Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ៖ វិស័យអចលនវត្ថុ នៅតែមានសក្តានុពលខ្ពស់ និង មានតម្លៃទាប សមរម្យ សម្រាប់ការវិនិយោគ ទោះបីជាកម្ពុជា កំពុងប្រឈមនឹងជំងឺកូវីដ- ១៩

spot_img

ភ្នំពេញ ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ទោះបីជាកម្ពុជាកំពុងប្រឈមនឹងជំងឺកូវីដ- ១៩ និង បន្តសម្របខ្លួនទៅនឹងប្រក្រតីភាពថ្មីក្តី, ក៏ប៉ុន្តែវិស័យអចលនវត្ថុក្នុងប្រទេស នៅតែមានសក្តានុពលខ្ពស់ និង មានតម្លៃទាបសមរម្យសម្រាប់ការវិនិយោគ, បើប្រៀបធៀបនឹងប្រទេសជិតខាង, ក្នុងនោះ រួមមានតំបន់សំខាន់ៗមួយចំនួន ដូចជា ៖ (១). រាជធានីភ្នំពេញ និង ខេត្តកណ្តាល ដែលគម្រោងសាងសង់អាកាសយាន្តដ្ឋានថ្មី កំពុងតែត្រូវបានអនុ វត្ត; (២). ខេត្តព្រះសីហនុ ដែលកំពុងត្រូវបានប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង; (៣). ខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និង (៤). ក្រុងប៉ាវិត ដែលជាមាត់ ច្រកព្រំដែនកម្ពុជា-វៀតណាម និង ក្រុងប៉ោយប៉ែត ដែលជាមាត់ច្រក ព្រំដែនកម្ពុជា-ថៃ ។ល។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានលើកឡើងបន្តថា អ្នកវាយតម្លៃអចលនវត្ថុ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យអចលនវត្ថុ នៅក្នុងប្រទេស និង ក្នុងតំបន់ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សង្ឃឹមថា តាមរយៈយន្តការនៃសមាជអ្នកវាយតម្លៃអចលនវត្ថុអាស៊ាននេះ, ។ កិច្ចសហប្រតិបត្តិការ, ការសិក្សាស្វែងយល់ និង ការផ្លាស់ប្តូរបទពិសោធន៍ ក្នុងចំណោម អ្នកចូលរួម នឹងអាចក្លាយជាធាតុចូលដ៏សំខាន់ សម្រាប់ការរៀបចំច្បាប់, បទប្បញ្ញត្តិ , និង គោលនយោបាយ ពាក់ព័ន្ធវិស័យអចលនវត្ថុ នៅក្នុងប្រទេសសមាជិកទាំងអស់, ពិសេស នៅ កម្ពុជាផ្ទាល់តែម្តង ។

ក្នុងន័យនេះ, ដើម្បីជំរុញការអភិវឌ្ឍវិស័យអចលនវត្ថុប្រកបដោយចីរភាព, ស្ថិរភាព, ប្រសិទ្ធ ភាព និង ស័ក្ដិសិទ្ធភាព, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស្នើអង្គសមាជពិនិត្យលទ្ធភាពក្នុងការគិតគូរ និង ផ្តល់យោបល់ លើចំណុចសំខាន់ៗមួយចំនួន ដូចខាងក្រោម ៖

១- រៀបចំស្តង់ដាអ្នកវាយតម្លៃអចលនវត្ថុរួមមួយ ក្នុងក្របខណ្ឌតំបន់អាស៊ាន;

២- សម្រាប់ប្រទេសដែលមិនទាន់មានស្តង់ដាវាយតម្លៃអចលនវត្ថុ ដូចជា កម្ពុជា, គួររៀបចំស្តង់ដាវាយតម្លៃអចលនវត្ថុនេះឡើងឱ្យបានឆាប់

៣- ជំរុញលើកកម្ពស់ការងារពង្រឹងសមត្ថភាពវិជ្ជាជីវៈ និង គុណវុឌ្ឍអ្នកវាយតម្លៃអចលនវត្ថុ ឱ្យកាន់តែប្រសើរ; និង

៤- ពង្រឹងកិច្ចសហប្រតិបត្តិការរវាងឯកជន និង ឯកជន, ឯកជន និង និយ័តករ, និង រវាងនិយ័តករ និង និយ័តករផងដែរ, តាមរយៈការផ្លាស់ប្តូរជំនាញ និងបទពិសោធន៍, បច្ចេកវិទ្យា, ការវិនិយោគ និង អាជីវកម្មរួមគ្នា ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ថ្លែងបែបនេះ ក្នុងឱកាសបើកសមាជលើកទី ២៣ របស់សមាគមអ្នកវាយតម្លៃអាស៊ាន (The 23rd ASEAN Valuers Association Congress) ក្រោមប្រធានបទ “ការវាយតម្លៃអចលនវត្ថុ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩” តាមប្រព័ន្ធវីដេអូ នៅរាជធានីភ្នំពេញ ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២១។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ការរៀបចំសមាជលើកទី ២៣នេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងតួអង្គសំខាន់ៗ សម្រាប់ផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធនឹងទីផ្សារអចលនវត្ថុ និង ស្តង់ដា បច្ចេកទេសនៃការវាយតម្លៃអចលនវត្ថុក្នុងតំបន់អាស៊ាន ក្នុងបរិការណ៍នៃការឆ្លងរាលដាល ជំងឺកូវីដ-១៩, ពិសេស ចូលរួមចំណែកដល់ការរក្សានិរន្តភាពនៃសកម្មភាពទីផ្សារអចលនវត្ថុ នៅក្នុងតំបន់ ។ ខ្ញុំជឿជាក់ថា ប្រធានបទដែលនឹងត្រូវបានលើកយកមកពិភាក្សានាថ្ងៃនេះ ពិតជាសមស្រប និង មានសារៈសំខាន់ សម្រាប់អង្គសមាជទាំងមូល អាចចែករំលែក បទពិសោធន៍ លើការអនុវត្តភារកិច្ច ក្នុងឆ្នាំកន្លងមក ។ ទន្ទឹមនេះ, អង្គសមាជក៏គួរពិនិត្យទៅ លើបណ្តាបញ្ហា ប្រឈម និង កាលានុវត្តភាព ដើម្បីរួមគ្នារិះរកនូវវិធានការល្អៗ និង ថ្មីៗ សំដៅកែលម្អ បរិយាកាសផ្តល់សេវាកម្មក្នុងទីផ្សារអចលនវត្ថុ ក្នុងប្រទេសរបស់ខ្លួន និង ក្នុង តំបន់ ឱ្យកាន់តែ ប្រសើរថែមទៀត ដែលនេះ គឺជាបុព្វលក្ខខណ្ឌរួមមិនអាចខ្វះបានសម្រាប់ ជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច និង សង្គម ។

ក្នុងន័យនេះ,ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន សូមគាំទ្រ និង លើកទឹកចិត្ត ឱ្យមានការរៀបចំសមាជនសមាគមអ្នក វាយតម្លៃអាស៊ាន នៅឆ្នាំក្រោយៗទៀត ដោយឈរលើមូលដ្ឋាននៃការពង្រឹងកិច្ចសហប្រតិបត្តិការ, ការសិក្សាស្វែងយល់ និង ការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក សំដៅពង្រឹងគុណ ភាព និង លើកកម្ពស់វិជ្ជាជីវៈនេះឱ្យកាន់តែទទួលបាននូវជំនឿទុកចិត្តពីសាធារណជនបន្ថែម ទៀត ដើម្បីទទួលបាននូវកិត្យានុភាព និង ធានាបាននូវការប្រកួតប្រជែងជាមួយបណ្តាដៃគូ ដែលប្រកបធុរកិច្ចដូចគ្នានៅក្នុងតំបន់ ។ ជាមួយគ្នានេះដែរ, ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា នៅពេល ដែលសាធារណជន កាន់តែមានជំនឿទុកចិត្តចំពោះគុណភាពនៃការផ្តល់សេវាកម្មរបស់អ្នក វាយតម្លៃអចលនវត្ថុ គឺមានន័យថា អ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យនេះនឹងមានតួនាទីកាន់ត សំខាន់នៅក្នុងទីផ្សារអចលនវត្ថុ, ទាំងនៅក្នុងប្រទេសរបស់ខ្លួន និង ទាំងនៅក្នុងតំបន់អាស៊ាន ទាំងមូល, ហើយការប្រើប្រាស់សេវាកម្មវាយតម្លៃក៏កាន់តែមានការរីកចម្រើនឡើងថែមទៀត ។

ក្នុងរយៈពេលជិតពីរឆ្នាំកន្លងទៅ គិតចាប់តាំងពីដើមឆ្នាំ ២០២០ មកទល់បច្ចុប្បន្ន, ពិភពលោកទាំងមូលបានជួបប្រទះ នឹងវិបត្តិសុខភាពសាធារណៈជាសកល ដែលបណ្ដាលមក ពីការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺកូវីដ-១៩ ។ ជំងឺនេះ មិនត្រឹមតែបានបង្កការគ.ម្រាម ដល់សុខភាព និង អាយុជីវិតរបស់យើងប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងនាំមកនូវផលប៉ះពាល់ ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និង សង្គមទាំងមូល ដែលមិនធ្លាប់មានពីមុនមក ។ យោងតាមតួលខ បច្ចុប្បន្នកម្មថ្មីៗនេះ, ចំនួនករណីអ្នកឆ្លងសរុបទូទាំងសកលលោក បានកើនឡើងលើស ២៥៧ លាននាក់ និង ចំនួនអ្នកស្លា.ប់ មានជាង ៥,១ លាននាក់ ។

ក្នុងឆ្នាំ ២០២០ និង ២០២១, ប្រទេសជាច្រើនក្នុងពិភពលោក បាននិងកំពុងបន្ត ការបិទប្រទេស, ការបិទទីក្រុង, ការរឹតត្បិតការធ្វើដំណើរ និង ការដាក់ចេញនូវវិធានការចាំ បាច់មួយចំនួនទៀត សំដៅទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាលទ្ធផល, វិធានការទាំងនេះបានបន្ថែមសម្ពាធ និង បង្អាក់សកម្មភាពផលិតកម្ម, ការផ្គត់ផ្គង់, ការប្រើប្រាស់ និង ការវិនិយោគ ដែលបានរុញច្រានកំណើនសេដ្ឋកិច្ចសកល នៅក្នុងឆ្នាំ ២០២០ ឱ្យ ធ្លាក់ចុះយ៉ាងគំហុក ក្នុងអត្រា -៣,១% (IMF) ខណៈដែលកំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ានបាន ថយចុះដល់ទៅ -៣,៣% (AMRO)។ ជាមួយគ្នានេះ, សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២០ ក៏បានធ្លាក់ចុះក្នុងអត្រា -៣,១% (MEF)ផងដែរ ។

ទោះជាយ៉ាងនេះក្តី, ក្នុងគោលដៅស្តារ និង ជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងលើកកម្ពស់ សុខុមាលភាពសង្គមឡើងវិញ, ក្នុងក្របខ័ណ្ឌសកល និង តំបន់, ការកើនឡើងនូវការចែកចាយ និង ការចាក់វ៉ាក់សាំងយ៉ាងទូលំទូលាយ គឺជាគន្លឹះដ៏សំខាន់មួយ ក្នុងការទប់ទល់ និងការ សម្របខ្លួនទៅនឹងបរិបទថ្មីនៃជំងឺកូវី-១៩ ។ តាមការព្យាករណ៍ក្នុងឆ្នាំ ២០២១ និង ឆ្នាំ ២០២២, សេដ្ឋកិច្ចសកល ត្រូវបានរំពឹងថា នឹងងើបឡើងវិញក្នុងអត្រាកំណើន ៥,៩% និង ៤,៩% រៀងគា្ន (IMF) ។ ក្នុងនោះ, កំណើនសេដ្ឋកិច្ចនៃបណ្តាប្រទេសជាដៃគូពាណិជ្ជកម្ម និង វិនិយោគសំខាន់ៗរបស់កម្ពុជាត្រូវបានរំពឹងថានឹងងើបឡើងវិញ រួមមាន សហរដ្ឋអាមេរិក ក្នុងអត្រា ៦%និង ៥,២% និង តំបន់ចាយប្រាក់អឺរ៉ូ ក្នុងអត្រា ៥% និង ៤,៣% ក្នុងឆ្នាំ ២០២១ និង ២០២២ រៀងគ្នា (IMF)។ ដោយឡែក, សេដ្ឋកិច្ចចិន ត្រូវបានព្យាករណ៍ថា នឹងបន្តកំណើនខ្ពស់ ក្នុងអត្រា ៨% និង ៥៦% (IMF) និង តំបន់អាស៊ាន ក្នុងអត្រា ២,៧% និង ៥៨% (AMRO) នៅក្នុង ឆ្នាំ ២០២១ និង ២០២២ រៀងគ្នា ។

ដោយឡែក, ស្របទៅនឹងនិន្នាការសកល, សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០២១ ត្រូវបានព្យាករណ៍ថា នឹងងើបឡើងវិញក្នុងកំណើនទាប ប្រមាណ២,៤% ដោយសារការអូសបន្លាយ នៃជំងឺកូរីដ-១៩ និង ការរំពឹងទុកនូវការងើបឡើងវិញក្នុងកម្រិតយឺតនៃតម្រូវការសកល – មួយនឹងការបន្ធូរបន្ថយនូវវិធានការរដ្ឋបាលជាដំណាក់ៗ និង ការសម្របខ្លួនទៅនឹង “ គន្លង ប្រក្រតីភាពថ្មី» នៃកិច្ចដំណើរការសង្គម-សេដ្ឋកិច្ច ។ នៅក្នុងឆ្នាំ ២០២២, សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៤,៨% ដោយសារការបន្តងើបឡើងវិញ នៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និង សកល ។ ជាមួយគ្នានេះ, អនុវិស័យអចលនវត្ថុនៅកម្ពុជា ត្រូវបានព្យាករណ៍ថា នឹងងើបឡើងវិញក្នុងកំណើនទាប ២,៤% ក្នុងឆ្នាំ ២០២១ និង ៤,៨% ក្នុងឆ្នាំ ២០២២ ដោយសារការកើនឡើងសន្សឹមៗនលំហូរទុនវិនិយោគពីបរទេស ខណៈការវិនិយោគ និង តម្រូវការក្នុងស្រុកលើវិស័យអចលនវត្ថុដែលមានថ្លៃទាប និង មធ្យម នឹងបន្តរក្សាកំណើនល្អប្រសើរ ។

យ៉ាងណាក៏ដោយ, ឯកឧត្តមសូមគូសបញ្ជាក់ថា ការព្យាករណ៍ទាំងអស់នេះ ស្ថិតក្នុងភាពជាការប៉ាន់ស្មាននៅឡើយ ដោយសារហានិភ័យពីរលកថ្មីនៃការបំប្លែងខ្លួនថ្មីនៃវីរុសកូវីដ-១៩ ដែល មានសភាពកាន់តែកាចសាហាវ នៅតែបន្តជាបញ្ហាប្រឈមសម្រាប់ការអភិវឌ្ឍក្នុងសកលលោក និង តំបន់ ។ ជាក់ស្ដែង, មេរោគបំប្លែងថ្មីនេះ បាននិង កំពុងធ្វើឱ្យប្រទេសមួយចំនួនក្នុងតំបន់អាស៊ី ដែលធ្លាប់តែគ្រប់គ្រងករណីឆ្លងបានល្អ ក្លាយជាតំបន់ក្តៅគគុកនៃការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ។

ទោះបីជាយើងនៅប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ក៏ដោយ, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យល់ថា តំបន់អាស៊ាននឹងនៅតែមានសក្តានុពល និង ដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្តារ និង ជំរុញកំណើនសេដ្ឋកិច្ចឱ្យងើបឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ ជាមួយនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និង បរិយាប័ន្ន ។ ក្នុងបរិកាណ៍នេះ, រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់យកនូវ ទស្សនវិជ្ជានៃការខិតខំប្រែក្លាយវិបត្តិចំពោះមុខ ឱ្យទៅជាកាលានុវត្តភាព សម្រាប់ជំរុញកិច្ចការ កែទម្រង់ឱ្យកាន់តែស៊ីជម្រៅ សំដៅកសាងប្រព័ន្ធសេដ្ឋកិច្ច និង សង្គម ឱ្យកាន់តែរឹងមាំ និង មានភាពធន់ទៅនឹងវិបត្តិនាអនាគត ។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកំពុងរៀបចំដាក់ចេញ ក្នុងពេលឆាប់ៗខាងមុខនូវ «ក្របខ័ណ្ឌយុទ្ធសាស្ត្រ និង កម្មវិធីស្តារ និង ជំរុញកំណើនសេដ្ឋកិច្ច កម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣» ក្នុងគោលបំណង ជំរុញកំណើនសេដ្ឋកិច្ចឱ្យងើបឡើងវិញ ខិតទៅជិតកំណើនជាសក្តានុពល

ប្រកបដោយចីរភាព, ភាពធន់ និង បរិយាប័ន្ន តាមរយៈការលើកកម្ពស់ភាពប្រកួតប្រជែង និង ជំរុញការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច ជាពិសេស លើមូលដ្ឋានឧស្សាហកម្មរឹងមាំ ដែលមាន សមត្ថភាពនាំចេញខ្ពស់ និង ផ្សារភ្ជាប់កាន់តែខ្លាំងក្លាជាមួយខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និង ពិភពលោក ។ ក្របខណ្ឌយុទ្ធសាស្ត្រនេះ នឹងពឹងផ្អែកលើសរសរស្តម្ភចំនួន ៣ ឬ 3Rs រួមមាន៖ (១). ការស្ដា (Recovery) ដែលផ្តោតលើការស្ដារឡើងវិញនូវវិស័យសំខាន់ៗ ជាជន្ទល់ទ្រទ្រង់ កំណើនសេដ្ឋកិច្ច នៅមុនវិបត្តិជំងឺកូវីដ-១៩; (២). ការកែទម្រង់ (Reform) ដែលផ្តោតលើការ បន្តកិច្ចការកែទម្រង់សំខាន់ៗជារចនាសម្ព័ន្ធ រួមមានជាអាទិ៍ ការបើកទីផ្សារតាមរយៈការ ពង្រីកការចូលរួមក្នុងបណ្ដាញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគី និង ពហុភាគីការធ្វើ ឱ្យប្រសើរឡើងនូវបរិយាកាសសម្រាប់ការវិនិយោគ, ការសម្រួលពាណិជ្ជកម្ម និង ការផ្តល់សេវាកាន់តែប្រសើរឡើងសម្រាប់សកម្មភាពធុរកិច្ច; និង (៣). ការពង្រឹងភាពធន់ (Resiliency) ដែលផ្តោតលើការអភិវឌ្ឍថាមពលបៃតង, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឆ្លើយតប នឹងការផ្លាស់ប្តូរ អាកាសធាតុ, ការជំរុញការអភិវឌ្ឍឌីជីថលូបនីកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ច, ការអភិវឌ្ឍជំនាញ ព្រមទាំងការពង្រឹងការត្រៀមខ្លួនឆ្លើយតបទៅនឹងវិបត្តិនានា ឬ ស្ថានភាព ស្រដៀងគ្នា ដែលអាច ផ្ទុះឡើងនាអនាគត, ទាំងក្នុងទិដ្ឋភាពសង្គម និង សេដ្ឋកិច្ច ។

ដោយឡែក, ដើម្បីសម្របខ្លួនទៅនឹងនិន្នាការថ្មីៗ និង ឆ្លើយតបទៅនឹងតម្រូវការចាំ បាច់ជាក់ស្ដែងចំពោះមុខ, រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយ និង អនុវត្ត កិច្ចការកែទម្រង់ស្ថាប័នមួយចំនួនទៀត រួមមានជាអាទិ៍ : (១). ក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដែលផ្តោតលើការបង្កើនល្បឿន ឌីជីថលលូប នីយកម្ម និង បរិវត្តកម្មឌីជីថល សំដៅទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការ- វិវឌ្ឍយ៉ាង លឿននៃបច្ចេកវិទ្យានេះ; និង (២). ច្បាប់ស្តីពីការរៀបចំ និង ការប្រព្រឹត្តនៅនៃ អាជ្ញាធរសេវា ហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីបង្កើតអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលមានតួនាទី និង ភារកិច្ចគ្រប់គ្រង និង ត្រួតពិនិត្យ លើវិស័យធានារ៉ាប់រង និង សោធនឯកជន, វិស័យមូលបត , វិស័យ សន្តិសុខសង្គម, វិស័យបរធនបាលកិច្ច, វិស័យ គណនេយ្យ និង សវនកម្ម, និង វិស័យអចលនវត្ថុ និង បញ្ចាំ, ក្នុងគោលដៅពង្រឹង និង ពង្រីក វិសាលភាពនៃការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ មិនមែនធនាគារ ឱ្យក្លាយជាសរសរស្តម្ភដ៏រឹងមាំ សម្រាប់គាំទ្រដល់ការជំរុញកំណើនសេដ្ឋកិច្ច ៕រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×