Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិដើម ភាគតិច​ព្នង​ខេត្ត​មណ្ឌលគិរី ព្រួយបារម្ភ​ខ្វះ​ទឹក​ប្រើប្រាស់​ (Video inside)

spot_img

​ខេត្ត​មណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​ព្នង​ប្រហែល​ជាង ២០០​នាក់ កំពុង​អាស្រ័យ​លើ​ប្រភព​ទឹក​ពី​អណ្ដូង​បូរាណ ១​កន្លែង ដោយ​អណ្ដូង​មួយ​នេះ បាន​ផ្ដល់​ប្រភពទឹក​គ្រប់​រដូវ​កាល ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​ពឹងផ្អែក​លើ​ប្រភព​ទឹក​នេះ ក៏​មាន​ការលំបាក និង​ជួបប្រទះ​ជាមួយ​បញ្ហា​ប្រឈម​ផងដែរ ព្រោះ​នៅពេល​មាន​ពលរដ្ឋ​ច្រើន​មកប្រើប្រាស់​ទឹក​អណ្ដូង​នេះ​ក្នុងពេល​តែមួយ នឹង​ធ្វើឲ្យ​ទឹកនោះ​រីងស្ងួត ហើយ​មិន​បាន​ផ្ដល់​ទឹក​ឲ្យ​គ្រប់គ្រាន់​តាម​តម្រូវការ ដែល​ធ្វើឲ្យ​ក្រុម​ប្រជាពលរដ្ឋ​ជា​ជនជាតិភាគតិច​ព្នង​ខាងលើ សំណូមពរ​ដល់​សប្បុរ​ស​ជន ក៏ដូចជា​អាជ្ញាធរ​ខេត្ត មេត្តា​ជួយ​សាងសង់​អាង​ស្តុក​ទឹកធំ​មួយ ដើម្បី​អាច​រក្សា​ទឹក​បាន​ច្រើន​ជាង​នេះ ដើម្បី​ងាយស្រួល​ឲ្យ​ពួកគេ​ប្រើប្រាស់​បាន​គ្រប់គ្រាន់​។​

​ស្ត្រី​ជនជាតិដើម​ភាគតិច​ព្នង​ម្នាក់​ឈ្មោះ ក្រែន ហួ​ញ រស់នៅ​ភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ បាន​លើកឡើង​ថា អណ្ដូងទឹក​នេះ​គឺ​មាន​អាយុកាល​រាប់សិប​ឆ្នាំ​មកហើយ ដែល​មាន​ប្រភពទឹក​មិនចេះ​រីងស្ងួត​នោះទេ ព្រោះ​វា​ជា​ទឹក​ច្រប់​ក្បាល​អូរ​ច្បារ ហើយ​កន្លងមក​ក៏​ធ្លាប់​មាន​សប្បុរសជន​ជួយ​ជា​ថវិកា​ចាក់សាប និង​រៀប​មាត់​អណ្ដូង​ឲ្យ​ងាយស្រួល​ប្រើប្រាស់​ដែរ ប៉ុន្តែ​ទោះជា​យ៉ាង​ណា​អណ្ដូង​នេះ​នៅតែ​មិន​អាច​ផ្គត់ផ្គង់​ទឹក​គ្រប់គ្រាន់ ខណៈ​ដែល​ពលរដ្ឋ​ក្នុងភូមិ​ប្រមូលផ្ដុំ​គ្នា​មកប្រើប្រាស់​ទឹក​នេះ​ច្រើន​ក្នុងពេល​តែមួយ ដែល​នេះ​ជា​ការលំបាក​មួយ ដោយហេតុ​ថា ត្រូវ​រង់ចាំ​ទឹក​នេះ​ជ្រាប​ចេញ​មក​ម្ដង​បន្តិចៗ​រហូត​មាន​ទឹក​ច្រើន ទើប​អាច​ដង​យកមក​ប្រើប្រាស់​បាន ។ ជនជាតិភាគតិច​ព្នង​ខាងលើ​បន្ត​ថា នៅពេល​យប់​ដែល​ពុំ​មាន​អ្នកប្រើប្រាស់ អណ្ដូងទឹក​នេះ នឹង​មាន​ទឹក​ជ្រាប​ចេញ​រហូត​ពេញមាត់​អណ្ដូង​ហៀ​ចេញ​មក​ខាងក្រៅ​ចោល ហើយ​ប្រសិនបើ​មាន​អាង​ស្តុក​ទឹកធំ​មួយ នឹង​អាច​រក្សា​ទឹក​ទាំងនោះ​បាន​ច្រើន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​គ្រប់គ្រាន់​មិន​ខាន ។​

​មេភូមិ​ពូ​លូ​ង លោក ឡុង ប៉ុក ដែល​ជា​ជនជាតិ​ភាគតិច​ព្នង​មួយរូប​ដែរ បានឲ្យដឹងថា ពលរដ្ឋ​ដែល​អាស្រ័យ​ទឹក​អណ្ដូង​មួយ​នេះ​សព្វ​ថ្ងៃ មាន​ចំនួន ៦០​គ្រួសារ ស្ទើរតែ​ពាក់កណ្ដាល​ភូមិ​ពូ​លូ​ង​ទៅហើយ ព្រោះតែ​ពួកគេ​ព្យាយាម​ជីក​អណ្ដូង​នៅ​កន្លែង​ផ្សេង​ដែរ តែ​មិន​ចេញ​ទឹក​នោះទេ ។ លោក​ថា បច្ចុប្បន្ន​ទឹក​នេះ​មិន​អាច​ផ្គត់ផ្គង់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​បាន​ពេញលេញ​នោះ​ទេ ពីព្រោះថា មាន​ប្រជា​ពល​រដ្ឋ​ច្រើន​នាក់​ណាស់ ដែល​ពឹងផ្អែក​ទឹក​អណ្ដូង​នេះ ។ លោក​បញ្ជាក់ថា ប្រសិនបើ​មាន​អាង​ស្តុក​ទឹក​ធំ​មួយ នឹង​អាច​ផ្ដល់​ទឹក​ឲ្យ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​បាន​សមល្មម​ជាង​នេះ ព្រមទាំង​អាច​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​ក្នុងភូមិ​នេះ​បាន​មួយកម្រិត​ទៀត ព្រោះ​ពួកគេ​នឹង​មាន​ទឹក​ស្រោចស្រប់​បន្លែបង្ការ ដើម្បី​ជា​ថ្នូរ​និង​ការលក់ដូរ​បាន​ខ្លះ ។​

សូមបញ្ជាក់​ថា អណ្ដូងទឹក​ខាងលើ មាន​ទីតាំង​នៅ​ភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ដែល​ជា​អណ្ដូង​បូរាណ​របស់​បងប្អូន​ជនជាតិ​ព្នង​សេសសល់​ពី​ដូនតា ហើយ​ទីតាំង​នេះ ក៏​ជា​ទីកន្លែង​សក្ការៈ​របស់​ជនជាតិ​ព្នង​គោរពបូជា សែនព្រេន​តាម​ប្រពៃណី​រៀងរាល់​ឆ្នាំ​ផង​ដែរ​៕ ដោយ​៖ សមុទ្រ​ឈើ​

spot_img
×