Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​​មេ​​ផ្ទះ​​ស្នើ​ដល់​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​ចុះ​​អង្កេត​​សកម្ម​ភាព របស់​​មន្ត្រី​​ប្រចាំ​ការ​​ច្រក​ទ្វារ​ចាំ​យាម​​ខេត្ត​​កោះ​កុង

spot_img

ខេត្តកោះកុង៖ សាធារណៈជនទូទៅ ជាពិសេសស្ត្រីមេផ្ទះ​ជាថ្មីម្តងទៀត បាន​​ទទូច​​ដល់​ប្រធាន​​​អង្គ​ភាព​​ប្រឆាំង​​អំពើ​ពុក​រលួយ

និង​ថ្នាក់​ដឹក​នាំក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ជួយ​​បញ្ជូន​​មន្ត្រី​​​ស្អាតស្អំ​ចុះ​ស៊ើបអង្កេត​​សកម្ម​ភាព​ របស់​​មន្ត្រី​​​ជំនាញពាក់ព័ន្ធ ​​ប្រចាំការ​នៅ​ច្រកទ្វារ​អន្តរ​ជាតិ​​​ចាំយាម​​ខេត្ត​កោះកុង​ ដើម្បី​​​ឲ្យ​ប្រាកដ​​ថា តើ​មន្ត្រី​​ស្ថាប័ន​​ណា​ខ្លះ​​​​មា​ន​ជាប់​ពាក់​ព័ន្ធ​​​ការទទួលសំណូក​ពុករលួយ ជា​​ថ្នូរ​​អនុញ្ញាត​ឲ្យ​ឈ្មួញនាំចូល​ទំនិញ​គេច​ពន្ធ​ និង​ទំនិញ​ខូច​គុណ​​​ភាព​​ចេញពី​​ប្រទេសថៃ ​ចូល​​មក​កម្ពុជា​ ​តាម​ច្រក​​ព្រំដែន​​នេះ

​​ប្រជា​ពលរដ្ឋ និង​​ស្ត្រីមេផ្ទះភាគច្រើនរស់នៅខេត្តកោះកុង ​បាន​ផ្តល់សម្ភាសដល់​អ្នក​យក​ព័ត៌មានគេហទំព័រ cen.com.kh ​ប្រចាំ​ខេត្តកោះកុង នៅ​ថ្ងៃ​សុក្រ ទី២០ ខែមេសា ឆ្នាំ​២០១៨​ថា ពួកគេ​​នៅតែព្រួយបារម្ភ​ជុំវិញ​បទ​​ល្មើស​​​នាំចូល​ទំនិញ​គេច​ពន្ធ និងទំនិញ​ខូច​គុណ​ភាព ​ត្រូវ​ឈ្មួញនាំចូល​ពី​ប្រទេស​​​​​ថៃ ​តាម​ច្រក​​ព្រំដែន​​​​ចាំ​​យាម ​​តាម​ផ្លូវ​​សមុទ្រ​ និង​ច្រក​របៀង​ផ្សេងៗ​ទៀត ​​ដោយ​គ្មាន​សមត្ថ​កិច្ចទប់​ស្កាត់​ឲ្យមាន​ប្រសិទ្ធ​ភាព​។

ពួក​គេ​សង្ស័យ​ថា ​​ទំនិញ​គេច​ពន្ធ ឬសាច់ស្រស់​​​ខូច​គុណ​ភាព ​ដែល​​ឈ្មួញ​​អាចនាំចូល ​​តាមច្រកចាំយាម និងច្រក​ផ្សេងៗ​​នាខេត្តកោះកុង ​ ទំនងជា​ឈ្មួញ​​​​​ទាំង​នោះ បានត្រូវដងត្រូវផ្លែគ្នា ជាមួយ​​សមត្ថកិច្ច​​ជំនាញ​​ស្ថាប័ន​​ពាក់ព័ន្ធ​​ប្រចាំ​ការ នៅតាម​ច្រក​នីមួយៗ ពិសេស​មន្ត្រី​ជំនាញ ប្រចាំការនៅ​ច្រក​ទ្វារ​​ចាំ​យាម​តែ​ម្តង ​ជាថ្នូរចែ​ក​ផល​​ប្រយោ​ជន៍​​ ឲ្យគ្នាទៅ​វិញ​ទៅមក ទើប​សមត្ថកិច្ច​មិន​​មាន​សកម្មភាព​​ចុះបង្ក្រាប។

ប្រជាពលរដ្ឋខេត្តកោះកុង បានចោទ​ថា រាល់ថ្ងៃនេះ ទំនិញ​​ដឹក​តាម​រទេះពិសេស​ដឹក​តាមរថយន្តធំៗ ដែល​បាន​ឆ្លង​កាត់​ច្រកចាំយាម គឺ​ទំនិញ​ភាគ​ច្រើន មិន​ត្រូវ​​បាន​មន្ត្រីសាខាគយ ​​និង​រដ្ឋាករ​​ខេត្ត​កោះ​កុង ​និងមន្ត្រី​កាំ​កុង​ត្រូល​ខេត្តកោះកុង ​​ព្រម​ទាំងមន្ត្រីស្ថាប័ន​​ពាក់​ព័ន្ធ​​ដទៃ​ទៀត​ ចុះត្រួត​ពិនិត្យ​ ឲ្យ​​បាន​​​​ដិត​ដល់​​ទេ ដោយឈរចាំយក​​​​​លុយ​ពី​ឈ្មួញ ឬពាណិជ្ជករ​​ទាំងនោះ​បង់​ជូន​ជាការស្រេច

ត្រង់​ចំណុច​​នេះ​ ប្រជាពល​រដ្ឋ ​បាន​​ស្នើដល់ ​លោក​ គុណ ញ៉ឹម​ ​​អគ្គនាយក នៃ​អគ្គនាយកដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា និងលោក ម៉ក ពេជ្ជរិទ្ធ អគ្គ​នាយក​ដ្ឋាន​​កាំ​កុងត្រូល នៃក្រសួង​ពាណិជ្ជកម្ម ​ជាពិសេស ​លោក ឱម យ៉ិន​ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជួយ​បញ្ជូន​មន្ត្រីចុះស៊ើបអង្កេត ទៅ​លើសកម្មភាព របស់​សមត្ថកិច្ច​​ប្រចាំ​ការ ​នៅតាមច្រកព្រំដែនចាំយាម ​ខេត្ត​កោះ​កុង ​ដើម្បីឲ្យប្រាកដថា ​តើមន្ត្រីស្ថាប័ន​ណាខ្លះ អាច​មាន​ជាប់​​ពាក់​​ព័ន្ធ ការ​អនុញ្ញាត​នាំ​​ចូល​ទំនិញ​​គេច​ពន្ធ និងទំនិញ​ខូចគុណ​ភាព​ ជាថ្នូរ​​ទទួល​បានសំណូក​​ពុក​រលួយពី​ឈ្មួញ​ល្មើស​ទាំងនោះ?

អាជីវករ និងពលរដ្ឋខេត្តកោះកុង បានអះអាងថា កន្លងមក​ទំនិញ ដែលឈ្មួញ​បាន​ដឹកតាមរថយន្តធំៗ ចូល​តាម​ច្រក​ព្រំ​ដែន​ចាំយាម មិនសូវឃើញ​មាន​មន្ត្រី​ជំនាញស្ថាប័នពាក់ព័ន្ធ ដែលឈរ​ប្រចាំការនៅច្រកទ្វារ​អន្តរ​ជាតិ​​កម្ពុជាថៃ​​ ​ចុះ​ត្រួត​​ពិនិត្យ​​​ទំនិញ​ទាំង​នោះ​ឲ្យបាន​ត្រឹមត្រូវទេ ​ដោយ​ឃើញ​មន្ត្រី​ស្ថាប័ន​ខ្លះ បានឈរ​ចាំទទួល​​យក​ត្រឹម​​សំណូក​​លុយ​កាក់ ​ដែល​ឈ្មួញឬពាណិជ្ជករ​ទាំងនោះ​​បង់​​ជូន​មន្ត្រីស្ថាប័ន​​នីមួយ​ៗ​​​ឈរប្រចាំការ នៅ​ច្រក​ទ្វារ​​ចាំ​យាម​ ប៉ុន្តែ​មិន​បាន​ត្រួត​ពិនិត្យ​ទំនិញ​​ ដែល​ដឹកតាម​រទេះ​ ពិសេស​រថ​​យន្ត​ធំៗ​ទាំងនោះទេ​។

បញ្ហានេះដែរ ប្រជាពលរដ្ឋ​​​រស់នៅខេត្តកោះកុង ​មានរបរលក់ដូរ​ នៅក្បែរ​ច្រកទ្វារ​អន្តរជាតិ​កម្ពុជា​ថៃ ច្រកចាំយាម ​បាន​បញ្ជាក់ថា ទំនិញគេចពន្ធ និង​ខូច​​គុណភាពគជាច្រើនប្រភេទ ដែលឈ្មួញ​​នាំចូលតាម​ច្រកទ្វារព្រំដែន​នេះ ​គឺ​មិន​មែន​ជា​រឿង​ថ្មីទេ ​ពោលគឺបានកើតមានជាយូរ​មកហើយៗ ​​ប៉ុន្តែមន្ត្រី​ស្ថាប័ន​​ជំនាញ ប្រចាំការ​នៅ​ច្រក​ទ្វារ​​ចាំ​យាម​​​មួយ​ចំនួន​​​រួមមាន៖ ​មន្ត្រី​សាខាគយ និង​រដ្ឋា​ករខេត្តកោះកុង ​មន្ត្រីសាខាកាំ​កុងត្រូលខេត្ត​កោះកុង និង​ប្រធាន​​​ច្រកទ្វារ​អន្តរ​ជាតិ​​ចាំ​យាម​ជាដើម បាន​​ត្រូវ​ដង​ត្រូវ​ផ្លែគ្នាជាមួយឈ្មួញ​ទាំងនោះ ​ដោយបាន​​អនុញ្ញាត ឲ្យ​​នាំ​​​ចូល​ទំនិញ​គេច​ពន្ធ និងអាហារ ​សាច់​ស្រស់​ខូច​​គុណ​ភាព​​ជាដើម ចូលតាមច្រក​ចាំ​យាម និងច្រកផ្សេងៗទៀត​ដោយ​រលូន ​និង​គ្មាន​ការហាម​ឃាត់ទេ​​

យ៉ាងនេះក្តី អ្នកយកព័ត៌មានគេហទំព័រ cen.com.kh ប្រចាំខេត្តកោះកុង មិនទាន់អាច​ទាក់ទង​​ ​ប្រធាន​សាខា​គយ និង​រដ្ឋា​ករខេត្តកោះកុង និង​ប្រធាន​សាខា​​កាំ​​កុង​ត្រូលខេត្ត​​កោះកុង ជាពិសេស​ប្រធាន​ច្រកទ្វារ​អន្តរ​ជាតិ​កម្ពុជា​ថៃ​​ច្រក​ចាំយាម​​ខេត្តកោះកុង ​ដើម្បី​បំភ្លឺជុំវិញការចោទ​ប្រកាន់ របស់ប្រជា​ពល​រដ្ឋ ​ជុំវិញ​បទល្មើស​​នាំ​ចូល​ទំនិញ​គេចពន្ធ ​និង​​ទំនិញ​ខូច​គុណភាព នាំចូលពី​ប្រទេសថៃ ​ចូលមកម្ពុជា​​តាម​ច្រកទ្វារ​​​ចាំយាម បានទេ ​ នៅថ្ងៃ​សុក្រ ទី២០ ​ខែមេសា ឆ្នាំ​២០១៨។

ចំណែក​ក្រុមអ្នកឃ្លាំមើល​ផែនការអភិវឌ្ឍសង្គម ​ប្រចាំខេត្តកោះកុង ក៏បានឲ្យដឹងដែរថា ​កន្លង​មកពួក​គេ​ធ្លាប់​ទទួល​​​ពាក្យបណ្តឹង​ផ្ទាល់មាត់​ពី​ប្រជា​ពលរដ្ឋ ជុំវិញសកម្ម​ភាព​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ​និង​សាច់​ស្រស់​ខូច​​គុណ​ភាព​ ​ត្រូវឈ្មួញ​នាំ​ចូលពី​​ប្រទេស​ថៃចូល មក​កម្ពុជា​ តាម​ច្រក​ចាំយាម និង​តាម​ផ្លូវ​សមុទ្រ​​ជាដើម។ ទំនិញ​​គេច​​ពន្ធទាំងនោះមានដូចជា៖​ ​ម៉ូតូ​សេរី​ទំនើបៗ សម្ភារៈ​សំណង់ សាច់​ស្រស់​ ​ឬ​អាហារ​សមុទ្រ​ស្រស់ៗ​ ​គ្រឿង​សម្អា ភេសជ្ជៈ​ ​​អាហារ​​កំប៉ុង​គ្រប់​​ប្រភេទ ដែល​ខូច​គុណ​ភាព​ ឬ​ហួស​កាល​​បរិច្ឆេទ​ប្រើ​ប្រាស់​ ជា​ពិសេស​​គ្រឿង​អេឡិច​ត្រូនិច្ច​​ជាដើម​។ ​

អ្នកឃ្លាំមើល​សង្គម បានទទួលស្គាល់ថា​ ការនាំចូលទំនិញទាំងគេច​ពន្ធ ​និងខូច​គុណ​ភាព​​ភាគ​ច្រើន តាមច្រក​ព្រំដែនកម្ពុជាថៃ មានច្រកចាំ​យាម​ជា​ដើម ​គឺមានលក្ខណៈជាចំហ ដោយមន្ត្រី​ស្ថាប័ន​​ជំនាញ​​មួយ​ចំនួន ដែល​ឈរ​ជើង​​ប្រចាំការ​នៅតាមច្រក​ព្រំដែននីមួយៗ ពិសេសច្រកចាំយាម បាន​បើក​​​ដៃ​ឲ្យ​​ឈ្មួញ​នាំចូល​ទំនិញ​​ ​តាមរថ​យន្ត​​​ជាដើម ​ដោយ​មិន​​បាន​ត្រួតពិនិត្យ​ឲ្យ​​ត្រឹម​ត្រូវ​ទេ ​គឺឈរ​រង់​ចាំយក​​លុយ ដែលឈ្មួញបង់​ជូន​គឺចង់រឿង​តែម្តង​។

ផ្តើមពី​បញ្ហានេះ ស្ត្រីមេផ្ទះ​រស់នៅ​ខេត្តកោះ​កុង បានស្នើ​ដល់​​​ប្រធានអង្គភាពប្រឆាំង​អំពើពុករលួយ និងថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធថ្នាក់​ជាតិ​ ជួយ​បញ្ជូន​មន្ត្រី​​​ស្អាត​ស្អំ​​ចុះ​ស៊ើប​អង្កេត​សកម្ម​ភាព ​​​របស់​មន្ត្រីស្ថាប័នជំនាញ​ប្រចាំការ ​នៅ​​តាម​ច្រក​ព្រំដែននាំចូលទំនិញ​​ពី​ប្រទេសថៃ ​ចូលម​កកម្ពុជា ​ពិសេសនៅ​ច្រក​ទ្វារ​​ចាំ​យាម​ខេត្តកោះកុង ដើម្បី​​​​ទប់​​ស្កាត់​​អំពើ​ពុក​​រលួយ ដែល​​អាច​នាំ​ឲ្យ​​​ខាត​បង់ប្រាក់​​ចំណូល​ថវិកា​ជាតិ​​នា​ថ្ងៃ​អនាគត។

​​ទោះ​ជាបែបនេះក្តី កាល​ពីខែតុលា ឆ្នាំ​២០១៧ កម្លាំងនគរបាល​​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ ដឹក​នាំ​ដោយ លោក មីន រស្មី ស្នង​ការរងនគរ​បាល​ខេត្ត​កោះ​​កុង បានចុះ​ត្រួត​ពិនិត្យនិង​បង្ក្រាប បទ​ល្មើស​នាំ​ចូល​​សាច់មាន់ និង​ប្រហិត​ស្រស់ ពី​ប្រទេស​ថៃ​ចូល​មក​ខេត្តកោះកុង​ ដោយ​ត្រៀម​ចែកចាយ និង​នាំ​​ចេញ​​ទៅ​កាន់​បណ្តាខេត្ត​មួយ​ចំនួន​ទៀត ទាំងប្រទេស​កម្ពុជា ប៉ុន្តែត្រូវបានសមត្ថកិច្ច​នគរបាលខេត្តនេះ ចុះស្ទាក់​ទប់​ស្កាត់បានទាន់​ពេល​វេលា​។ នាឱកាស​​នោះ កម្លាំង​នគរបាលខេត្ត​កោះកុង បាន​​ដក​ហូត​ទំនិញ​ខុស​ច្បាប់​​​​ចំនួន ១ពាន់​ ៦រយ ៨៧គីឡូ​ក្រាម​។ ក្នុងនោះ​សាច់​មាន់​​ខូច​គុណ​ភាព​មាន​ ១ពាន់​ ១រយ ១៤​គីឡូ​ក្រាម​ ​និង​​ប្រហិត​ខូចគុណភាពមាន ៥រយ ៦៤​​គីឡូ​ក្រាម ​។ ក្រោយ​​​ការ​បង្ក្រាប ទំនិញ​ទាំងនេះ កម្លាំង​នគរបាល​ នៃស្នង​ការ​ដ្ឋាន​​​​ន​គរ​បាល​​ខេត្ត​កោះ​កុង បាន​​ប្រគល់​ជូន​មន្ត្រី​សាខា​​កាំ​កុង​​ត្រូល​ខេត្ត​កោះកុង​ ​ដើម្បីបន្តនីតិវិធី ​​និង​នាំយក​​ទៅ​​ដុតបំផ្លាញចោល៕ ដែន សីមា

​       

spot_img
×