Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យមើល​ការដ្ឋាន​អ៊ុត​កៅស៊ូ ផ្លូវជាតិ​លេខ​៤ ម្តុំ​វិទ្យាល័យ​ជម្ពូ​វ័​ន្ត នៅ​រាត្រី​ថ្ងៃទី​២៩​តុលា​នេះ​

spot_img

ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង នៅ​រាត្រី​ម៉ោង​៨​និង​៣០​នាទី​ថ្ងៃទី​២៩ តុលា​នេះ​បាន​ដឹកនាំ​មន្ត្រី មន្ទីរជំនាញ​និង​អាជ្ញាធរ​ដែនដី​ចុះ​ពិនិត្យមើល​ការដ្ឋាន​អ៊ុត​កៅស៊ូ​ផ្លូវជាតិ​លេខ ៤ ម្តុំ​វិទ្យាល័យ​ជម្ពូ​វ័​ន្ត​ស្ថិតក្នុង​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ​សែន​ជ័យ ដើម្បី​ជម្រុញ​អោយ​ការដ្ឋាន​នេះ​ដំណើរការបាន​លឿន​និង​មានគុណ​ភាពស្រប​ទៅតាម​ស្តង់ដារ​បច្ចេកទេស​។

​ការបើក​ការដ្ឋាន​ជួសជុល​ដោយ​អ៊ុត​កៅស៊ូ​ផ្លូវជាតិ​លេខ​៤​នេះ​ធ្វើឡើង តប​ទៅតាម​បទបញ្ជា​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ជាក់ថា ការដ្ឋាន​អ៊ុត​កៅស៊ូ​ផ្លូវជាតិ​លេខ​៤​កំណាត់​កាល​ទី​១​នេះ​បានចាប់ផ្តើម​ឡើង​កាល​យប់​ថ្ងៃទី​២៦​ខែតុលា​ឆ្នាំ​២០១៧ ដែលមាន​ប្រវែង ១៧៥០​ម៉ែត្រ ទទឹង ២២​ម៉ែត្រ ចាប់ពី​រង្វង់​មូល​ចោមចៅ​ដល់​ផ្លូវ​កប់​ស្រូវ ស្ថិតក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ដោយឡែក កំណាត់​ទី​២ ប្រវែង ៥៩៥០​ម៉ែត្រ ទទឹង ១៨​ម៉ែត្រ ចាប់ពី​ផ្លូវ​កប់​ស្រូវ​ដល់​ព្រំប្រទល់​ខេត្តកណ្តាល ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ក៏​កំពុង​ស្ថាបនា​គ្រឹះ​ផងដែរ​។​

គួរ​បញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​២៤​តុលា​កន្លងមក​ថ្មីៗ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក​ឃួ​ង ស្រេង ជា​អភិបាល​និង​តំណាង​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​បើក​កិច្ចប្រជុំ​មួយ ដើម្បី​បែងចែក​ការងារ​គ្នា លើ​ការជួសជុល​ផ្លូវ​សហព័ន្ធ​រុស្សី​និង​ផ្លូវជាតិ​លេខ​៤​ឡើងវិញ តប​ទៅតាម​បទបញ្ជា​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខណៈ​កំណាត់​ផ្លូវ​នេះ​មានការ​ខូចខាត​មួយចំនួន​និង​បង្កអោយមាន​ការកកស្ទះ​ចរាចរ​ផងដែរ​នោះ​។​

​ការបើក​អោយមាន​កិច្ចប្រជុំ​នោះ​ឡើង ក្នុង​គោលបំណង​ដើម្បី​បែងចែក​គ្នា​អោយដាច់​រវាង​កំណាត់​ផ្លូវ​នេះ ថា​តើ​ចំណុច​ណា​ដល់​ចំណុច​ណា​ដែល​ក្រសួង​ទទួលខុសត្រូវ ក្នុងការ​ជួសជុល ហើយ​ចំណុច​ណា​ដែល​ខាង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជា​ទទួលខុសត្រូវ ក្នុងការ​ជួសជុល ដោយសារ​កន្លងមកនេះ ការបែងចែក​គ្នា​មិន​ច្បាស់​ធ្វើអោយ​ការជួលជុល​មានការ​យឺតយ៉ាវ​និង​អូសបន្លាយ​ពេលវេលា ធ្វើអោយ​មានការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ​។​

យ៉ាងណាក៏ដោយ​ក្នុង​កិច្ចប្រជុំ​កាលណោះ​បានសម្រេច​យ៉ាងច្បាស់​លាស់​ហើយ ពោលគឺ លើផ្លូវ​សហព័ន្ធ​រុស្សី​និង​ផ្លូវជាតិ​លេខ​៤​ដែល​គ្រោង​នឹងធ្វើ​ការជួសជុល​ឡើងវិញ ប្រវែង​ប្រមាណ​២០​គីឡូម៉ែត្រ រដ្ឋបាល​រាជធានី​ភ្នំពេញ​ទទួល​ការជួសជុល​ពី​ស្តុ​ប​បេ​កា​សេ (​ស្តុ​ប​អគារ​ការ​ណា​ឌី​យ៉ា​) រហូតដល់​ស្តុ​ប​កប់​ស្រូវ មាន​ប្រវែង​ជាង​១៩​គីឡូម៉ែត្រ ចំណែក​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ជា​អ្នកទទួលខុសត្រូវ​ជួសជុល​ផ្លូវជាតិ​លេខ​៤ ចាប់ផ្តើម​ពី​ស្តុ​បក​ប់​ស្រូវ​ដល់​ព្រំប្រទល់​ខេត្តកណ្តាល​ដែលមាន​៧៧០​ម៉ែត្រ​៕ ដោយ​៖​កូ​ឡាប​

spot_img
×