Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិនកាន់តែគំរាម តៃវ៉ាន់ទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស កាន់តែច្រើនឡើង

spot_img

រដ្ឋធានីតៃប៉ិ៖ ក្រសួងការពារជាតិតៃវ៉ាន់ បានបន្ដចុះកិច្ចព្រមព្រៀងជាលើកទី២ ទិញប្រព័ន្ធកាំជ្រួចការពារដែនអាកាស ប្រភេទ Patriot PAC-3 ដែលមានតម្លៃ រហូតដល់ទៅ២,៤៤ពាន់លានដុល្លារតៃវ៉ាន់ ឬស្មើនឹងជាង៩២លានដុល្លារអាមេរិក ជាមួយនឹងកងទ័ពសហរដ្ឋអាមេរិក។

សារព័ត៌មាន Taiwan News បានចេញផ្សាយ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ថា ក្នុងរយៈពេល៣ខែកន្លងមកនេះ កងទ័ពតៃវ៉ាន់ បានបន្ដចុះកិច្ចព្រមព្រៀងជាលើកទី២ ទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot PAC-3 មកពីសហរដ្ឋអាមេរិក។ រហូតមកដល់ពេលនេះ តៃវ៉ាន់ បានបន្ដទិញគ្រឿងសព្វាវុធកាន់តែច្រើនឡើង ដើម្បីទប់ទល់នឹងការឈ្លានពានរបស់ចិន។

សារព័ត៌មាន The Liberty Times ក៏បានរាយការណ៍ថា កិច្ចព្រមព្រៀងនេះ មានតម្លៃ៣៥,៦៣លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានអនុវត្ដដោយកងទ័ពអាកា ដោយធ្វើឡើង តាមកិច្ចព្រមព្រៀង កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ក្នុងតម្លៃ១,៤ពាន់លានដុល្លារតៃវ៉ាន់។ កិច្ចព្រមព្រៀងទាំង២នេះ មានតម្លៃសរុប ២,៤៤ពាន់លាដុល្លារតៃវ៉ាន់ ឬស្មើនឹងជាង៩២លានដុល្លារសហរដ្ឋអាមេរិក។

មន្រ្ដីជាន់ខ្ពស់ ក្រសួងការពារជាតិតៃវ៉ាន់ បានអះអាងថា ការថែទាំ និង ការជួសជុលប្រព័ន្ធមីស៊ីល បានបាញ់ចេញពីលើដីនេះ ក៏ស្ថិតក្នុងកិច្ចព្រមព្រៀងចុងក្រោយនេះដែរ។ តៃវ៉ាន់ នឹងដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ចំនួន៣៥០គ្រឿង។ តៃវ៉ាន់ ក៏នឹងមានគម្រោងទិញប្រព័ន្ធមីស៊ីល PAC-3 (MSE) ចំនួន៣០០គ្រឿងបន្ថែមទៀត នៅក្នុងឆ្នាំ២០២៥ និង២០២៦។

រហូតមកដល់ពេលនេះ រដ្ឋាភិបាលរបស់លោកស្រី សៃ អ៊ីងវ៉ិន ប្រធានាធិបតីតៃវ៉ាន់ បានចំណាយថវិកា រាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីបង្កើនការទិញគ្រឿងសព្វាវុធទំនើបៗ ដោយរួមទាំងយន្ដហោះចម្បាំងផងដែរ ដើម្បីយកមកការពារដែនដីរបស់ខ្លួន ក្រោយពេលមានការគំរាមកំហែង កាន់តែខ្លាំងឡើង ពីរដ្ឋាភិបាលទីក្រុងប៉េកាំង។ ចិនបានចាត់ទុកដែនកោះតៃវ៉ាន់ ជាអាណាខេត្តមួយ ដែលបានបំបែកខ្លួន ចេញពីចិន។ រដ្ឋាភិបាលទីក្រុងប៉េកាំងតែងតែគំរាម នឹងប្រើប្រាស់កម្លាំងទ័ព វាយចូលលុកលុយដែនកោះនេះ ប្រសិនបើរដ្ឋាភិបាលទីក្រុងតៃប៉ិ ប្រកាសពីឯករាជភាព ផ្ដាច់ចេញពីចិន៕រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×