រតនគិរី ៖ យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តរតនគិរី កម្លាំងអធិការក្រុងបានលុង ធ្វើការឃាត់ខ្លួនបុរសម្នាក់ ដែលបានរត់គេចខ្លួនចេញពីពន្ធនាគារខេត្តរតនគិរី កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ ។
តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១៥/១៧ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ របស់លោក ឈុន ច័ន្ទសីហា ជាអនុប្រធានសាលាដំបូងខេត្តរតនគិរី និងជាចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តរតនគិរី បានបង្គាប់ឲ្យចាប់ខ្លួនជនត្រូវចោទឈ្មោះ កែវ ឆក ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី មុខរបរ មិនពិតប្រាកដ ដែលជាប់ពាក់ព័ន្ធ ពីបទ លួចរត់ ប្រព្រឹត្តនៅក្នុងពន្ធនាគារខេត្តរតនគិរី កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា៥៦០ និងមាត្រា ៥៦១ នៃក្រមព្រហ្មទណ្ឌនិងមាត្រា ៨២នៃច្បាប់ពន្ធនាគារ។
ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តរតនគិរី បានបញ្ជាក់ក្នុងដីកានេះថា ដោយយល់ឃើញថា ជនត្រូវចោទឈ្មើកែវ ឆក បានគេចខ្លួនមិនបានចូលរួមក្នុងនីតិវិធីរបស់តុលាការ ដោយពុំមានមូលហេតុ ដូច្នេះតំណាងអយ្យការបានឯកភាពក្នុងការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជនត្រូវចោទរូបនេះ តាមរយៈដីកាបញ្ជូនឲ្យឆ្លើយលេខ ៩០៧ចុះថ្ងៃទី៩ខែមិថុនាឆ្នាំ២០១៧។ ហេតុដូច្នេះសម្រេច ឲ្យចាប់ខ្លួនឈ្មោះកែវ ឆក និងបញ្ជាដល់កងកម្លាំងសាធារណៈ ឲ្យស្រាវជ្រាវរកចាប់ និងនាំខ្លួនឈ្មោះកែវ ឆក មកប្រគល់ជូនសាលាដំបូងខេត្តរតនគិរី ដើម្បីចាត់ការតាមផ្លូវច្បាប់៕ ដោយ៖ជាលី