Thursday, December 9, 2021

សម្តេចតេជោ ហ៊ុន សែន ទទួលញញួរដើម្បីធ្វើជាម្ចាស់នៃកិច្ចប្រជុំកំពូលអាស៊ាន ជាលើកទី៣

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលញញួរដើម្បីធ្វើជាម្ចាស់នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាឆ្នាំ២០២២។ កម្ពុជាទទួលធ្វើជាម្ចាស់នៃកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នៅក្នុងតំបន់លើកទី៣ហើយសម្រាប់កម្ពុជា ក្រោយក្លាយជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩។ លើកទី១ នៅឆ្នាំ២០០២ លើកទី២ នៅឆ្នាំ២០១២។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមប្រជាជន និងជារាជរដ្ឋាភិបាលកម្ពុជា សម្តេចមានមោទនភាពយ៉ាងក្រៃលែង ក្នុងការទទួលតំណែងជាប្រធានប្តូរវេនរបស់អាស៊ានសម្រាប់ឆ្នាំ២០២២នេះ។

សម្តេចតេជោ បានគូសបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជានឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលសំខាន់ៗថែមទៀត។ ជាពិសេសជំរុញសន្ទុះនៃដំណើរការកសាងសហគមន៍អាស៊ានប្រកបដោយសមធម៌, រឹងមាំ និងបរិយាបន្ន ស្របតាមស្មារតីស្នូលរបស់អាស៊ាន គឺចក្ខុវិស័យមួយ, អត្តសញ្ញាណមួយ, និងសហគមន៍មួយ។

សម្តេចតេជោ បានគូសបញ្ជាក់ថា «ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាប្តេជ្ញាចិត្តដឹកនាំអាស៊ានបោះជំហានទៅមុខក្រោមមូលបទ [អាស៊ានរួមគ្នាធ្វើ-ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា (ASEAN A.C.T. Addressing challenges Together)] ដើម្បីភាពសុខដុមរមនា, សន្តិភាព និង វិបុលភាព ក្នុងតំបន់ទាំងមូល»។

ជាមួយការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចការងារអាទិភាពចំនួន៣ ដែលកម្ពុជានឹងផ្តោតការយកចិត្តទុកដាក់។ ការងារអាទិភាពទាំងនោះរួមមាន៖

១)សសរស្តម្ភនយោបាយ និង សន្តិសុខ៖ កម្ពុជានឹងយកចិត្តទុកដាក់ពង្រឹងមជ្ឈភាពអាស៊ាន និង ឯកភាពអាស៊ាន, ទាំងក្នុងយន្តការតំបន់ និង ទាំងកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ, ដោយឈរលើមាគ៌ា និង គោលការណ៍របស់អាស៊ាន ដូចមានចែងនៅក្នុងធម្មនុញ្ញអាស៊ាន, សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ និងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក។ អាស៊ានក៏ត្រូវមានភាពធន់ និងរឹងមាំ ទប់ទល់បានពីសម្ពាធ និងឥទ្ធិពលនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលកំពុងតែ កើនឡើង, បញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម, ការប្រែប្រួលអាកាសធាតុ និង ជំងឺរាតត្បាត។ល។ ដើម្បីធានាដំណើរទៅមុខក្នុងសន្តិភាព, សន្តិសុខ និងវិបុលភាព។

២)សសរស្តម្ភសេដ្ឋកិច្ច៖ កម្ពុជានឹងជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ នូវរាល់គំនិតផ្ដួចផ្តើម និងវិធានការ ដែលបានឯកភាពគ្នា និងទាញយកផលប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដើម្បីស្តារកំណើនសេដ្ឋកិច្ចឱ្យបានឆាប់ ក្នុងពេលដែលយើង រស់ជាមួយនឹងកូវីដ-១៩ ក្នុងប្រក្រតីភាពថ្មី និងធានាឱ្យអាស៊ាននៅតែជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការវិនិយោគ ប្រកបដោយភាពទាក់ទាញ និងជីវភាព ពិសេសតាមរយៈការជំរុញការតភ្ជាប់ទាំងរូបវន្ត និងឌីជីថល ការលើកកម្ពស់សមត្ថភាពរបស់សហគ្រាស ខ្នាតមីក្រូតូច និងមធ្យម (MSMEs) និងការលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី និង យុវជន ព្រមទាំង ការងារអាទិភាពផ្សេងទៀត ដើម្បីកាត់បន្ថយគម្លាតអភិវឌ្ឍន៍ និងពង្រឹងសមាហរណកម្មតំបន់។

៣)សសរស្តម្ភសង្គម-វប្បធម៌៖ កម្ពុជានឹងជំរុញការអភិវឌ្ឍធនធានមនុស្សឱ្យឆ្លើយតបនឹងតម្រូវការ ជាក់ស្ដែងក្នុងការកសាងសហគមន៍ រួមទាំងជំរុញការចូលរួមរបស់ស្ត្រី និងយុវជន នៅក្នុងការរក្សា និង ក សាងសន្តិភាព និង ការអភិវឌ្ឍប្រព័ន្ធការពារសង្គម ប្រកបដោយបរិយាប័ន្នផងដែរ។ អាទិភាពសំខាន់មួយទៀត គឺការជំរុញនូវការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន សំដៅពង្រឹងស្មាតីអត្តសញ្ញាណអាស៊ានតែមួយ។ ជារួម, កម្ពុជានឹងបន្តកៀរគរការគាំទ្រ និង កិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចគោលដៅនៃការកសាង សហគមន៍អាស៊ានទាំងបី តាមទស្សនវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ។ ជាមួយគ្នានេះ, យើងក៏នឹងជំរុញផងដែរ នូវដំណើរការរៀបចំទស្សនវិស័យសហគមន៍អាស៊ានសម្រាប់រយៈពេលក្រោយឆ្នាំ២០២៥៕រក្សាសិទ្ធិដោយ ៖ កូលាប