដើម្បី​រួមចំណែក​ជួយ​ដល់​កុមារ​កម្ពុជា របស់​យើង ដែល​កំពុង​ត្រូវការ​ជួយសង្គ្រោះ ជា​រៀងរាល់ថ្ងៃ​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ ដល់​អ្នកឧកញ្ញា គិត ម៉េង ដែល​បាន​បរិច្ចាគ​ផ្ទៃដី​ចំនួន ១.៣៧២ ម៉ែត្រការ៉េ ដែល​គិត​ជា​ទឹកប្រាក់​ចំនួន​ប្រមាណ ៨​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ចូលរួម​នៅក្នុង​មូលនិធិ​គន្ធបុប្ផា​នេះ ដែល​ដី​នេះ​បាន​ជួល​អស់​រយ​:​ពេល​ជាង​១៨​ឆ្នាំ ហើយ​នៅពេលនេះ គឺ​ដី​នេះ​បាន​ក្លាយ​ជា​កម្មសិទ្ធិ​ស្របច្បាប់ របស់​មន្ទីរពេទ្យ​គន្ធបុប្ផា ហើយ​នេះ គឺជា​ការចូលរួម​ចំណែក​មួយ យ៉ាងសំខាន់​។​

​មុន​នឹង​បញ្ចប់ សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ក៏​បាន​ប្រកាស​ឈ្មោះ សប្បុរសជន​ចំនួន​៥២​រូប ដែល​បាន​ចូលរួម​ឧបត្ថម្ភ ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដែល​ក្លាយ​ជា​សមាជិក​ស្ថាបនិក នាពេល​នេះ​ផង​ដែរ​។ គិត​ត្រឹម​ថ្ងៃ​ប្រកាស​ផ្លូវការ​នូវ “​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​” នា​ថ្ងៃនេះ គឺ​ទទួលបាន​សមាជិក​ស្ថានិក ចំនួន​៥២​រូប ដែល​ទទួលបាន​ទឹកប្រាក់​សរុប​ចំនួន ១​លាន ២៩​ម៉ឺន​ដុ​លា្ល​រ​អាមេរិក និង ៦៨០ លាន​រៀល​។​

​នៅក្នុង​ឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខាងមុខនេះ សម្តេច​តេជោ ហ៊ុន សែន បាន​ជូនពរ​បងប្អូន ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ សូម​ជួប​តែ​សេចក្តីសុខ​ចម្រើន​គ្រប់ៗ​គ្នា និង​បាន​បាន​ប្រកាស​បើក​ឱ្យ​ដំណើរការ​នូវ មូលនិធិ​គន្ធបុប្ផា​កម្ពុជា នេះ​ចាប់ពី​ពេលនេះ​តទៅ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×