Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សភាពការណ៍​នយោបាយ​រវាង​កូរ៉េ​ខាងត្បូង និង​កូរ៉េ​ខាងជើង​មាន​ភាពល្អ​ប្រសើរ ធ្វើអោយ​​ប្រជា​ពលរដ្ឋ​ខ្មែរ និង​កូរ៉េ​រស់នៅ​ដោយ​ភាពសុខសាន្ត​

spot_img

​​សេ​អ៊ូ​ល ​៖ លោក ឡុង ឌី​ម៉ង់ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​កូរ៉េខាងត្បូង​បាន​មាន​ប្រសា​សន៌​លើក​ឡើង​ថា មហាសង្ក្រាន្ត​ខ្មែរ​នៅ​កូរ៉េ​ឆ្នាំ​២០១៨​ បាន​បញ្ចប់ទៅ ដោយ​ភាពជោគជ័យ ជាមួយនឹង​ស្នាមញញឹម​សើច​សប្បាយ ស្មារតី​សាមគ្គីភាព មោទនភាព​ជាតិ​គ្រប់ៗ​គ្នា ដែល​នេះ​ជា​ថាមពល​សម្រាប់​ការបំពេញ​ភារកិច្ច​មួយ​ឆ្នាំ​បន្តទៀត​។​

លោក ឡុង ឌី​ម៉ង់ បាន​លើកឡើង​បែប​នេះ ក្នុង​ពិធី​បិទ​មហា សង្ក្រាន្ត​ខ្មែរ​នៅ​កូរ៉េ​ឆ្នាំ​២០១៨​កាលពី ថ្ងៃទី​១៦ មេសា ក្រោម​វត្តមាន លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​សមាជិក​សភា​កូរ៉េ​ប្រចាំ​តំបន់​សេ​អ៊ូ​ល ដើម្បី​ចូលរួម​កម្សាន្ត​សប្បាយ​ជាមួយ​ប្រជា​ពលករ​ខ្មែរ ដែល​កំពុង​ធ្វើការ​នៅ​កូរ៉េខាងត្បូង ក្នុងឱកាស​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ លើ​ទឹកដី​កូរ៉េ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ គ​.​ស ២០១៨​។​

លោក​រដ្ឋមន្ត្រី អ៊ិត សំហេង បានឲ្យដឹងថា នៅ​ឧបទ្វីប​កូរ៉េ​ឆ្នាំនេះ សភាពការណ៍​នយោបាយ​រវាង​កូរ៉េ​ខាងត្បូង និង​កូរ៉េ​ខាងជើង​មាន​ភាពល្អ​ប្រសើរ ព្រោះ​បាន​កាត់បន្ថយ​ភាព​តានតឹង​។ រីឯ​ប្រជាពលរដ្ឋ​ខ្មែរ និង​ប្រជាពលរដ្ឋ​កូរ៉េ​ទៀត​សោត ក៏​អាច​រស់នៅ​ដោយ​ភាពសុខសាន្ត គ្មាន​ការព្រួយបារម្ភ​ផងដែរ​។​

លោក​រដ្ឋមន្ត្រី​បាន​បន្តថា កម្ពុជា​បាន​ប្ដូរ​ពី​ប្រទេស​ក្រីក្រ​មកជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប កំពុង​ឈាន​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០​។​

លោក អ៊ិត សំហេង បាន​ផ្ដល់​អនុសាសន៍​ដល់​ប្រជាពលរដ្ឋ និង​ពលករ​ខ្មែរ​នៅ​កូរ៉េ​អនុវត្ត​នូវ​ភារកិច្ច​ចំនួន ៥​ចំណុច រួមមាន​៖

១៖ ពង្រឹង​សហប្រតិបត្តិការ​ជាមួយ​ភាគី​កូរ៉េ ដើម្បី​រក្សា និង​បង្កើន​ការងារ​ជូន​ពលករ​កម្ពុជា​។​

២៖ ផ្ដល់​សេវា​សាធារណៈ​ជូន​ពលករ តាំងពី​ពេល​ប្រឡង ធ្វើតេស្ត​ភាសា​កូរ៉េ រហូតដល់​ពេល​ធ្វើការ និង​ត្រលប់​ទៅវិញ​។​

៣៖ សហការ​ជាមួយ​ភាគី​កូរ៉េ ការពារ​សិទ្ធិ​ការងារ​តាម​ច្បាប់ និង​អនុស្សរណៈ​យោគយល់​។​

៤៖ ផ្ដល់​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ បង្កើន​សមត្ថភាព​ជូន​ពលករ ដើម្បី​អាច​រក​ការងារ​ថ្មី និង​ត្រៀម​លក្ខណសម្បត្តិ​ពេល​ដែល​ត្រលប់​មកវិញ​។​

៥៖ រៀបចំផ្ទះ​ស្នាក់នៅ​បណ្ដោយ​អាសន្ន សម្រាប់​ពលករ​ដែល​ប្ដូរ​កន្លែង​ការងារ ស្នាក់នៅ និង​រក​ការងារ​ថ្មី​បាន​៥​កន្លែង ជា​គម្រោង​ឧបត្ថម្ភ​ដោយ​តេជោ ហ៊ុន សែន តាមរយៈ​កូនច្បង​របស់​សម្តេច គឺ​លោក ហ៊ុន ម៉ា​ណែ​ត​។​

លោក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​ពលក​ររស់​នៅ ធ្វើការ គោរព​ច្បាប់ រួម​គ្នា​រក្សា​សន្តិភាព ស្ថិរភាព ថែរក្សា​សុខភាព ខិតខំ​រៀន​វិជ្ជាជីវៈ​។ ពេល​ចប់​កិច្ចសន្យា​សូម​វិល​ទៅ​ប្រទេស​វិញ កុំ​បន្ត​នៅ​ខុសច្បាប់ សាមគ្គីភាព​ខ្មែរ​និង​ខ្មែរ ជួប​គ្នា​ទៅវិញទៅមក ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ភាគី​កូរ៉េ​។​

​លោក​បន្ត​អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ​នៅ​ទីនោះ បន្ត​ចូលរួម​ថែរក្សា​សន្តិភាព ស្ថិរភាព​របស់​ប្រទេសជាតិ ដែល​ជា​គន្លឹះ​សម្រាប់​ការ​បន្ត​អភិវឌ្ឍ ព្រោះ​បើកាលណា​មាន​សន្តិភាព ស្ថិរភាព ទើប​អាច​រក្សា​ការពារ​បាន​។​

លោក អ៊ិត សំហេង បាន​ណែនាំ​ពលករ​ឲ្យ​ត្រូវ​ជឿជាក់​លើ​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន ដើម្បី​បន្ត​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។ ជម្រើស​ល្អ​បំផុត សុំ​បោះឆ្នោត និង​ផ្ដាំផ្ញើ​ទៅ​ក្រុមគ្រួសារ​នៅ​ស្រុក បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ​។​

បរិយាកាស​កម្សាន្ត​សប្បាយ​នាពេលនោះ ពិតជា​បាន​បង្ហាញ​ពី​សាមគ្គីភាព ការបន្ត​ភាព​ជឿជាក់​លើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​បច្ចុប្បន្ន ខណៈ​ពលករ​ខ្មែរ​ម្នាក់ៗ​សុទ្ធ​តែ​បង្ហាញ​ភាព​ញញឹម​រាក់ទាក់ ហើយ​ពួកគេ​បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​ទាំងអស់ ដែល​បាន​ចុះ​សំណេះសំណាល​ដល់​ប្រទេស​កូរ៉េ​ផ្ទាល់ និង​ចូលរួម​រាំ​កម្សាន្ត​តាម​ចង្វាក់​ប្រពៃណី​ខ្មែរ ជាមួយ​សប្បាយ​ជាមួយ​ថ្នាក់ដឹកនាំ​យ៉ាងច្រើន​កុះករ​ផង​ដែរ​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×