Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកតំណាងរាស្ត្រ​៖ បើកចំហ​សិទ្ធិសេរីភាព​ខាង​ជំនឿ​សាសនា តាមរយៈ​គោលនយោបាយ របស់​រដ្ឋាភិបាល​

spot_img

តាកែវ​៖ អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ បាន​ថ្លែងថា ឈរ​លើ​មូលដ្ឋាន​សុខ​សន្តិភាព​ពេញលេញ​ក្នុង​ផ្ទៃ​អាណាចក្រ​កម្ពុជា​មាន​ឱកាស​ច្រើន​សម្រាប់​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាក់ស្តែង ការបើកចំហ​សិទ្ធិសេរីភាព​ខាង​ជំនឿ​សាសនា តាមរយៈ​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក សុខ សូ​កាន អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ បាន​ថ្លែង​កាលពី ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០១៨ ពិធី​សម្ពោធ​កាត់​ខ្សែបូ សាលា​ធម្មសភា កុដិ ហោ​ត្រ័យ ក្លោងទ្វារ ចាក់សាប ជួសជុល​ព្រះវិហារ និង​សមិទ្ធផល​នានា​នៅក្នុង​វត្ត​ឧទុម្ពរ ។​

​លោក សុខ សូ​កាន បាន​លើកឡើង​ថា មាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រមុខ​ដឹកនាំ បាន​ធ្វើឲ្យ​វិស័យ​សាសនា​នៅ​កម្ពុជា​មាន​ការរីកចម្រើន​សម្បូរ​បែប​គួរឲ្យកត់សម្គាល់ និង​មាន​សុខដុម​នីយកម្ម​សាសនា​គួរ​ជាទី​មោទន និយាយ​ជា​រួម និង​និយាយ​ដោយឡែក ពុទ្ធ​សាសនា​មាន​ការរីកចម្រើន​ឥតឈប់ឈរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដែល​ចំនួន​វត្ត​អារាម​មាន​ការកើនឡើង​ជា​លំដាប់​រហូតដល់​ជាង​៤០០០​វត្ត​នៅ​ទូទាំង​ប្រទេស ដែល​ផ្ទុយស្រឡះ​ពី​ការដឹកនាំ​ក្នុង​របប​វាលពិឃាត ប៉ុល ពត ដែល​វិស័យ​សាសនា​បាន​ធ្លាក់​ចុះ​ដល់​ចំនុច​សូន្យ ហើយ​វត្ត​អារាម ព្រះវិហារ​ត្រូវបាន​បំផ្លិចបំផ្លាញ​ស្ទើរ​ទាំងស្រុង​។​

​ក្នុង​មតិ​សំណេះសំណាល លោក​សុខ សូ​កាន បាន​រំលឹក​ពី​អនុស្សាវរីយ៍ និង​ដឹងគុណ​យ៉ាងខ្លាំង​ចំពោះ​ពុទ្ធសាសនា​ដែល​បាន​អប់រំ និង​ផ្តល់​ចំណេះដឹង​ជា​ច្រើន​ដល់​រូបលោក​ផ្ទាល់​ក៏​ដូចជា​ឳ​ពុក​របស់លោក សម្តេច​វិបុល​បញ្ញា សុខ អាន ដែល ធ្លាប់​បាន​បួស​រៀន​និង​ស្នាក់អាស្រ័យ​មួយរយៈ​នៅ​ទី​វត្ត​អារាម​ក្នុង​ស្រុក​គិរីវង់​កន្លងមក​។ បច្ចុប្បន្ន ស្រុក​គិរីវង់​មាន​ការអភិវឌ្ឍ​យ៉ាង​ខ្លាំង ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ ជាពិសេស​ក្នុង​ដំណាក់កាល​នៃ​ការដឹកនាំ​និង​ការចង្អុលបង្ហាញ​របស់ សម្តេច​វិបុល​បញ្ញា សុខ អាន នា​ពេលកន្លងមក ស្រុក​គិរីវង់​ដែលជា​ស្រុកកំណើត​របស់​សម្តេច ទទួល​បាន​សមិទ្ធផល​ធំៗ​ជាច្រើន ដែល​បាន​រួមចំណែក​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ ដូចជា តាមរយៈ​មូលនិធិ​គ្រូបង្រៀន​បណ្ឌិត​សភា​ចារ្យ សុខ អាន ស្រុក​គិរីវង់ សហគមន៍​កសិកម្ម និង​សមិទ្ធផល​ជា​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ជា​ច្រើន​ទៀត រួមមាន វត្ត​អារាម ស្ពាន ថ្នល់ ប្រឡាយទឹក សាលារៀន ជាដើម​។​

​ដោយ​មើលឃើញ​ពី​សារសំខាន់​នៃ​ទំនាក់ទំនង​រវាង​ពុទ្ធចក្រ និង​អាណាចក្រ លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា ផ្នែក​ពុទ្ធចក្រ និង​ផ្នែក​អាណាចក្រ​ដែលមាន​ក្រុម​ការងារ​ឃុំ​សោម អាជ្ញាធរ​មូលដ្ឋាន​ស្រុក​គិរីវង់ និង​ពុទ្ធបរិស័ទ​ទាំងអស់ នឹង​បន្ត​រួម​សហការ​គាំទ្រ​គ្នា​ទៅវិញទៅមក ដើម្បី​ថែរក្សា​សមិទ្ធផល​ដែល​មាន​ស្រាប់ និង​បន្ត​កសាង​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត​ដើម្បី​ជា​ប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន ព្រោះ​អាណាចក្រ​ក៏​ទទួលបាន​ផលប្រយោជន៍​ផងដែរ នៅពេល​ពុទ្ធចក្រ​មាន​ការរីកចម្រើន តួយ៉ាង វត្ត​អារាម​ដែល​ជា​អត្តសញ្ញាណ​ជាតិខ្មែរ គឺ​ជា​ទីកន្លែង​សក្ការៈ​សម្រាប់ លោកតា លោកយាយ សុំ​សីល និង​ជា​មជ្ឈមណ្ឌល​សហគមន៍ ដែល​ផ្សព្វផ្សាយ វប្បធម៌ ចំណេះដឹង ទំនៀមទម្លាប់ ប្រពៃណី និង​អប់រំ​មនុស្ស​ឲ្យធ្វើ​អំពើ​ល្អ​ប្រកបដោយ​សីលធម៌​និង​សុជីវធម៌ ជាដើម​។​

​លោក បាន​បន្តថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​អស់​រយៈពេល​ជាង​៣​ទ​ស វត្សរ៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទេស​កម្ពុជា​មាន​ភាព​ម្ចាស់ការ​ពេញលេញ​ក្នុង​ការដឹកនាំ​ជោគវាសនា​ដ៏​ប្រពៃ​របស់​ខ្លួន​ដើម្បី​ស្វែងរក​សន្តិភាព វឌ្ឍនភាព និង​សេចក្តីថ្លៃថ្នូរ​ជូន​ប្រជាជន​ខ្មែរ​គ្រប់រូប​ពោល​គឺ កម្ពុជា​មាន​សន្តិភាព​ពេញលេញ មាន​ឯករាជ្យភាព មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ និង​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ​។​

​លោក អ្នកតំណាងរាស្ត្រ​បាន​សំណូមពរ​ដល់​លោកតា លោកយាយ ប្រជាពលរដ្ឋ ក៏​ដូច​ជា​ពុទ្ធបរិស័ទ​ទាំងអស់ ឲ្យ​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល តាមរយៈ​ការចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ដើម្បី​បន្ត​ថែរក្សា​សន្តិភាព និង​ការរីកចំរើន​ដែល​កំពុង​កើត​មាន​សព្វ​ថ្ងៃ​ទាំង​ក្នុង​ផែ្ន​ក​ពុទ្ធចក្រ​និង​អាណាចក្រ និង​ដើម្បី​អនាគត​កូនចៅ​ជំនាន់​ក្រោយ​របស់​កម្ពុជា​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×