Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​ប្តី​កាប់​សម្លាប់​ប្រពន្ធ ប្តី​បាន​បន្សល់​សារ​នៅក្នុង​ហ្វេ​សបុ​កថា «​ទោះ​មិន​បាន​កើត​ក្នុង​ថ្ងៃ​តែ​មួយ​ក៏​ស្លាប់​ក្នុង​ថ្ងៃ​តែ​មួយ​ដែរ បង​ស្រឡាញ់​អូន​អាណ​យ​»

spot_img

​​ភ្នំពេញ​៖ ករណី​ឃាតកម្ម​យ៉ាង​សាហាវ​ព្រៃផ្សៃ​មួយ ដែល​បាន​កើតឡើង ដោយ​ជនសង្ស័យ​ជា​អតីត​ប្តី ធ្វើ​សកម្មភាព​យក​កាំបិតផ្គាក់​មក​ស្ទាក់​កាប់​ចំក​អតីត​ប្រពន្ធ បណ្តាលឲ្យ​ដេក​ដួលស្លាប់​ក្នុង​ថ្លុកឈាម ខណៈ​ដែល​នាង​កំពុង​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​ទៅ​ប្រមូល​លុយ​តុងទីន រួច​ហើយ​ជនសង្ស័យ​ជិះ​ម៉ូតូ​រត់​ទៅ​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​អ្នក​លឿង​នោះ មាន​ព័ត៌មាន​លំអិត​ខ្លះ​ហើយ​។​

​ករណី​ឃាតកម្ម​ដ៏​សាហាវ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ចំណុច​អនុវិទ្យាល័យ​កំពង់ចម្លង ស្ថិតក្នុង​ភូមិ​កំពង់ចម្លង ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្ត​កណ្តាល ។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឲ្យដឹងថា សព​នារី​រងគ្រោះ​មានឈ្មោះ ទន់ ស្រី​ណ​យ អាយុ​២០​ឆ្នាំ ស្នាក់នៅ​ភូមិ​ស្ពានដែក ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្ត​កណ្តាល​។ ចំណែក​ជនសង្ស័យ​ជា​អតីត​ប្តី​មាន​ឈ្មោះ អ៉ិន​ដា​រ៉ា ឆៃ​រ៉ាត់ អាយុ​២១​ឆ្នាំ ស្នាក់​នៅផ្ទះ​ក្បែរ​កន្លែងកើតហេតុ​។​

​យោងតាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ជា​ម្តាយ​របស់​នារី​រងគ្រោះ​ឈ្មោះ ហាក់ សុខ​ភ​ក្ត្រ័ អាយុ​៤៨​ឆ្នាំ បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​បច្ចុប្បន្នភាព TDNews ឲ្យដឹងថា កូន​របស់​គាត់​និង​ជនសង្ស័យ​បាន​រៀបការ​ជាមួយ​គ្នា នៅក្នុង​អំឡុង​ខែ​៥ ឆ្នាំ​២០១៧ រៀបការ​រួច​៣​ថ្ងៃ​ក៏​ទៅ​រស់នៅ​ខាង​ប្រុស ។ ក្រោយមក សុភមង្គល​របស់​អ្នក​ទាំង​២​មិន​ចុះសម្រុង​នឹង​គ្នា​នោះទេ ចេះ​តែ​មាន​រឿង​រកាំរកូស និង​កើត​ហិង្សា​វាយដំ​មកលើ​កូនស្រី​គាត់​ចំនួន​៣​លើក​មក​ហើយ តែ​គ្រួសារ​ខាង​ប្រុស​មិនសូវ​ធ្វើ​ដឹង​ធ្វើ​លឺ​នោះទេ ។ លុះ​ក្រោយមក ទើប​កើត​មាន​រឿង​លែងលះ​គ្នា​តាម​ផ្លូវច្បាប់ ដាច់ស្រេច​នៅ​ថ្ងៃក្រោយ​ចូលឆ្នាំ​ចិន​បាន​២​ថ្ងៃ រហូតមកទល់​ពេលនេះ​បាន​រយៈពេល​៣​ខែ​មក​ហើយ​។​

​ស្ត្រី​ជា​ម្តាយ​បន្ត​ថា ក្រោយ​ពី​លែងលះគ្នា​ដាច់​ស្រេច​ហើយ​នោះ ជនសង្ស័យ​បាន ប៉ុនប៉ង​សម្លាប់​កូនស្រី​គាត់ ម្តង​យូរហើយ នៅ​ចំណុចម្តុំ​មាត់ទន្លេ ដោយ​បាន​បោះពាក្យ​គំរាម​មកកាន់​កូនស្រី​គាត់​ថា «​បើ​ហ៊ាន​យកប្តី​ទៀត គេ​(​ជនសង្ស័យ​)​នឹង​សម្លាប់ចោល​» តែ​ពេល​នោះ​កូនស្រី​គាត់​បាន​តប​ថា «​ទោះ​នាង​យកប្តី​ទៀត ក៏​មិន​ទាក់ទង​នឹង​ឯង​(​ជនសង្ស័យ​)​ដែរ​!» ហើយ​ក្រោយពី​គំរាម​រួច​ហើយ​នោះ គាត់​បាន​នាំ​កូនស្រី​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​លើកដែក ម្តង​រួចមកហើយ​។ លុះដល់​ថ្ងៃ​កើតហេតុ កូនស្រី​របស់​គាត់ បាន​ជិះ​ម៉ូតូ​ម៉ាក Zoomer-X ពណ៌​ខ្មៅ លាយ​ទឹកក្រូច​និង​ពណ៌​ស ពាក់​ស្លាក​លេខ កណ្តាល 1U-2388 ជិះ​ទៅ​ចំណុចកើតហេតុ ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​២​ទៅ​៣​គីឡូម៉ែត្រ ទៅ​ចំណុច​ម្តុំ​អនុវិទ្យាល័យ​កំពង់ចម្លង ស្រាប់តែ​ទទួលដំណឹង​ថា​កូនស្រី​គាត់​តែ​ជនសង្ស័យ​កាប់សម្លាប់​តែម្តង​។​

​ក្នុងនោះដែរ យោងតាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ បានឲ្យដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​នារី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​Zoomer-X ទៅ​ប្រមូល​លុយ​តុងទីន​នៅ​ចំណុច​កើតហេតុ ស្រាប់តែ​ពេលនោះ ជនសង្ស័យ​ជា​អតីត​ប្តី​បាន​ទាញ​កាំបិតផ្គាក់​កាប់​ប្រហារ​មកលើ​នារី​រងគ្រោះ ចំក​បណ្តាលឲ្យ​ដាច់​ស្លាប់​ក្នុង​ថ្លុកឈា​មយ៉ាង​រន្ធត់​បំផុត បើ​ទោះបីជា​ពេល​នោះ​ជនរងគ្រោះ​បាន​លើកដៃ​សំពះអង្វរ​ជន​សង្ស័ត​ជា​អតីត​ប្តី​យ៉ាងណាក៏ដោ​យ​។ ហើយ​ក្រោយពី​ធ្វើ​សកម្មភាព​កាប់​សម្លាប់​ជនរងគ្រោះ​រួចមក ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​រត់​ទៅ​ចំណុច​ស្ពាន ត្សឹ​បាសា (​ស្ពាន​អ្នក​លឿង​) រួច​បាន​ថត​វីដេអូ លោត​ទម្លាក់ខ្លួន​ពីលើ​ស្ពាន​ធ្លាក់​ចូល​ទៅក្នុង​ទឹកទន្លេ​បាត់ស្រមោល ដោយ​មិនដឹងថា ជនសង្ស័យ​រូបនេះ​ត្រូវបាន​ស្លាប់ ឬ​ក៏រ​ស់​នោះ​ទេ តែ​ទោះបីជា​យ៉ាងណា សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ​យ៉ាង​ម៉ត់ចត់​ចំពោះ​ករណី​ឃាតកម្ម​ដ៏​សាហាវ​យ៉ង់​ឃ្នង​មួយ​នេះ​។​

​ក្នុងនោះដែរ ក្នុង​នឹង​កើតមាន​ករណី​ឃាតកម្ម​នេះ ជនសង្ស័យ​បាន​បង្ហោះ​នៅ​ពាក្យ​មួយ​ឃ្លា នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ផ្ទាល់ខ្លួន​ដែល​មានឈ្មោះ « Bong Rath Os Kea » ថា « ទោះ​មិន​បាន​កើត​ក្នុង​ថ្ងៃ​តែមួយ ក៏​ស្លាប់​ក្នុង​ថ្ងៃ​តែ​មួយ​ដែរ បង​ស្រលាញ់​អូន​អាណ​យ​»។​

​បច្ចុប្បន្ន​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ សហការ​ជាមួយ​នគរបាល ផ្នែក​កោសល្យវិច័យ បាន​ចុះមក​ធ្វើការ​ពិនិត្យ​សព​ដល់​កន្លែងកើតហេតុ រកឃើញ​កាំបិតផ្គាក់​ប្រឡាក់​ឈាម​ចំនួន​១ និង​បាន​ប្រគល់​សព​ឲ្យ​សាច់ញាតិ​យកមក​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ផ្ទះ ដែល​ស្ថិតនៅ​ចម្ងាយ​ពី​កន្លែងកើតហេតុ​ប្រហែល​២​ទៅ​៣​គីឡូម៉ែត្រ ហើយ​សមត្ថកិច្ច​នឹង​បន្ត​បើក​ការស្រាវជ្រាវ​ចំពោះ​ជនសង្ស័យ​បន្តទៀត​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×