Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោង​ធ្វើ​កំណាយ​ដើម្បី​ពិនិត្យមើល​រចនាសម្ព័ន្ធ​ស្រះ​អង្គរ វត្ត​មុន​ធ្វើការ​ជួសជុល​

spot_img

​សៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា នឹង​រៀបចំ​ធ្វើ​កំណាយ​នៅ​ផ្នែក​ណាមួយ​នៃ​ស្រះ​ទឹក​ខាងជើង និង​ខាងត្បូង​ក្នុង​ប្រាសាទអង្គរវត្ត មុន​ធ្វើការ​ជួសជុល​។ កំណាយ​នេះ​គឺ​ដើម្បី​ពិនិត្យមើល​រចនាសម្ព័ន្ធ និង​ទ្រង់ទ្រាយ​របស់​ស្រះ មុន​អ្នកជំនាញ​ធ្វើការ​ជួសជុល​ឱ្យស្រប​តាម​លំនាំ​ចាស់ និង​ជៀសវាង​ផលប៉ះពាល់​ណាមួយ​។​

​លោក លី វណ្ណា ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ថ្លែងឱ្យដឹងថា កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​នេះ​ធ្វើឡើង​តាម​យោបល់​អ្នកជំនាញការ​អា​ដ​ហុក របស់​គណៈកម្មការ អាយ​ស៉ី​ស៉ី​-​អង្គរ ដែល​សុំឱ្យ​អ្នកជំនាញ​ធ្វើ​កំណាយ មុន​នឹង​ជួសជុល និង​កែលំអ​ស្រះ​ទាំងពីរ​របស់​ប្រាសាទអង្គរវត្ត​។​

​តាម​លោក លី វណ្ណា គម្រោង​ជួសជុល និង​ស្ដារឡើងវិញ​នៃ​ស្រះ​ខាងលើ គឺ​ក្នុង​បំណង​លើក​តម្លៃ កែលំអ​ស្រះ ដើម្បី​ឱ្យ​ទឹក​នៅ​បានយូរ និង​រៀបចំ​ច្រាំង​ស្រះ​ជុំវិញ ដែល​កន្លង​មក​ស្រះ​ទាំងនេះ​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាច្រើន ដែល​ចូលចិត្ត​ផ្ដិត​ទិដ្ឋភាព​របស់​ពួកគេ​ជា​មួយ​កំពូល​ប្រាសាទ​អង្គរ ដែល​ឆ្លុះ​ជាមួយ​ទឹកស្រះ​ដ៏​ស្រស់ស្អាត​។ លោក លី វណ្ណា​បញ្ជាក់ថា កំណាយ​នេះ​នឹង​អាច​ឱ្យ​អ្នកជំនាញ​ដឹង​កាន់តែច្បាស់​ពី​រចនាសម្ព័ន្ធ​របស់​ស្រះ ក៏ដូចជា​គុណភាព​របស់​ថ្ម ថា​តើ​វា​ត្រូវ​កែលំអ​បែបណា​បន្ថែម​ទៀត​ផងដែរ​។​

​គម្រោង​កំណាយ​ស្រាវជ្រាវ​នៅ​ស្រះ​អង្គរ គ្រោង​ធ្វើ​នៅក្រោយ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ និង​ប្រើពេល​ចន្លោះ​ពី​១​ខែ​កន្លះ ទៅ​២​ខែ​។ អាជ្ញាធរ​ជាតិ​អប្សរា តាមរយៈ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ ស្នើ​ឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ដរជាតិ ព្រមទាំង​សាធារណជន​ទាំងអស់ យោគយល់ និង​ជ្រាប​ពី​ព័ត៌មាន​នេះ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×