Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ត​ច​តេជោ ហ៊ុន សែន បាន​ផ្តល់​អនុសាសន៍ ៤​ចំណុច​សំខាន់ៗ ក្នុង​ការអភិវឌ្ឍ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​

spot_img

ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​២០១៧ និង​ការវាយតម្លៃ​សមិទ្ធផល​៥​ឆ្នាំ នៃ​ការអនុវត្ត កម្មវិធី​កែទម្រង់​ការ គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​សណ្ឋាគារ​សូហ្វីតែ​ល​ភូគី ត្រា​ភ្នំពេញ​។ កិច្ចប្រជុំ​នេះ នឹង​ផ្តោត​ទៅលើ​យុទ្ធ សាស្ត្រ នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា ឆ្នាំ​២០១៨-២០២៥ ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​ផ្តោតជាសំខាន់​៣​ចំណុច​រួមមាន​៖១)​ទិសដៅ​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា ដោយ​ឈរ​លើ​មូលដ្ឋាន​សំខាន់ៗ និង​ច្បាស់លាស់ ជាពិសេស «​ប្រព័ន្ធ​ថវិកា​ព័ត៌មាន​សមិទ្ធកម្ម​», ២)​យុទ្ធសាស្ត្រ​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកាជាតិ និង​៣)​ផែនទី​ចង្អុល​ផ្លូវ​ឆ្ពោះទៅកាន់​គោលដៅ យុទ្ធសាស្ត្រ​ឆ្នាំ​២០២៥​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា នៅក្នុង​ដំណើរ​នៃ​ការដឹកនាំ​ប្រទេសជាតិ​កន្លងមក សម្តេច​តេ​ជោបាន​លះបង់​ធ្វើ​ពលីកម្ម​គ្រប់​បែបយ៉ាង​ដើម្បី​បម្រើ​នូវ​គោលដៅ​យុទ្ធសាស្ត្រ​គន្លឹះ​ចំនួន ៣ រួមមាន​៖ ១)​ការដឹកនាំ​ចលនា​តស៊ូ​រំដោះ​ប្រជាជន និង រំដោះ​ប្រទេស​ឱ្យ​រួច​ចាក​ផុតពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត​។ ២)​ការទប់ស្កាត់​មិន​ឱ្យ​របប​ប្រល័យ​ពូជសាសន៍​វិលត្រឡប់​មក​វិញ និង​ការឈាន​ទៅ​បញ្ចប់​ស្រង្គាមស៊ីវិល​ដើម្បី​ស្វែងរក​សន្តិភាព​ពេញលេញ​ជូន​ប្រជាពលរដ្ឋ និង ប្រទេសជាតិ​។ ៣)​ការបណ្តុះបណ្តាល ពង្រឹង និង ពង្រីក​វប្បធម៌​សន្តិភាព និង​ការពារ​ឱ្យបាន​ដាច់ខាត​នូវ​សុខសន្តិភាព និង​សណ្តាប់​សង្គម​។ សម្រាប់​អាណត្តិ​នេះ​ប្រទេស​កម្ពុជា​សម្រេចបាន​នូវ​ការអភិវឌ្ឍ​មួយ​ដែល​បាន​ក្លាយ​ពី​ប្រទេស​ក្រីក្រ​ទៅ​ជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កំរិត​ទាប​និង​ក្លាយជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កំរិត​ខ្ពស់​ក្នុង​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ផងដែរ​។​

​សម្ត​ច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ផ្តល់​នូវ​អនុសាសន៍ ៤​ចំណុច​សំខាន់ៗ​ក្នុង​ការអភិវឌ្ឍ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ដូចខាងក្រោម​: ១)​ការបង្កើន​ភាពជា​ម្ចាស់​ក្នុង​ការ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​​រដ្ឋមន្ដ្រី​ និង​ប្រធាន​ស្ថាប័ន​សាធារណៈ​ត្រូវ​មាន​ភាព​ជា​ម្ចាស់​ក្នុង​ការជំរុញ​ការ​កែទម្រង់​ការគ្រប់គ្រង ហិរញ្ញវត្ថុ​សាធារណៈ​ទៅតាម​គោលការណ៍​រួម​ដែល​បាន​ដាក់ចេញ​ដោយ​រដ្ឋាភិបាល​។ ការគ្រប់គ្រង ហិរញ្ញវត្ថុ​ត្រូវមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ទៅ​នឹង​ការពុះពារ​សម្រេច​ឲ្យបាន​នូវ​គោលបំណង​និង​បេសកកម្ម​របស់​ក្រសួង​-​ស្ថាប័ន ដែល​រាជរដ្ឋាភិបាល​បាន​ប្រគល់ជូន​។ អាស្រ័យ​នេះ សូម​គ្រប់​ក្រសួង និង​ស្ថាប័ន សាធារណៈ​ត្រូវ​ចាត់​ទុក​ការងារ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ជា​ការងារ​ដែល​ត្រូវ​តាមដាន និង​ត្រូតពិនិត្យ​ការអនុវត្ត​ជា​ប្រចាំ​។ ជាមួយគ្នានេះដែរ គ្រប់​ក្រសួង និង​ស្ថាប័ន ត្រូវ​ផ្តោត​ជា​អាទិភាព​ទៅ​លើ​ការពង្រឹង​ភាពជា​អ្នកដឹកនាំ​និង​រចនាសម្ព័ន្ធ​គ្រប់គ្រង​ស្របគ្នា​នឹង​ការពង្រឹង សមត្ថភាព​និង​ការប្រើប្រាស់​ឲ្យបាន​ត្រឹមត្រូវ​នូវ​ធនធាន​មន្ត្រី​រាជា​ការ​នៅ​ក្រោម​ឱវាទ​សំដៅ​កែលម្អ​សមិទ្ធផល​នៅក្នុង​ការអនុវត្ត​។​

២)​ការ​ផ្តល់​ការលើកទឹកចិត្ត​ដល់​ក្រុមការងារ​កែទម្រង់​នៅ​តាម​ក្រសួង​-​ស្ថាប័ន រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​រួច​មក​ហើយ​នូវ​វិធានការ និង​យន្តការ​ផ្តល់​ការលើកទឹកចិត្ត​ដល់ ក្រុមការងារ​កែ​ទម្រ​ង​ការគ្រប់គ្រង ហិរញ្ញវត្ថុ​សាធារណៈ នៅតាម​ក្រសួង​-​ស្ថាប័ន្ថ​ដោយ​ផ្អែក​លើ លទ្ធផល​ការងារ​នៃ​ការកែទម្រង់​។ ដូច្នេះ សម្តេច​តេជោ ហ៊ុន សែន បាន​ណែនាំ​ឲ្យ​គណៈកម្មាធិការ ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ក៏​ដូចជា​ប្រធាន​ស្ថាប័ន និង​ក្រុមការងារ​កែទម្រង់​នៅ​តាម​គ្រប់​ក្រសួង​-​ស្ថាប័ន ជំរុញ​អនុវត្ត​ការងារ​នេះ​យ៉ាង​សកម្ម​ក្លៀវក្លា និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់បំផុត​។​

៣) ការបន្ត​ពង្រឹង​យន្តការ​សម្របសម្រួល និង​ភាព​ប្រទាក់ក្រឡា​គ្នា​រវាង​ការកែទម្រង់​ទាំង​៣​រួមមាន​៖ គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​, គណៈកម្មាធិការ​ជាតិ សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ និង​គណៈកម្មាធិការ​កែ​ទម្រង់រដ្ឋបាល សាធារណៈ​។ អភិបាលកិច្ច​ល្អ​ត្រូវការ​សមាសធាតុ​ទាំ​បី គឺ​ការគ្រប់គ្រង​ធនធាន​ហិរញ្ញវត្ថុ​ប្រកប ដោយ​ប្រសិទ្ធភាព​ធនធានមនុស្ស​ប្រកបដោយ​គុណភាព និង​ការធ្វើ​ប្រតិភូកម្ម​អំណាច​ត្រឹមត្រូវ​។ ក្នុងន័យនេះ យើង​ចាំបាច់​ត្រូវ​រក្សា​ឲ្យបាន​នូវ​សង្គតិភាព​នៃកម្ម​វិធី​កែទម្រង់​ទាំង​៣ នេះ ទាំង​ក្នុង​ទិដ្ឋភាព​ក្របខ័ណ្ឌ​ការអនុវត្ត​សំដៅ​ធានាឲ្យបាន​នូវ​សុខដុមភាព ភាព​ប្រទាក់ក្រឡា និង​ការបំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក​។ ពិតណាស់ថា ប្រសិនបើ​ការកែទម្រង់​ទាំង ៣ ស្ថិតនៅ​ក្នុង​ទិសដៅ​ផ្ទុយគ្នា និង​មាន ល្បឿន​ខុសគ្នា នោះ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​កម្ម វិធី​កែទម្រង់​នី​មួយៗ​ក៏​នឹង​មាន​កំណត់​ដែរ​។​

៤) ការយកចិត្តទុកដាក់​ខ្ពស់​ដល់​ការអនុវត្ត “​យុទ្ធសាស្ត្រ​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថិ​កា ឆ្នាំ ២០១៨-២០២៥”​។​
​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើង​ពី​ខាងលើ ជា​ចំណុច​ស្នូល ឬ ឆ្អឹងខ្នង​នៃ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ គឺ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​ជាតិ​សំដៅ​ប្រែក្លាយ​ថវិកា​ឱ្យ​ទៅជា​ឧបករណ៍​ប្រកបដោយ​ប្រសិទ្ធភាព​សម្រាប់​ធានា​សម្រេចបាន​នូវ​គោលបំណង នៃ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល តាមរយៈ​ការ​កៀងគរ​ធនធានរ​បស់​ជាតិ​ប្រកបដោយ​ចីរភាព និង​ការ​វិភា​ជ​ធនធាន​ទាំ​ង​នោះ​សម្រាប់​បម្រើ​ឱ្យ​គោលដៅ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ប្រសិទ្ធភាព និង​សក្តិ​សិទ្ធ​ភាព​ខ្ពស់ ។ ឤ​ស្រ័យ​ហេតុនេះ យើង​ត្រូវ​ក្តាប់​ឲ្យ​ជាប់​នូវ​ឱកាស និង​បង្កើត​ល័ក្ខខ័ណ្ឌ​ល្អប្រសើរ ដើម្បី​ជំរុញ​អនុវត្ត​យុទ្ធសាស្ត្រ​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា ទៅតាម​បរិការណ៍​ជាក់ស្តែង របស់​កម្ពុជា ឱ្យ​សម្រេចបាន​ជោគជ័យ តាម​ការគ្រោងទុក ។​

​សម្តេច​តេជោ ហ៊ុន សែន បាន​អំណរគុណ​ដល់​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ ដែល​តែងតែ​ផ្តល់​ការគាំទ្រ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស​តាមរយៈ​កិច្ចសម្របសម្រួល និង​កិច្ចសហការ​ជាប្រចាំ ជាមួយ​ក្រសួង​-​ស្ថាប័ន​នៃ​រាជរដ្ឋាភិបាល នៅក្នុង​អភិក្រម​គ្របដណ្តប់​ទូ​ទាំង​វិស័យ និង​ដោយ​គោរព​ភាពជា​ម្ចាស់​របស់​កម្ពុជា​ក្នុង​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នេះ ៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×