Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​សមត្ថកិច្ច​៨​ម៉ឺន​នាក់ ត្រៀម​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ដ្រ​នីតិកាល​ទី​៦

spot_img

ភ្នំពេញ​៖ វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល ស្តីពី​ច្បាប់ បទបញ្ជា និង​នីតិវិធី​ដ​សម្រាប់​ការបោះឆ្នោត​និង​ក្រមសីលធម៌​សម្រាប់ ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នា​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០១៨ ដែល​លោក នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គស្នងការ​រង​នគរបាលជាតិ បាន​អញ្ជើញ​ជា​អធិបតី ។​

​ក្នុងឱកាស​នោះ​លោក នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​រង​នគរបាលជាតិ បាន​មានប្រសាសន៍ថា ការសិក្សា​នេះ​មាន​រយៈពេល​តែ​៣​ថ្ងៃ​នោះ​ទេ ប៉ុន្តែ​ប្រធានបទ​មាន​ដល់​ទៅ​៩ ហើយ​នៅក្នុង​ប្រធានបទ​៩​នោះ គឺ​សុទ្ធតែ​ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព​សន្តិសុខ​នៃ​ការបោះ​ឆ្នោត​ទាំងអស់ ។ លោក នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​រង​ថ្លែងអំណរគុណ​ចំពោះ​ស្ថាប័ន (​គ​.​ជ​.​ប​) ដែល​បាន​គាំទ្រ​និង​ផ្តល់ គ្រូ​ឧទ្ទេស​នាម​បណ្តុះបណ្តាល​សម្រាប់​វគ្គ​សិក្សា​ការបោះឆ្នោត ។​

​នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​រង​នគរបាលជាតិ បាន​មានប្រសាសន៍​បន្ត​ថា សិក្ខាកាម​ដែល​បាន​បញ្ចប់​វគ្គ​នេះ​មាន​ភារកិច្ច ត្រូវ​យកចំណេះ​ជំនាញ​ទៅ​បង្ហាត់បង្រៀន​បន្ត ព្រោះថា យើង​មាន​កម្លាំង​ដែល​ត្រូវ​ចូលរួម​ការពារ​ការបោះ​ឆ្នោត​រហូតដល់​ទៅ ៨​ម៉ឺន​នាក់ ក្នុងនោះ​មក​ពី​កងយោធពល​ខេមរភូមិន្ទ និង​កងរាជអាវុធហត្ថ និង​មាន​កម្លាំង​ប្រជា​ការពារ​ត្រៀម​ជួយ​នៅតាម​ឃុំ​សង្កាត់ និង​ក្រុង ស្រុក ខណ្ឌ ប្រមាណ​ជាង​២​ម៉ឺន​នាក់​ផងដែរ ។ លោក​បាន​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់ ត្រូវយក ចិត្ត​ទុកដាក់​ត្រងត្រាប់​ស្តាប់​គ្រូ​ឲ្យ​មែនទែន ដើម្បី​ក្តាប់ជាប់​គ្រប់​ខ្លឹមសារ និង​យក​ទៅ​បើក​វគ្គ​បណ្តុះបណ្តាល​តាម​អង្គភាព និង​រាជធានី ខេត្ត ឲ្យបាន​ទាន់​ពេលវេលា ដោយហេតុ​ថា យើង​នៅសល់តែ​១០១​ថ្ងៃ ប៉ុណ្ណោះ ដល់​ថ្ងៃ​បោះឆ្នោត​ហើយ សំណូមពរ​របស់​យើង​គឺ ត្រូវ​ធ្វើឲ្យ មន្ត្រី​ដែល​ចូលរួម​ការពារ​បោះឆ្នោត​ទាំងអស់ មាន​ការយល់ដឹង​បាន គ្រប់ៗ​គ្នា ដើម្បី​ធ្វើឲ្យ​បរិយាកាស​នៃ​ការបោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ សេរី ត្រឹមត្រូវ យុត្តិធម៌ និង​គ្មាន​ការគំរាមកំហែង ។​

​សូមជម្រាបថា វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល ស្តីពី​ច្បាប់ បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​និង​ក្រមសីលធម៌​សម្រាប់ ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត មាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៨-២០ ខែ​មេសា ឆ្នាំ​២០១៨ ដោយ​មាន​សិក្ខាកាម​មកពី​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត និង​អង្គភាព​ពាក់ព័ន្ធ​ជាច្រើន​ទៀត​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×