Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមបាតុករសូឡូម៉ុង មានទំនោរប្រឆាំងនឹងប្រទេសចិន ដុតបំផ្លាញឆាយណាថោន និងសភា

spot_img

រាជធានី Honiara ៖ ក្រុមបាតុកររាប់ពាន់នាក់ បានចេញមកតាមដងផ្លូវ ហើយដុតបំផ្លាញឆាយណាថោន ដោយសារខឹងសម្បានឹងរដ្ឋាភិបាលសូឡូម៉ុង បានកាត់ផ្ដាច់ទំនាក់ទំនងចំណងការទូតជាមួយនឹងកោះតៃវ៉ាន់ ងាកទៅទទួលស្គាល់ទំនាក់ទំនងជាផ្លូវការជាមួយចិន។

សារព័ត៌មាន The Nation Thailand បានចេញផ្សាយ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ថា ប្រជាបលរដ្ឋរស់នៅកោះសូឡូម៉ុង បានផ្ទុះធ្វើកុបកម្មដុតបំផ្លាញទីក្រុងចិន ឬឆាយណាថោន។ អំពើហិង្សានេះ បានផ្ទុះឡើង ក្រោយពេលរដ្ឋាភិបាលទីក្រុង Honiara កាលពីឆ្នាំ២០១៩ បានសម្រេចកាត់ផ្ដាច់ចំណងទំនាក់ទំនងការទូតជាមួយនឹងកោះតៃវ៉ាន់ ហើយងាកទៅរកប្រទេសចិនតែមួយ។

រហូតមកដល់ពេលនេះ អូស្រ្ដាលី កំពុងតែដាក់ពង្រាយប៉ូលិស និង កងទ័ពរបស់ខ្លួន ដើម្បីជួយដល់អាជ្ញាធរកោះសូឡូម៉ុង (Solomon) ទប់ស្កាត់អំពើកុបកម្ម។ នៅពេលនេះ ថ្វីដ្បិតតែអាជ្ញាធរដែនកោះនេះ បានបង្ខំបិទទីក្រុង រយៈពេល៣៦ម៉ោងក្ដី ប៉ុន្ដែអំពើហិង្សា នៅតែបន្ដឈានដល់ថ្ងៃទី២ នៅក្នុងរាជធានី Honiara គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា។

បណ្ដាញផ្សព្វផ្សាយ បានរាយការណ៍ថា ក្រុមបាតុករ មកពីកោះ Malaita ដែលមានប្រជាពលរដ្ឋដ៏ច្រើនបំផុតរបស់ប្រទេសដែនកោះមួយនេះ បានធ្វើដំណើរទៅកាន់រាជធានី Honiara ដើម្បីធ្វើបាតុកម្ម។ ក្រុមបាតុករ បានផ្ទុះកំហឹង ជុំវិញបញ្ហាជាច្រើន នៅក្នុងប្រទេស រួមទាំង ការសន្យាលើការកសាងហេដ្ឋារចនាសម្ព័ន្ធមិនប្រាកដប្រជា។ ជាមួយគ្នានេះ ពួកគេក៏បានទាមទារឲ្យលោក Manasseh Sogavare នាយករដ្ឋមន្រ្ដីសូឡូម៉ុង ចុះចេញពីតំណែង។

មន្រ្ដីប៉ូលិសភូមិន្ទសូឡូម៉ុង បានបញ្ជាក់ថា ក្រុមបាតុករ ចន្លោះពី២ ០០០នាក់ – ៣ ០០០នាក់ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញមកតាមដងផ្លូវ ហើយដុតបំផ្លាញអគារ និង ហាងជាច្រើន នៅភាគខាងកើត រាជធានី Honiara ។ រីឯក្រុមអ្នកតវ៉ា បានតម្រង់គោលដៅទៅលើទីក្រុងចិន ឬ ឆាយណាថោន។ ទោះជាយ៉ាងណា ក្នុងអំពើកុបកម្មនេះ អាជ្ញាធរ បានចាប់ខ្លួនក្រុមអ្នកតវ៉ា ចំនួន៣៦នាក់។

ការតវ៉ាបានផ្ទុះឡើង កាលពីល្ងាច ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ចំពេលរដ្ឋសភា បានបន្តឡើងវិញ ជុំវិញការការមិនបានឆ្លើយតបរបស់នាយករដ្ឋមន្ត្រី ចំពោះញត្តិរបស់ពលរដ្ឋ ដែលបានដាក់ កាលពីខែសីហា រួមទាំង ការទាមទារឱ្យរដ្ឋាភិបាលគោរពសិទ្ធិ ចំពោះការសម្រេចចិត្តដោយខ្លួនឯងរបស់ប្រជាជនកោះ Malaita ដើម្បីកំណត់ អំពីទំនាក់ទំនងជាមួយប្រទេសចិន និង ដើម្បីបន្តគម្រោងអភិវឌ្ឍន៍ នៅលើ Malaita ។

ការដុតបំផ្លាញអគារជាច្រើន នៅក្នុងរាជធានី Honiara នៃប្រទេសសូឡូម៉ូង (Solomon) នេះ បានកើតឡើង កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ដែលជាថ្ងៃទី២ នៃកុបកម្មរបស់ពលរដ្ឋ នៅក្នុងប្រទេសដែនកោះមួយនេះ។ សកម្មភាពរបស់ប្រជាលរដ្ឋ កំពុងតែគំរាមកំហែងដល់រដ្ឋាភិបាល នៅតំបន់ប៉ាស៊ីហ្វិកមួយនេះ ហើយពួកគេបានបង្ហាញពីទំនោរ ប្រឆាំងនឹងប្រទេសចិន។

លោក Scott Morrison នាយករដ្ឋមន្រ្ដីអូស្រ្ដាលី បានប្រាប់ដល់ក្រុមអ្នករាយការណ៍ព័ត៌មាន កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ថា កម្លាំងប៉ូលិសសហព័ន្ធន៍អូស្រ្ដាលី បានដាក់ពង្រាយ នៅលើកោះសូឡូម៉ុង តាមសំណើរបស់រដ្ឋាភិបាល នៃប្រទេសនេះ។ អូស្រ្ដាលីទៅកាន់ទីនោះ ដើម្បីជួយរក្សាស្ថិរភាព និង សន្ដិសុខ។

សូមបញ្ជាក់ថា កោះសូឡូម៉ុង ប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលមានព្រះមហាក្សត្រិយានី Elizabeth II គ្រងរាជសម្បត្ដិ។ ចំណែករដ្ឋាភិបាល ដឹកនាំដោយ លោក David Vunagi អគ្គទេសាភិបាល និង លោក Manasseh Sogavare នាយករដ្ឋមន្រ្ដី។ ប្រទេសនៅលើកោះ ស្ថិតក្នុងមហាសមុទ្រប៉ាស៊ីហ្វិកមួយនេះ មានប្រជាពលរដ្ឋ សរុប ជាង ៦៥២ ០០០នាក់ ហើយប្រាក់ចំណូលជាមធ្យមប្រចាំឆ្នាំរបស់ពលរដ្ឋ ជាមធ្យមចំនួន ២ ៣០៧ដុល្លារ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×