Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប ចេញ​សេចក្តីណែនាំ ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព សម្រាប់​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​

spot_img

​​ភ្នំពេញ ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ចេញ​សេចក្តីណែនាំ​៥​ចំណុច ស្តីពី​កិច្ចសហការ​ការពា​រស​និ្ត​សុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ សម្រាប់​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។​

​តាម​សេចក្តីជូនដំណឹង​របស់ គ​.​ជ​.​ប នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៨​នេះ បានឱ្យដឹងថា ដើម្បី​ធានាបាន​នូវ​ការ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ និង​បរិយាកាស​នយោបាយ​ល្អ ស្ងប់ស្ងាត់ អព្យាក្រឹត និង​យុត្តិធម៌ ក្នុង​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត សូម​ណែនាំ​លោក លោកស្រី​ប្រធាន​គណៈកម្មការ​រាជធានី​-​ខេត្ត​រៀបចំ​ការបោះឆ្នោត (​គ​ធ​.​ខ​ប​) ដូចខាងក្រោម​៖

១៖ បន្ត​ការពង្រឹង​ទំនាក់ទំនង កិច្ច​សហការ​ឱ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត ជាមួយនឹង​គណៈបញ្ជាកា​រ​ឯកភាព រដ្ឋបាល​រាជធានី​-​ខេត្ត ជាពិសេស​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត អធិការដ្ឋាន​នគរបាល​ក្រុង​-​ក្រុង​-​ស្រុក​-​ខណ្ឌ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​-​សង្កាត់ ដើម្បី​ចាត់​វិធានការ​ការពារ​សន្តិសុខ សុវត្ថិភាព​ឱ្យ​បាន​តឹងរឹង ផ្អែក​តាម​គោលការណ៍ ដែល​បាន​កំណត់​នៅក្នុង​ផែនការ​អន្តរ​ស្ថាប័ន លេខ​០០៩​ផ​.​ក​/១៦ របស់​ក្រសួង​មហាផ្ទៃ ក្រសួង​ការពារជាតិ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ស្តីពី​កិច្ច​ការពារ​ការចុះឈ្មោះ​បោះឆ្នោត ដើម្បី​ធានា​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៨ ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ និង​ការបោះឆ្នោត​ថ្នាក់ជាតិ​-​ថ្នាក់ក្រោម​ជាតិ ចាប់ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩​។​

២៖ ត្រូវ​ពង្រឹង កិច្ចសហការ​ចាត់វិធានកា​រ រក្សា​ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ គ្រប់​សកម្មភាព​របស់​ភ្នាក់ងារ និង​បេក្ខជន នៃ​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត អ្នកសង្កេតការណ៍​ជាតិ​-​អន្តរជាតិ និង​ប្រជាពលរដ្ឋ ដែល​អញ្ជើញ​ទៅ​បោះឆ្នោត ដែល​ចូលរួម​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ឱ្យបាន​មធ្យ័ត​បំផុត​តាម​សមត្ថកិច្ច​ដែនដី​របស់​ខ្លួន​។​

៣៖ ត្រូវ​ចាត់ចែង តាមដាន​ត្រួតពិនិត្យ​សភាពការណ៍ និង​សុំ​អន្តរាគមន៍​ពី​កម្លាំង​មាន​សមត្ថកិច្ច ក្នុងករណី​មាន​ការអុកឡុក ការគំរាមកំហែង អំពើហិង្សា​ល្មើសច្បាប់​ផ្សេងៗ ដែល​នាំ​ឱ្យ​រាំងស្ទះ​ដល់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨​នេះ​។​

៤៖ ត្រូវ​ផ្តល់​ព័ត៌មាន ឬ​របាយការណ៍​ជា​ប្រចាំ អំពី​ស្ថានភាព​សន្តិសុខ សុវត្ថិភាព ជុំវិញ​ដំណើរការ នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ផ្ញើ​ជូន​អគ្គលេខាធិការដ្ឋាន គ​.​ជ​.​ប ឱ្យបាន​ទៀងទាត់​ចាប់ពី​ពេលនេះ​តទៅ​។ ក្នុង​ករណី​ចាំបាច់​ត្រូវ​រាយការណ៍​ជាបន្ទាន់​ជូន​ថ្នាក់ដឹកនាំ ដើម្បី​មាន​វិធានការ​ដោះស្រាយ​ឱ្យបាន​ទាន់ពេលវេលា​។​

៥៖ ត្រូវ​ចាត់ចែង​រៀបចំ​កិច្ចប្រជុំ​ចម្រុះ ក្នុង​គោលដៅ​ជួបពិភាក្សា និង​ស្វែងរក​ដំណោះស្រាយ​សមស្រប រួម​នឹង​ការចាត់វិធានការណ៍​ផ្សេងៗ ដើម្បី​បង្ការ ទប់ស្កាត់ និង​កាត់បន្ថយ​ឱ្យបាន​រាល់​បញ្ហា​ទំនាស់ ឬក៏​បាតុភាព​នានា ដែល​អាច​នឹង​កើតមានឡើង​ជា​យថាហេតុ នៅ​គ្រប់​ដំណាក់កាល នៃ​ការរៀបចំ​ការបោះឆ្នោត​។ កិច្ចប្រជុំ​ត្រូវ​រៀបចំ​ក្នុង​មួយ​សប្តាហ៍​ម្តង និង​អាច​កោះប្រជុំ​តាម​ការចាំបាច់​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×