Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ប៉ាន សូរ​ស័ក្ដិ ៖ ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល អាច​បង្ខិត និង​បង្កើត​ភាពងាយស្រួល ដល់​សហ​គ្រាន​ធុន​តូច និង​មធ្យម​ក្នុងការ​ជួប​ជាមួយ​អតិថិជន​

spot_img

ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស​៖ នៅ​ថ្ងៃ​អង្គារ ទី​១៧ ខែ​មេសា ឆ្នាំ​២០១៨ លោក ប៉ាន សូរ​ស័ក្ដិ បាន​បន្ត​ចូលរួម​ថ្ងៃទី​២ នៃ​ព្រឹត្តិការណ៍ សប្ដាហ៍​ស្ដីពី​ពាណិជ្ជកម្ម​តាម​អេឡិកត្រូនិច (E-Commerce Week) ដែល​រៀបចំ​ដោយ​សន្និសីទ​សហប្រជាជាតិ​ស្ដីពី​ពាណិជ្ជកម្ម និង​អភិវឌ្ឍន៍ (UNCTAD)​។​

​ដោយ​យោង​លើ​ចំណាប់​អារម្មណ៍​ខ្ពស់​លើ​ការប្រឹងប្រែង និង​គំនិត​ផ្ដួចផ្ដើម របស់​កម្ពុជា​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិច ដើម្បី​ជា​គំរូ​មួយ​ដ៏​ល្អ​សម្រាប់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ដទៃទៀត​លោក​រដ្ឋមន្ត្រី តំណាងឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​អញ្ជើញ​ចូលរួម​វគ្គ​ពិភាក្សា​ចំនួន​ពីរ​ទៀត​នៅក្នុង​ព្រឹត្តិការណ៍​នេះ​។​

​វគ្គ​ពិភាក្សា​ដំបូង​គឺ កិច្ចប្រជុំតុមូល​ថ្នាក់​រដ្ឋមន្ត្រី ស្ដីពី​ផលប៉ះពាល់​របស់​ប្រព័ន្ធ​ឌីជីថល​ទៅលើ​ការអភិវឌ្ឍ​ដោយ​ចេរភាព (Ministerial Roundtable: Digital Impacts on Sustainable Development) ដោយ​មាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​មកពី​ប្រទេស​លី​បេរី​យ៉ា អូ​ហ្គង់​ដា និង​សេណេ​ហ្គាល់​។ នៅក្នុង​បទ​អន្តរាគមន៍ លោក​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​លើ​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល ដើម្បី​កាត់បន្ថយ​របាំង​សម្រាប់​ការនាំចេញ ដើម្បី​ឲ្យ​សហគ្រាស​ធុន​តូច និង​មធ្យម អាច​មាន​ឱកាស​ចូលរួម​ធ្វើ​ពាណិជ្ជកម្ម​នៅ​ក្នុង​ទីផ្សារ​សកលលោក​បាន ជា​ពិសេស​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល អាច​បង្ខិត និង​បង្កើត​ភាពងាយស្រួល​ដល់​សហ​គ្រាន​ធុន​តូច និង​មធ្យម​ទាំង​នោះ​ក្នុង​ការជួប​ជាមួយនឹង​អតិថិជន និង​ធ្វើការ​ផ្សព្វផ្សាយ​លក់ទំនិញ​របស់ខ្លួន​។​

​លើសពីនេះ​ទៀត ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​ដែល​មាន​ភាពទូលំទូលាយ នឹង​ជំរុញ​ឲ្យមាន​គំនិត​ច្នៃប្រឌិត និង​ន​វានុ​វត្ត​ថ្មីៗ​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម បង្កើន​សហគ្រិនភាព និង​បង្កើត​ការងារ​សម្រាប់​ស្ត្រី យុវជន និង​អ្នកជំនួញ​ដទៃទៀត ដូចជា​ប្រជាពលរដ្ឋ​នៅតាម​ជនបទ​ជាដើម​។ លោក​បញ្ចប់​បទ​អន្តរាគមន៍​ដោយ​គូសបញ្ជាក់ថា ទោះបីជា​ប្រព័ន្ធ​ឌីជីថល​មាន​ផលប្រយោជន៍​ច្រើន​ក៏ពិតមែន បញ្ហា​ប្រឈម​ទាំងឡាយ ដូចជា កង្វះខាត​ចំណេះដឹង​លើ​ប្រព័ន្ធ​ព័ត៌មានវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ផ្នែក​រឹង និង​ទន់ លិខិត​បទដ្ឋាន​គតិយុត្តិ ត្រូវតែ​ដោះស្រាយ​ឲ្យបាន​រួចរាល់ មុន​នឹង​អាច​ទាញយក​ផលប្រយោជន៍​នេះ​បាន ហើយ​លោក​ក៏​បាន​អំពាវនាវ​បន្ថែមទៀត ទៅកាន់​ដៃគូ​អភិវឌ្ឍ​ដើម្បី​ជួយ​កម្ពុជា​ក្នុង​ការងារ​នេះ​។​

​នៅ​រសៀល​ថ្ងៃ​ដដែល លោក​រដ្ឋមន្ត្រី ក៏​បាន​អញ្ជើញ​ចូលរួម​នៅក្នុង​កិច្ចពិភាក្សា​លើ បែបផែន​អភិវឌ្ឍ​នៃ​ផ្លាត់​ហ្វ​ម​ឌីជីថល (Development Dimensions of Digital Platforms) ដែល​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​កំពូលៗ​មក​ពី​ប្រព័ន្ធ​អង្គការសហប្រជាជាតិ និង​លោក Roberto Azevedo អគ្គនាយក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ផង​ដែរ​។ នៅ​ក្នុង​កិច្ចពិភាក្សា​នេះ លោក​រដ្ឋមន្ត្រី​ក៏​បាន​ចូលរួម​មតិ​ផងដែរ ដោយ​លើកឡើង​ថា​ប្រព័ន្ធ​បច្ចេកវិទ្យា​មាន​ការផ្លាស់ប្ដូរ​ជា​លំដាប់ ហើយ​ផ្លាត់​ហ្វ​ម​ឌីជីថល​បាន​រួមចំណែ​ក​ធំ​មួយ​ដល់​ការ​ប្រែក្លាយ​គំរូ​ធុរកិច្ច (Business Model) ដើម្បី​ស្វែងរក​ផលចំណេញ​អតិប្បរិមា​។​

​លោក​បន្ថែម​ទៀត​ថា ផ្លាត់​ហ្វ​ម​ឌីជីថល​ដែល​មាន​ទ្រង់ទ្រាយ​ជា​ទីផ្សារ​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិច ជា​កម្លាំង​ចលករ​មួយ​ដើម្បី​ជំរុញ​ឲ្យមាន​ការគិត​គូ​ឡើងវិញ​អំពី​របៀប​ធ្វើ​ពាណិជ្ជកម្ម​ដើម្បី​ផ្ដល់​ផលប្រយោជន៍​ជា​បរិយា​ប័ន្ន​ដល់​អ្នកពាក់ព័ន្ធ ដូចនេះ​កម្ពុជា​ត្រូវតែ​បន្ត​ដំណើរ​ទៅមុខទៀត និង​ប្រឹងប្រែង​យល់​ឲ្យបាន​ច្បាស់លាស់​អំពី​ផ្លាត់​ហ្វ​ម​ឌីជីថល​នេះ ដើម្បី​ទាញយក​ផលប្រយោជន៍​ពី​ផ្លាត់​ហ្វ​ម​ឌីជីថល​ដែល​មាន​ស្រាប់ ឬ​បង្កើត​ផ្លាត់​ហ្វ​ម​ឌីជីថល​ក្នុងស្រុក​ដែល​ស្រប​តាម​បរិបទ​កម្ពុជា ដើម្បី​ជា​ច្រក​មួយ​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ទៅ​លើ​ទីផ្សារ​ពិភពលោក​។​

​ក្រៅ​ពី​បាន​ចូលរួម​វគ្គ​ពិភាក្សា​ទាំង​ពីរ​ខាងលើ លោក​រដ្ឋមន្ត្រី ក៏​បាន​ឆ្លៀត​ជួបពិភាក្សា​ការងារ​ជាមួយ លោកស្រី ឆា​មី​កា ស៊ី​រី​ម៉ាន​ណេ (Shamika Sirimane) នាយក​ផ្នែក​បច្ចេកវិទ្យា និង​ភស្ដុភារ​នៃ​អង្គការ UNCTAD​។ នៅក្នុង​កិច្ចប្រជុំ​នេះ ភាគី​ទាំងពីរ​បាន​ព្រមព្រៀងគ្នា ក្នុង​ការសិក្សា​អំពី​ប្រព័ន្ធ​ដឹកជញ្ជូន​ទំនិញ (delivery system) ដោយ​ប្រើ​បច្ចេកវិទ្យា ពិនិត្យ និង​បំពេញបន្ថែម​កង្វះខាតរ​បស់​សេចក្ដី ព្រាងច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិច ជាពិសេស​លើ​កិច្ចការពារ​អ្នក​ប្រើប្រាស់​នៅក្នុង​ប្រព័ន្ធ​ព័ត៌មានវិទ្យា ច្បាប់​ប្រកួតប្រជែង ការរៀបចំ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិច និង​ការចូលរួម​លើ​ការធ្វើ​បច្ចុប្បន្នភាព​ឯកសារ​វិភាគ​សមាហរណកម្ម​ពាណិជ្ចកម្ម​កម្ពុជា ឆ្នាំ​២០១៩-២០២៣៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×